(ភ្នំពេញ)៖ ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម លោក ថាច់ សេដ្ឋា ត្រូវបានក្រុមហ៊ុនបញ្ជាំមួយ ដាក់ពាក្យបណ្តឹងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅដើមខែមេសានេះ ដោយប្តឹងពីបទឆបោក លើករណីលួចយកប្លង់ទ្រព្យសម្បត្តិរបស់សមាគមកម្ពុជាក្រោម ដាក់បញ្ចាំដើម្បីខ្ចីប្រាក់ចំនួន៣៣,៤០០ដុល្លារ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។

លោក ហាយ វណ្ណរិន តំណាងក្រុមហ៊ុន បានដាក់ពាក្យបណ្តឹងទៅកាន់ព្រះរាជអាជ្ញា នៃស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយបានបញ្ជាក់ថា «សុំប្តឹងពីឈ្មោះ ថាច់ សេដ្ឋា ភេទប្រុស អាយុ៦៥ឆ្នាំ កាន់អត្តសញ្ញាណប័ណ្ណលេខ ០១០០០៨៤២៩ មានទីលំនៅផ្ទះលេខ១០៦ ក្រុម១៤ ភូមិក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពីបទឆបោក ប្រព្រឹត្តចាប់ពីអំឡុងឆ្នាំ២០១៦ រហូតដល់បច្ចុប្បន្ន តាមបញ្ញត្តិមាត្រា ២៧៨ នៃក្រមព្រហ្មទណ្ឌ»

មូលហេតុដែលលោក ហាយ វណ្ណរិន តំណាងក្រុមហ៊ុន បានដាក់ពាក្យប្ដឹងលោក ថាច់ សេដ្ឋា បានរៀបរាប់ថា៖ អំឡុងខែធ្នូ ឆ្នាំ២០១៥ ឈ្មោះ ថាច់ សេដ្ឋា បានស្នើសុំខ្ចីប្រាក់ពីក្រុមហ៊ុនខ្ញុំបាទ ចំនួន៣៣,៤០០ (បីម៉ឺនបីពាន់បួន) ដុល្លារ ដើម្បីប្រើប្រាស់ផ្ទាល់ខ្លួន និងបានអះអាងថា ខ្លួនមានដី និងផ្ទះចំនួន៥កន្លែង ដើម្បីបញ្ចាំធានាបំណុលនេះ។

ក្រោយមកនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៦ ក្រុមហ៊ុនក៏បានបង្កើតកិច្ចសន្យាខ្ចីប្រាក់ ជាមួយនឹងឈ្មោះ ថាច់ សេដ្ឋា និងបានធ្វើកិច្ចសន្យាបង្កើតហ៊ឺប៉ូតែកលើដី និងផ្ទះចំនួន៥កន្លែង ដែលមានវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ ១២០៧០៥០៩-២៤៧៨ មានដីទំហំ ៥៧ម៉ែត្រការ៉េ, លេខ១២០៧០៥០៩-២៤៧៦ មានដីទំហំ ៥៧ម៉ែត្រការ៉េ, លេខ១២០៧០៥០៩-២៥១១ មានដីទំហំ ៥៨ម៉ែត្រការ៉េ, លេខ១២០៧០៥០៩-២៥០៩ មានដីទំហំ ៨៩ម៉ែត្រការ៉េ, លេខ១២០៧០៥០៩-២៤៧៧ មានដីទំហំ ៥៧ម៉ែត្រការ៉េ និងលេខ១២០៧០៥០៩-២៥១០ មានដីទំហំ ៥៥ម៉ែត្រការ៉េ ចុះនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០០៨ ចេញដោយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង និងសុរិយាដី រាជធានីភ្នំពេញ មានទីតាំងស្ថិតនៅភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្នុងពេលខ្ចីប្រាក់ក្រុមហ៊ុនខ្ញុំបាទ ឈ្មោះ ថាច់ សេដ្ឋា បានអះអាងថា អចលនវត្ថុទាំង៥ខាងលើ គឺជាកម្មសិទ្ធិស្របច្បាប់របស់ខ្លួន មិនមានពាក់ព័ន្ធជាមួយ នឹងតតិយជនណាមួយ រួមទាំងទាយាទរបស់ខ្លួនឯង ឬពាក់ព័ន្ធនឹងបំណុលណាមួយនោះទេ។ ហេតុដូច្នេះទើបក្រុមហ៊ុនខ្ញុំបាទ មានការជឿទុកចិត្ត និងបានប្រគល់ប្រាក់ចំនួន ៣៣,៤០០ដុល្លារ ឲ្យទៅឈ្មោះ ថាច់ សេដ្ឋា​។ តែក្រោយមកទើបខ្ញុំដឹងថា អចលនវត្ថុទាំង៥ទីតាំងខាងលើនេះ គឺជាទ្រព្យសម្បត្តិរបស់សហគមន៍ខ្មែរកម្ពុជាក្រោម ដែលត្រូវបានឈ្មោះ ថាច់ សេដ្ឋា លួចយកមកដាក់បញ្ចាំធានាបំណុលផ្ទាល់ខ្លួនទៅវិញ។ ក្រុមហ៊ុនសុំប្តឹងឈ្មោះ ថាច់ សេដ្ឋា សំណូមពរឲ្យតុលាការផ្តន្ទាទោសតាមច្បាប់ និងសងជំងឺចិត្តចំនួន៥៣៤០០ដុល្លារសហរដ្ឋអាមេរិក។

តាមប្រភពព័ត៌មានពីសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨ ជនរងគ្រោះម្នាក់បានដាក់ពាក្យប្ដឹងអតីតតំណាងរាស្រ្ដ និងសមាជិកព្រឺទ្ធសភារបស់គណបក្សប្រឆាំង លោក ថាច់ សេដ្ឋា ពីបទ «ឆបោក» តាមរយៈការយកប្លង់ដីរបស់សមាគមន៍ខ្មែរកម្ពុជាក្រោមមកបញ្ចាំ ដោយធានាអះអាងថា ជាដី និងផ្ទះរបស់ខ្លួន ហើយយកមកបញ្ចាំ ដើម្បីធានាបំណុលផ្ទាល់ខ្លួន មានប្រាក់ដើមចំនួន ៣៣៤០០ដុល្លារអាមេរិក។

តាមប្រភពព័ត៌មានដដែលបានបញ្ជាក់ទៀតថា លោក ថាច់ សេដ្ឋា ជាអតីតស្ថាបនិកគណបក្សប្រឆាំងរូបនេះ ក៏បានចេញសែកអត់លុយចំនួន ប៉ុន្មានសន្លឹកទៀតឲ្យជនរងគ្រោះផងដែរ។

គួរបញ្ជាក់ថា លោក ថាច់ សេដ្ឋា គឺជាអតីតស្ថាបនិកមួយរូបនៃគណបក្សប្រឆាំង ចាប់តាំងពីឆ្នាំ១៩៩៥មកហើយក៏ជាអតីតតំណាងរាស្ដ្រនៅមណ្ឌលរាជធានីភ្នំពេញ និងខេត្តក្រចេះក្នុងឆ្នាំ១៩៩៨ ព្រមទាំងធ្លាប់ត្រូវបានជ្រើសតាំងជាសមាជិកព្រឺទ្ធសភា, សមាជិគគណៈកម្មាធិការអចិន្ដ្រៃយ៍របស់គណបក្សសង្គ្រោះជាតិ និងបច្ចុប្បន្នជាប្រធានសមាគមន៍ខ្មែរកម្ពុជាក្រោម។

តាមរយៈពាក្យបណ្ដឹងរបស់ជនរងគ្រោះនេះបង្ហាញថា បុគ្គលនេះមិនមានភាពសុចរិត និងជាជនបោកប្រាស់ ដោយយកទ្រព្យសម្បត្តិរបស់សមាគមន៍ខ្មែរកម្ពុជាក្រោម ប្រើប្រាស់ជាប្រយោជន៍ផ្ទាល់ខ្លួន ហើយឆបោកប្រាក់របស់ជនរងគ្រោះ ជាង ៣ម៉ឺនដុល្លារអាមេរិក។ ហេតុដូច្នេះរង់ចាំមើលថា តើតុលាការ និងសមាគមន៍ខ្មែរកម្ពុជាក្រោម នឹងចាត់វិធានការបែបណាចំពោះករណីលោកប្រធានសមាគមន៍លួចយកប្លង់ដីដាក់បញ្ចាំនេះ?