(កំពង់ចាម)៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាល និងបំពាក់មេដាយការពារជាតិ ជូនអតីតយុទ្ធជន ក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម សរុប​៣០៨​នាក់​​។

ក្នុងនោះក៏មានការចូលរួមពី ​លោក កៅ សុខអាន អភិបាលរង​ខេត្តកំពង់ចាម និងថ្នាក់ដឹកនាំ មន្ដ្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

ជាមួយនឹងការផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកបំផុត និងជូនពរឆ្នាំថ្មី ពីសម្តេចតេជោ ហ៊ុន សែន ​និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនអតីតយុទ្ធជន​ទូទាំងខេត្ត នាយឧត្តមសេនីយ គន់ គីម បានលើកឡើង ពីវីរភាពដ៏អង់អាចក្លាហាន និងការលះបង់ឥតស្តាយស្រណោះ របស់អតីតយុទ្ធជនគ្រប់ជំនាន់ ដែលបានធ្វើឲ្យប្រជាជនរស់នៅ ដោយសុខសាន្ត ហើយក្រោមនយោបាយឈ្នះ​ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ធ្វើឲ្យប្រទេសជាតិ ទទួលបានសុខសន្តិភាព ពេញលេញ និងកំពុងមានការអភិវឌ្ឍន៍ជាបន្តបន្ទាប់​ដូចសព្វថ្ងៃ​។

នាយឧត្តមសេនីយ៍ ​គន់ គីម បានគូសបញ្ជាក់ថា «ការបំពាក់មេដាយការពារជាតិ​នាពេលនេះ ជាការផ្តល់កិត្តិយស ឆ្លើយតបយ៉ាងសក្តិសមទៅនឹង គុណបំណាច់ដ៏ធំធេងរបស់វីរអតីតយុទ្ធជន​កម្ពុជា​​ ដែលបានពលី ពិការ ឬបាត់បង់សមត្ថភាពការងារ ដើម្បីបុព្វហេតុការពារជាតិ ការពារមាតុភូមិ និងប្រជាជន»​។

បន្ថែមពីនេះអគ្គលេខាធិការរូបនេះ បានណែនាំ​ថ្នាក់ដឹកនាំសមាគមគ្រប់ថ្នាក់ បន្តយកចិត្តទុកដាក់ ចុះជួបសួរសុខទុក្ខ និងស្វែងយល់ពីសុខភាព ជីវភាព របស់អតីតយុទ្ធជន និងគ្រួសារឲ្យបានជាប្រចាំ ហើយពិនិត្យជួយអន្តរាគមន៍ដោះស្រាយបញ្ហា និងផ្តល់សេវា​ជូនបងប្អូន ឲ្យបានទាន់ពេលវេលា។

យោធិនពិការ ហែម វិបុល អាយុ៥៦​ឆ្នាំ ជាអតីតយុទ្ធជនក្នុងអង្គភាពស៊ើបការយោធាស្រុក ដែលរស់នៅភូមិ​ទួលរកា ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ បានសម្តែងទឹកចិត្តរំភើបរីករាយ ដែលទទួលបានមេដាយថ្នាក់សំរិទ្ធ​នាពេលនេះ ហើយក្នុងនាមអតីតយុទ្ធជនទាំងអស់ សូមគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះសម្តេចទាំងទ្វេ ដែលតែងតែបានផ្តល់កិត្តិយស និងប្រកាសគាំទ្របេក្ខភាពសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីសម្រាប់អាណត្តិទី​៦ និងអាណត្តិបន្តបន្ទាប់ទៀត និងធ្វើជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា​ជារៀងរហូត​៕