(បន្ទាយមានជ័យ)៖ នាព្រឹកថ្ងៃទី២១ ខែមេសា​ ឆ្នាំ២០១៨​នេះ នៅទីស្នាក់គណបក្សប្រជាជនកម្ពុជា ខេត្តបន្ទាយមានជ័យ បានរៀបចំពិធីប្រកាសបញ្ចូលមន្ត្រីគណៈកម្មាធិការ សមាជិក សមាជិការថ្មី ចំនួន១២៥រូប។ ពិធីនេះក៏មានការចូលរួមពីសំណាក់ នាយឧត្តមសេនីយ៍​ សុខ​ ភាព​ អនុប្រធានថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ,​ លោក ឡាយ គឹមលី អនុប្រធានថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ​ លោក ​សួន បវរ​ ប្រធាន​បក្ស​ CPP ខេត្ត​បន្ទាយមានជ័យ, លោកសាន ស៊ានហូ ប្រធានបក្ស CPP ក្រុងប៉ោយប៉ែត។

លោក ​សួន បវរ​ បានលើកឡើង​ថា ​ក្នុង​រយៈពេលជាច្រើន​ឆ្នាំ​កន្លងមកនេះ ក្រោម​ការដឹកនាំរបស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​កម្ពុជា ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ដឹកនាំ ​នាវា​កម្ពុជា មានការ​រីកចម្រើន​ទាំង​ក្នុង​កំរិត​ជាតិ និង​លើ​ឆាក​អន្តរជាតិ ​ដោយបាន​ផ្តោត​សំខាន់​ទៅលើ​វិស័យ​៤​ជា​អាទិភាព​មាន ទឹក ភ្លើង ផ្លូវ និង​មនុស្ស​។

​លោក​ សួន បវរ បាន​បន្ថែមថា «ជាការ​ពិតណាស់​យើងទាំងអស់គ្នា ស្រឡាញ់​សន្តិភាព​ហើយ​សន្តិភាព​នេះ បានមក​ដោយ​លំបាក​បំផុត​ដូច្នេះ យើង​រួមគ្នា​ថែរក្សា​សន្តិភាព នេះ​ឱ្យ​បាន​គង់វង្ស​រហូត​តទៅ មិន​បណ្ដោយឱ្យមាន​អ្នកណាម្នាក់ មក​បំផ្លាញ​នូវ​សន្តិភាព​ដែល​កើតឡើង ពី​នយោបាយ ​«ឈ្នះ​-ឈ្នះ​» របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានជា​ដាច់ខាត​»។

លោក​​ សួន បវរ បានបញ្ជាក់​ប្រាប់ទៅ​សមាជិក​សមាជិការ ​ទាំងអស់​ថា មានតែ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ ដែល​មិនដែល​រត់ចោល​ប្រជាពលរដ្ឋ គឺ​តែងតែ​នៅ​រួមសុខ​រួម​ទុក​នៅ​ជា​មួល​ពលរដ្ឋ ឬ​ឯ​បក្ស​ផ្សេង​មិនដែល​ធ្វើ​អ្វី​សោះ​បានតែ​ថា មិនឃើញ​ធ្វើ​អ្វី​នោះទេ គឺ​តែងតែ​បង្ក​អសន្តិសុខ ញុះញង់​បំពុលសង្គម​ហើយ គណបក្ស​សង្គ្រោះ​ជាតិ ដែល​តុលា​ការរំលាយ​ដោយសារ​មេបក្សរូបនេះ រងការចោទប្រកាន់​ក្បត់ជាតិ​ផងដែរ​។​

លោកប្រធានក៏បាន​អំពាវនាវ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ឃុំ​សង្កាត់-ក្រុង-ស្រុក ត្រូវ​បន្ត​ធ្វើអំពើ​ល្អ​ជាមួយ​ពលរដ្ឋ ​ឱ្យបាន​កាន់តែ​បានល្អ​ប្រសើរ​ថែមទៀត ព្រមទាំង​ត្រូវ​ផ្តល់​សេវាសាធារណៈ​ផ្សេងៗឱ្យបាន​ឆាប់រហ័ស​ និង​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​នូវ​សេវា​មិន​បង់ប្រាក់​ដូចជា សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ អត្តសញ្ញាណ​ប័ណ្ណ សៀវភៅ​គ្រួសារ​ជាដើម ដើម្បីឲ្យពលរដ្ឋ​បានដឹង​យល់​ជ្រួតជ្រាប​ចៀសវាង​មានការ​ថ្នាំងថ្នាក់​ណាមួយ​៕