(រតនគិរី)៖ តាមរយៈកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៧​ និងលើកទិសដៅឆ្នាំបន្តឆ្នាំ២០១៨​ របស់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តរតនគិរី​ នារសៀលថ្ងៃទី២២​ ខែមេសា​ ឆ្នាំ២០១៨នេះ​ ក្រុមការងារយុវជនគណបក្សខេត្ត​ បានប្តេជ្ញាចិត្តខ្ពស់ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦​ ឆ្នាំ២០១៨​ នឹងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា​ សម្រាប់បន្តការដឹកនាំរាជរដ្ឋាភិបាលកម្ពុជា​ ព្រោះគណបក្សប្រជាជនកម្ពុជា បាននាំមកនូវសន្តិភាព​ និងការអភិវឌ្ឍន៍ជូនជាតិ​ និងប្រជាជនកម្ពុជា​។

តាមរយៈផែនការឆ្ពោះទៅរកការបោះឆ្នោតឆ្នាំ២០១៨ខាងមុខនេះ​ យុវជនគណបក្សប្រជាជនកម្ពុជាខេត្តរតនគិរី​ នឹងបន្តគៀគរកម្លាំងយុវជន​ និងពលរដ្ឋឲ្យបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា​ និងចុះផ្សព្វផ្សាយអំពីគោលនយោបាយ​ និងសមិទ្ធផលនានា ដែលជាស្នាដៃជាប្រវត្តិសាស្ត្រមិនអាចបំភ្លេចបាន របស់គណបក្សប្រជាជនកម្ពុជា​ ជូនដល់ប្រជាពលរដ្ឋឲ្យបានទូលំទូលាយ​។

លើកកម្ពស់ការអប់រំយុវជន​ ឲ្យមានស្មារតីស្នេហាជាតិ​ ស្រលាញ់ប្រជាជន​ រួមសាមគ្គីកសាងកម្លាំងការពារជាតិ​ មាតុភូមិឲ្យបានដាច់ខាតពីការប៉ុងប៉ងបំផ្លិចបំផ្លាញកម្ពុជា​ ជាងនេះទៅទៀតប្រឆាំង និងថ្កោលទោសដាច់ខាតនូវទង្វើទណ្ឌិតសម រង្សុី ដែលចុះហត្ថលេខាកាត់ទឹកដីបួនខេត្ត ក្នុងនោះមានខេត្តរតនគិរីផងដែរឲ្យទៅបរទេស ។

ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនខេត្តរតនគិរី​ លោក​ ថង​ សាវុន​ បានជំរុញឲ្យយុវជនគណបក្សយកចិត្តទុកដាក់ពង្រឹងសមត្ថភាពបន្ថែមទៀត ដើម្បីក្លាយខ្លួនជាធនធានប្រកបដោយគុណភាពរបស់គណបក្ស​។

ទន្ទឹមនឹងនោះយុវជនត្រូវមានតួនាទី​ ថែរក្សាឲ្យបាននូវសមិទ្ធិផលរបស់គណបក្ស​ ប្តេជ្ញាការពារគណបក្ស​ ផ្សព្វផ្សាយនូវសមិទ្ធផលថ្មីៗ​ និងសមិទ្ធផលសំខាន់របស់បក្សជូនសាធារណៈជន​ ប្រឆាំងដាច់ខាតរាល់ការប៉ុនប៉ងបំផ្លិចបំផ្លាញជាតិ​ និងការឃោសនាបង្ខូចកិត្តិយសរបស់កម្ពុជា នៅលើឆាកជាតិ​ និងអន្តរជាតិ​ ហើយក្នុងនាមយុវជ​នបក្សប្តេជ្ញាចិត្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា​ និងបន្តគាំទ្របេក្ខភាពសម្តេចតេជោ​ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី សម្រាប់ដឹកនាំប្រទេសបន្តទៅទៀត​៕