(ភ្នំពេញ)៖ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញ បានស៊ើបអង្កេតតាមបង្ក្រាបឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតម៉ូតូ១គ្រឿង ក្រោយពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីអ្នកធ្វើដំណើរតាមផ្លូវបានសម្រេចកាលពី១៧ថ្ងៃមុន។

លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញ បានថ្លែងប្រាប់ភ្នាក់ងារ Fresh News នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨នេះឲ្យដឹងថា ការតាមស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនជនសង្ស័យជាចោរឆក់ទូរស័ព្ទដៃ ខាងលើនេះ បានប្រត្តិបត្តិការឡើងនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង១៧៖០៤នាទី នៅចំណុចក្នុងមជ្ឈមណ្ឌលកោះពេជ្រ នាសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ពាក់ពន្ធ័បទល្មើស អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរសព្ទ័ដៃ១គ្រឿងម៉ាកសាំសុង ពណ៌ស) ពីជនរងគ្រោះម្នាក់ រហូតបានសម្រេច តែពុំបានដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងសាឡាងនោះឡើយ កាលពីយប់ថ្ងៃទី៥ ខែមេសាកន្លងទៅ «ពោលកាលពី១៧ថ្ងៃមុន» ប្រព្រឹត្តនៅចំណុចខាងមុខហាងបោកអ៊ុតយីហោឡៃហ៍ស្មាយ ផ្ទះលេខ៩ ផ្លូវលេខ៦៦៤ ក្រុមទី៦ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាលដដែល បានបញ្ជាក់ថា ជនសង្ស័យឃាត់ខ្លួនបានមានឈ្មោះ មឿង ចន្ទ័រ៉ាវុទ្ធ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបររត់តុនៅហាងម៉ាស្ទ័រសូគីស៊ុប ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ក្នុងភូមិភ្នាត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដោយចាប់យកវត្ថុតាងមានម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១២ មានលេខតួ-លេខម៉ាស៊ីន៨៤៨០២១២ ពាក់ស្លាកលេខ ភ្នំពេញ ១AP-២៦៦២ ជាមធ្យោបាយជិះធ្វើសកម្មភាពរបស់ជនសង្ស័យផងដែរ។

បច្ចុប្បន្នជនសង្ស័យជាចោរឆក់ រួមជាមួយវត្ថុតាង ត្រូវបានកម្លាំងការិយាល័យជុំនាញកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូង រាជធានីភ្នំពេញ ដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់៕