(ព្រះសីហនុ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨នេះអញ្ជើញជាអធិបតីសម្ពោធបើកឲ្យដំណើរការជាផ្លូវការ សណ្ឋាគារលំដាប់ផ្កាយ៥ «ដឹរ៉ូយ៉ាល់ សេន កោះរ៉ុង» ស្ថិតភូមិសុខសាន្ដ សង្កាត់កោះរ៉ុង ខេត្តព្រះសីហនុ។

សណ្ឋាគារផ្កាយ៥ដំបូងគេបង្អស់ «ដឹរ៉ូយ៉ាល់ សេន កោះរ៉ុង» (The Royal Sands Koh Rong) នៃក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ា គិត ម៉េង ដែលកំពុងមានវត្តមាននៅលើទឹកដីកោះរ៉ុង ក្នុងខេត្តព្រះសីហនុ បង្ហាញអំពីសក្ដានុពលនៃវិស័យទេសចរណ៍របស់ប្រទេសកម្ពុជា និងការអភិវឌ្ឍន៍នៃសេវាកម្មទេសចរណ៍នៅលើទឹកដីប៉ែកនិរតី នៃតំបន់សមុទ្រនេះ។

សំណង់សណ្ឋាគារ «ដឹរ៉ូយ៉ាល់ សេន កោះរ៉ុង» សាងសង់លើផ្ទៃដី ៦ហិចតា នៅលើឆ្នេរដ៍ស្រស់ស្អាតបំផុតរបស់កោះរ៉ុង ៧គីឡូម៉ែត្រ ដែលមានសាងសង់៦៧វីឡាទំនើបៗ ដែលក្នុងនោះក៏មាន៣០វីឡា មានអាងហែលទឹកផ្ទាល់ខ្លួន។ វីឡាទាំងអស់នេះ គឺមានលក្ខណៈឯកជនដែលភ្ញៀវទទួលបានផាសុខភាព និងសុខដុម្មនីអំឡុងពេលស្នាក់នៅ។

លក្ខណៈពិសេសរបស់សណ្ឋាគារ «ដឹរ៉ូយ៉ាល់ សេន កោះរ៉ុង» គឺសង់នៅទិសខាងលិច ដែលផ្ដល់ភាពរ៉ូម៉ែនទិចដល់ភ្ញៀវទេសចរ អាចមើលឃើញព្រះអាទិត្យ លិចសន្សឹមៗចាំងពន្លឺព្រិចៗ ចូលក្នុងទឹកសមុទ្រ។ បើនិយាយអំពីសំណង់អគារ គឺសង់នៅទីតាំងដែលផ្សាភ្ជាប់នឹង ទេសភាពស្រស់ត្រកាល ដោយសណ្ឋាគារបែរមុខទៅសមុទ្រ និងខាងក្រោយបែរទៅភ្នំ ដែលជាទីតាំងដ៏ល្អ ដូច្នេះភ្ញៀវដែលមកស្នាក់នៅអាចរីករាយនឹងសម្រស់ធម្មជាតិ។

លក្ខណៈពិសេសមួយទៀត របស់សណ្ឋាគារ គឺសេវាកម្មទូកទេសចរណ៍ VIP ដែលដឹកអ្នកដំណើរមានភាពឆាប់រហ័ស សុវត្ថិភាព និងផាសុខភាពក្នុងការធ្វើដំណើរពីកំពង់ផែក្រុងព្រះសីហនុ មកកាន់កោះរ៉ុង ដែលត្រឹមតែ៦០នាទីប៉ុណ្ណោះ។

លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ ធ្លាប់បានបញ្ជាក់ថា សណ្ឋាគារលំដាប់ផ្កាយ៥នេះ នឹងចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ជំរុញសេដ្ឋកិច្ចក្នុងមូលដ្ឋាន និងបង្កើតការងារធ្វើសម្រាប់ពលរដ្ឋកម្ពុជា ក្នុងមូលដ្ឋាន ហើយការវិនិយោគលើរមណីយដ្ឋានទេសចរណ៍កោះរ៉ុង ដ៏ទាក់ទាញនេះ បាននិងកំពុងក្លាយជាផ្នែកមួយយ៉ាងសំខាន់ សម្រាប់តំបន់ឆ្នេរសមុទ្រកម្ពុជា៕​