(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨នេះ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា បានយាងជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត បើកសម័យប្រជុំដំបូងនីតិកាលទី៤ ព្រឹទ្ធសភា។

ការបើកសម័យប្រជុំលើកដំបូង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះមហាក្សត្រ នៃកម្ពុជា ក៏មានការចូលរួមពីឥស្សរជនកំពូលៗ របស់កម្ពុជារួមមាន៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា, សម្តេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ព្រមទាំងមន្រ្តីជាន់ខ្ពស់ និងអង្គទូតនាផងដែរ។

នៅវេលាម៉ោងជិត៩៖៣០នាទីព្រឹកថ្ងៃដដែលនេះ សម័យប្រជុំដំបូងនីតិកាលទី៤ នៃព្រឹទ្ធសភា ត្រូវបានបញ្ចប់ ហើយអង្គព្រះមហាក្សត្រ ទ្រង់បានយាងតាមព្រះទីនាំងរថយន្ត ឆ្ពោះទៅព្រះបរមរាជវាំង វិញផងដែរ។

ខាងក្រោមនេះ ជាកម្មវិធីលម្អិត នៃសម័យប្រជុំដំបូងនីតិកាលទី៤ របស់ព្រឹទ្ធសភា៖

* គោរពភ្លេងជាតិ នៃព្រះរាជាណាចក្រកម្ពុជា
* ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងព្រះរាជសុន្ទរកថា ទៅកាន់សម័យប្រជុំដំបូងព្រឹទ្ធសភា នីតិកាលទី៤
* ពិធីថតរូបអនុស្សាវរីយ៍ នៅខាងមុខអាគារក្រហមព្រឹទ្ធសភា
* ព្រះរាជដំណើរយាងនិវត្តន៍របស់ព្រះមហាក្សត្រ និងដំណើរវិលត្រឡប់របស់ភ្ញៀវកិត្តិយសជាតិ និងអង្គទូត
* សម្រាក
* សម័យប្រជុំដំបូងព្រឹទ្ធសភា នីតិកាលទី៤ ដឹកនាំដោយប្រធានបណ្តោះអាសន្នព្រឹទ្ធសភា
* ប្រធានបណ្តោះអាសន្នព្រឹទ្ធសភា និងលេខាធិការ ចំនួន៥រូប អញ្ជើញមកកាន់អាសនៈដើម្បីដឹកនាំសម័យប្រជុំដំបូងព្រឹទ្ធសភា នីតិកាលទី៤
* ប្រធានបណ្តោះអាសន្នព្រឹទ្ធសភា ប្រកាសសុពលភាព នៃអាណត្តិរបស់សមាជិកព្រឹទ្ធសភានីមួយៗ នីតិកាលទី៤
* ដំណើរការបោះឆ្នោតជ្រើសរើសប្រធាន អនុប្រធានទី១ និងអនុប្រធានទី២ ព្រឹទ្ធសភា នីតិកាលទី៤
* ប្រធានបណ្តោះអាសន្នព្រឹទ្ធសភា អញ្ជើញប្រធាន អនុប្រធានទី១ អនុប្រធានទី២ព្រឹទ្ធសភាឡើងទៅកាន់អាសនៈ
* ប្រធានព្រឹទ្ធសភាជាប់ឆ្នោតថ្មី នីតិកាលទី៤ ថ្លែងសុន្ទរកថា អរគុណទៅកាន់អង្គព្រឹទ្ធសភា

* ពេលរសៀល
ម៉ោង១៥៖០០នាទី៖ សមាជិក សមាជិកព្រឹទ្ធសភា យាង-អញ្ជើញដល់អគារក្រហមព្រឹទ្ធសភា
ម៉ោង១៥៖១០នាទី៖ អនុប្រធានទី១ អនុប្រធានទី២ព្រឹទ្ធសភា អញ្ជើញដល់អគារក្រហមព្រឹទ្ធសភា
ម៉ោង១៥៖១៥នាទី៖ ប្រធានព្រឹទ្ធសភា អញ្ជើញដល់អគារក្រហមព្រឹទ្ធសភា
ម៉ោង១៥៖២៥នាទី៖ ថ្នាក់ដឹកនាំ និងសមាជិក​ សមាជិកព្រឹទ្ធសភា អញ្ជើញចេញដំណើរពីអគារក្រហមព្រឹទ្ធសភា ឆ្ពោះទៅកាន់ព្រះបរមរាជវាំង
ម៉ោង១៥៖៤០នាទី៖ អញ្ជើញដល់ព្រះបរមរាជវាំង
ម៉ោង១៦៖០០នាទី៖ ពិធីសច្ចាប្រណិធាន៕