(ភ្នំពេញ)៖ ការកាច់មេ និងការបន្ទំស្រាបៀរកម្ពុជា ដើម្បីទទួលបានស្រាបៀរ ដែលមានជាតិអេតាណុល ឬជាតិអាកុល ទឹករងូទទួលបាន ពីផ្នែកស្ងោរត្រូវដាក់ឲ្យមេស្រាបៀរ ឬYeasts ធ្វើការបម្លែង ដែលគេហៅដំណើរការនេះថា «ការកាច់មេ»។

គោលបំណងកាច់មេហ្នឹង គឺឲ្យមេស៊ីជាតិស្ករនៅក្នុងទឹករងូហ្នឹង ឲ្យបម្លែងទៅជាអេតាណុល CO2 និងថាមពល ហើយបើអត់ធ្វើការកាច់មេ អត់ដាក់មេចូលក្នុងទឹករងូទេ អញ្ចឹងធ្វើឲ្យបៀរអត់ទៅជាបៀរបានទេ ជាទឹករងូនៅតែទឹករងូដដែលហ្នឹង។

មេស្រាបៀរជាពពួកឯកកោសិកា គ្មានភេទញីភេទឈ្មោល និងមានទំហំតូច មិនអាចមើលឃើញនឹងភ្នែកទទេបានទេ វាមានរាងស្រដៀងនឹងគ្រាប់ត្រសក់ តែមានពកតូចមួយនៅពីលើ។ មេស្រាបៀរស៊ីជាតិស្ករនៅក្នុងទឹករងូ ដែលបានមកពីការលាយរវាងស្រូវសាលីកិន និងទឹក ធ្វើឲ្យកូនពកពង្រីកខ្លួនធំបន្តិចម្ដងៗរហូតប៉ុននឹងខ្លួនវា ហើយផ្ដាច់ចេញបានជាកោសិកាមួយផ្សេងទៀត។ ទន្ទឹងនឹងការស៊ីជាតិស្ករនេះ វាបានបម្លែងទឹករងូជាជាតិអាកុល ឧស្ម័នកាបូនិច និងថាមពលកម្ដៅ។

ដើម្បីអាចធ្វើការកាច់មេបាន ទឹករងូដែលបញ្ជូនពីផ្នែកស្ងោរ ត្រូវបញ្ចុះសីតុណ្ហភាពមកត្រឹម៨អង្សាសេសិន ទើបមេសាបៀរអាចរស់បាន។ ក្រោយពេលកាច់មេបានជាទឹកស្រាបៀរ ទឹកស្រាបៀរនឹងឆ្លងដំណាក់កាលមួយទៀតគឺការបន្ទំ។ ក្នុងដំណាក់កាលបន្ទំស្រាបៀរនេះ កម្ដៅក្នុងធុងត្រូវបានបញ្ចុះរហូតដល់សូន្យអង្សាសេ។ រាប់ចាប់ពីពេលបញ្ចូលទឹករងូមកកាន់ធុងកាច់មេ រហូតដល់បានស្រាបៀរ អាចច្រោះទទួលទាន់បាន គឺប្រើរយៈពេលពីបីសប្ដាហ៍។

រសជាតិស្រាបៀរឆ្ងាញ់ ឬមិនឆ្ងាញ់គឺនៅពេលបន្ទំហ្នឹងហើយ។ បើបន្ទំអត់ត្រូវតាមលក្ខណៈបច្ចេកទេសរបស់វា Yeasts យើងខ្សោយធ្វើការមិនល្អ ហើយយើងបញ្ចុះសីតុណ្ហភាពបន្ទំហ្នឹងអត់បានដល់សូន្យ ហើយយើងប្រញាប់ សូន្យបានមួយថ្ងៃ ឬពីរថ្ងៃ យកមកច្រោះ គឺថាស្រាបៀរហ្នឹងអត់សូវមានគុណភាព វាអត់ឈ្ងុយល្អ អត់មានរសជាតិ។

ស្រាបៀរកម្ពុជា បានកំណត់រូបមន្ដផលិតស្រាបៀរ តាមស្ដង់ដារមួយ ដោយការប្រើវត្ថុធាតុដើមដូចគ្នា រយៈពេលផលិតដូចគ្នា និងរបៀបនៃការផលិតដូចគ្នា ទើបធ្វើឲ្យស្រាបៀរកម្ពុជា មានរសជាតិតែមួយ។

ថាមពលកម្ដៅដែលទទួលបានពីការកាច់មេ និងបន្ទំត្រូវបានយកទៅប្រើប្រាស់ឡើងវិញ។ ចំណែកឧស្ម័នកាបូនិចត្រូវបានយកទៅបន្សុទ្ធ ដើម្បីយកមកប្រើប្រាស់ឡើងវិញដូចគ្នា។
រោងចក្រស្រាបៀរកម្ពុជា បាននាំធុងកាច់មេ និងបន្ទំស្រាបៀរហ្នឹងមកពីប្រទេសអឺរ៉ុប ពិសេសប្រទេសអាល្លឺម៉ង់ ហើយលក្ខណៈធុងមក ពីប្រទេសអាល្លឺម៉ង់មានគុណភាពល្អ ធ្វើពីអ៊ីណុក មិនច្រែះស៊ី ហើយប្រើបានយូរ។

ការបញ្ជូនទឹករងូទៅកាច់មេ ការបញ្ជូនទឹកស្រាបៀរទៅច្រោះ ឬការបញ្ជាដំណើរការការកាច់មេ និងបន្ទំ សុទ្ធតែធ្វើតាមប្រព័ន្ធកុំព្យូទ័រដោយស្វ័យប្រវត្តិទាំងអស់។ រាល់ការបញ្ចប់ការកាច់មេ និងបន្ទំម្ដងៗ ធុងកាច់មេ និងបន្ទំដ៏ទំនើបនេះ នឹងធ្វើការលាងសម្អាតដោយស្វ័យប្រវត្តិ មុននឹងធ្វើការកាច់មេ និងបន្ទំជាថ្មីម្ដងទៀត៕