(កំពង់ឆ្នាំង)៖ ក្នុងឱកាសប្រារព្ធពិធីក្រុងពលី បើកការដ្ឋានស្តារទំនប់អាងទឹកឈ្វាំងស្ថិតនៅក្នុងភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ លោកបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានជួយខេត្តកំពង់ឆ្នាំង បានបញ្ជាក់ ថាទំនប់អាងទឹកឈ្វាំងមិនត្រឹមតែបានស្តុកទឹកទុក សម្រាប់ផ្គត់ផ្គង់ការប្រើប្រាស់ និងស្រោចស្រពដំណាំស្រូវប៉ុណ្ណោះទេ តែថែមទាំងនឹងអាចក្លាយទៅជារមនីយដ្ឋានសម្រាប់ប្រជាពលរដ្ឋមកកំសាន្តផងដែរ។

រដ្ឋមន្ដ្រីបន្ដថា ទំនប់អាងទឹកឈ្វាំងនេះ ជាទីតាំងប្រវត្តិសាស្រ្តមួយនៃខេត្តកំពង់ឆ្នាំង ហេតុនេះហើយទើបរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ក្នុងការថែរក្សា និងតំកល់ទុកជាសម្បត្តិសាធារណៈរបស់រដ្ឋ។ នៅឆ្នាំ២០០៤ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជា បានផ្តល់ម៉ាស៊ីនខ្នាតធំ ដើម្បីបូមទឹក ចេញពីទំនប់អាងទឹកឈ្វាំងនេះ ដើម្បីស្រោចស្រព សង្គ្រោះដំណាំស្រូវរបស់ប្រជាពលរដ្ឋ នៅក្នុងឃុំចំនួន៤ គឺឃុំរលាប្អៀរ ឃុំអណ្ដូងស្នាយ ឃុំគោកបន្ទាយ និងឃុំជ្រៃបាក់ ប្រមាណជាង២,០០០គ្រួសារ ដែលកំពុងជួបគ្រោះរាំងស្ងួត។ នៅឆ្នាំ២០១០ ក្រុមការងារសម្តេចឪ បានស្តារអាងនេះម្តងទៀត ចំនួន២លើក នៅផ្នែកខាងលិច និងខាងកើត ដើម្បីស្តុកទឹកទុកឲ្យបានកាន់តែច្រើនថែមទៀត។ បច្ចុប្បន្នទំនប់អាងទឹកឈ្វាំងមានទំហំ៣២ហិកតា ក្នុងនោះក្រសួងអភិវឌ្ឍន៍ជនបទ បានកសាងផ្លូវព័ទ្ធជុំវិញរួចហើយ ដើម្បីងាយស្រួលក្នុងការធ្វើដំណើរ។

រដ្ឋមន្ត្រីបានបន្តទៀតថា «ថ្ងៃនេះយើងទាំងអស់គ្នា បានប្រារព្ធពិធីក្រុងពលី ដើម្បីសុំម្ចាស់ទឹកម្ចាស់ដី បើកការដ្ឋាន ស្តារអាងទឹកឈ្វាំងនេះឲ្យមានជម្រៅកាន់តែជ្រៅ អនុវត្តដោយក្រុមហ៊ុនCNNC ជាជំនួយសប្បុរសជីកស្រះទឹកជនបទមិត្តភាព កម្ពុជា-ចិន»

ក្នុងឱកាសសំណេះសំណាលនេះដែរ លោកបានជម្រាបជូនប្រជាពលរដ្ឋ អំពីតម្លៃនៃសុខសន្តិភាពដែលបានមកពីការខិតខំប្រឹងប្រែងដ៏លំបាករបស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងបានអំពាវនាវឲ្យប្រជាពលរដ្ឋរួមគ្នាថែរក្សាសុខសន្តិភាពនេះតទៅទៀតដើម្បីបន្តអភិវឌ្ឍន៍ប្រទេសជាតិ ព្រមទាំងបានរំលឹកឲ្យប្រជាពលរដ្ឋ ត្រៀមលក្ខណៈដើម្បីទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ដែល នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០១៨ ខាងមុខនេះ ៕