(ព្រះសីហនុ)៖ សណ្ឋាគារលំដាប់ផ្កាយ៥ ដំបូងគេបង្អស់ «ដឹរ៉ូយ៉ាល់ សេន កោះរ៉ុង-The Royal Sands Koh Rong» របស់អ្នកឧកញ៉ា គិត ម៉េង ដែលវិនិយោគ​ទឹកប្រាក់ជាង៤០លានដុល្លារអាមេរិក នៅលើទឹកដីកោះរ៉ុង ស្ថិតនៅភូមិសុខសាន្ដ សង្កាត់កោះរ៉ុង ខេត្តព្រះសីហនុ បានបើកសម្ពោធដាក់ឲ្យដំណើរការ នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨នេះ។

សណ្ឋាគារលំដាប់ផ្កាយ៥ ដំបូងគេបង្អស់ «ដឹរ៉ូយ៉ាល់ សេន កោះរ៉ុង» ត្រូវសម្ពោធបើកឲ្យដំណើរការជាផ្លូវការ ក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងមានការអញ្ជើញចូលរួមពីមន្ដ្រីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលជាច្រើនរូប។ សណ្ឋាគារនេះ បង្ហាញអំពីសក្ដានុពល នៃវិស័យទេសចរណ៍ របស់ប្រទេសកម្ពុជា និងការអភិវឌ្ឍន៍នៃសេវាកម្ម ទេសចរណ៍នៅលើទឹកដីប៉ែកនិរតី នៃតំបន់សមុទ្រនេះ។

ថ្លែងក្នុងឱកាសបើកសម្ពោធជាផ្លូវការសណ្ឋាគារលំដាប់ផ្កាយ៥នេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សម្ដេចមានសេចក្តីរីករាយ ដែលបានអញ្ជើញមកកាន់កោះរ៉ុង ជាលើកទី១នេះ និងមោទនភាពចំពោះការវិនិយោគ សណ្ឋាគារលំដាប់ផ្កាយ ៥ ដើម្បីបំពេញសេចក្តីត្រូវការ និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ សម្ដេចថ្លែងថា សម្តេចធ្លាប់ទៅកាន់កោះតែមួយប៉ុណ្ណោះ គឺកោះទន្សាយ រីឯភ្នំគូលែន គិរីរម្យ សម្តេចមិនធ្លាប់ទៅទេ​ តាំងពីដើមរៀងមក ទើបតែពេលនេះ មកកាន់កោះរ៉ុង។

នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងអរគុណចំពោះក្រុមហ៊ុនអ្នកឧកញ៉ា គិត ម៉េង ដែលបានសហការជាមួយដៃគូបរទេស ចូលរួមអភិវឌ្ឍន៍កោះរ៉ុង ឲ្យមានសោភ័ណភាព និងទាក់ទាញទេសចរកាន់តែច្រើនឡើង។ សម្តេចតេជោ ក៏បានជូនពរបងប្អូនប្រជាពលរដ្ឋនៅទីនេះ សូមជួបប្រទះតែសេចក្តីសុខចម្រើនគ្រប់ៗគ្នា។

សម្តេចតេជោ ហ៊ុន សែន បានផ្តល់នូវអនុសាសន៍ ដល់ក្រសួងជំនាញពាក់ព័ន្ឋទាំងអស់ គឺមិនឲ្យក្រុមហ៊ុនវិនិយោគសាងសង់ខ្ពស់ជាង៣ជាន់ឡើយ នៅតាមឆ្នេរកោះ ហើយសម្តេចតេជោ សង្ឃឹមថានឹងមានកោះជាច្រើនទៀតរបស់កម្ពុជា នឹងការអភិវឌ្ឍន៍ដូចកោះរ៉ុងនេះដែរ។

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានថ្លែងបញ្ជាក់ថា កោះរ៉ុង និងកោះដទៃទៀត នៅក្នុងប្រទេសកម្ពុជា គឺជាកោះរបស់រដ្ឋ មិនមែនជារបស់ឯកជននោះ។ ប៉ុន្តែរាជរដ្ឋាភិបាល បានប្រគល់សិទ្ធិឲ្យអភិវឌ្ឍន៍ ទៅឲ្យក្រុមហ៊ុនឯកជន ក្នុងការវិនិយោគជាតំបន់ទេចរណ៍ ទៅតាមរយៈពេល នៃការវិនិយោគដែលបានកំណត់។

ថ្លែងក្នុងឱកាសនោះដែរ លោក លូហ្ស៊ី ម៉ាតហ្ស៊ិក នាយកក្រុមហ៊ុន The Royal Sands Koh Rong បានឲ្យដឹងថា ក្រុមហ៊ុបានធ្វើការវិនិយោគ ក្នុងទឹកប្រាក់ចំនួន៤០លានដុល្លារ ក្នុងការសាងសង់សណ្ឋាគារផ្កាយប្រាំ ដឹ រ៉ូយ៉ាល់សេនកោះរ៉ុង សំរាប់ដំណាក់កាលទី១នេះ។

នាយកក្រុមហ៊ុនរូបនេះបានបន្ថែមថា សំរាប់ដំណាក់កាលបន្ទាប់ ក្រុមហ៊ុននឹងវិនិយោគសាងសង់រមណីយដ្ឋានសណ្ឋាគារ លំដាប់ស្តង់ដាអន្តរជាតិ ជាបន្តបន្ទាប់ទៀត ព្រោះចង់អភិវឌ្ឍទីកន្លែងកោះរ៉ុង ឲ្យក្លាយទៅជាកោះប្រវត្តិសាស្រ្ត ទុកជាគំរូសំរាប់ប្រជាជនកម្ពុជា និងប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

សូមជម្រាបថា សំណង់សណ្ឋាគារ «ដឹរ៉ូយ៉ាល់ សេន កោះរ៉ុង» សាងសង់លើផ្ទៃដី៦ហិចតា នៅលើឆ្នេរដ៍ស្រស់ស្អាតបំផុត របស់កោះរ៉ុង៧គីឡូម៉ែត្រ ដែលមានសាងសង់៦៧វីឡាទំនើបៗ ដែលក្នុងនោះក៏មាន៣០វីឡា មានអាងហែលទឹកផ្ទាល់ខ្លួន។ វីឡាទាំងអស់នេះ គឺមានលក្ខណៈឯកជនដែលភ្ញៀវទទួលបានផាសុខភាព និងសុខដុម្មនីអំឡុងពេលស្នាក់នៅ។

លក្ខណៈពិសេសរបស់សណ្ឋាគារ «ដឹរ៉ូយ៉ាល់ សេន កោះរ៉ុង» គឺសង់នៅទិសខាងលិច ដែលផ្ដល់ភាពរ៉ូម៉ែនទិចដល់ភ្ញៀវទេសចរ អាចមើលឃើញព្រះអាទិត្យ លិចសន្សឹមៗចាំងពន្លឺព្រិចៗ ចូលក្នុងទឹកសមុទ្រ។

បើនិយាយអំពីសំណង់អគារ គឺសង់នៅទីតាំងដែលផ្សាភ្ជាប់នឹង ទេសភាពស្រស់ត្រកាល ដោយសណ្ឋាគារបែរមុខទៅសមុទ្រ និងខាងក្រោយបែរទៅភ្នំ ដែលជាទីតាំងដ៏ល្អ ដូច្នេះភ្ញៀវ ដែលមកស្នាក់នៅអាចរីករាយ នឹងសម្រស់ធម្មជាតិ។

លក្ខណៈពិសេសមួយទៀត របស់សណ្ឋាគារ គឺសេវាកម្មទូកទេសចរណ៍ VIP ដែលដឹកអ្នកដំណើរមានភាពឆាប់រហ័ស សុវត្ថិភាព និងផាសុខភាពក្នុងការធ្វើដំណើរ ពីកំពង់ផែក្រ៉ុងព្រះសីហនុ មកកាន់កោះរ៉ុង ដែលត្រឹមតែ៦០នាទីប៉ុណ្ណោះ។

លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ ធ្លាប់បានបញ្ជាក់ថា សណ្ឋាគារលំដាប់ផ្កាយ៥នេះ នឹងចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ជំរុញសេដ្ឋកិច្ចក្នុងមូលដ្ឋាន និងបង្កើតការងារធ្វើសម្រាប់ពលរដ្ឋកម្ពុជា ក្នុងមូលដ្ឋាន ហើយការវិនិយោគលើរមណីយដ្ឋានទេសចរណ៍កោះរ៉ុង ដ៏ទាក់ទាញនេះ បាននិងកំពុងក្លាយជាផ្នែកមួយយ៉ាងសំខាន់ សម្រាប់តំបន់ឆ្នេរសមុទ្រកម្ពុជា៕