(ព្រះសីហនុ)៖ ថ្លែងពីទឹកដីកោះរ៉ុង ខេត្តព្រះសីហនុ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវដកហូតសិទ្ធិវិនិយោគពីក្រុមហ៊ុនទាំងឡាយណា ដែលទទួលបានសិទ្ធិអភិវឌ្ឍន៍តំបន់ទេសចរណ៍ណាមួយហើយ បែរជាមិនព្រមធ្វើសកម្មភាពអភិវឌ្ឍន៍ចេញជាដុំកំភួនអ្វីសោះ ក្នុងនោះសម្ដេចបានបញ្ជាឲ្យដកហូតយកកោះទន្សាយ នៅខេត្តកែប មុនគេជាបន្ទាន់។

សម្ដេចតេជោ ហ៊ុន សែន ចេញចំណាត់ការយ៉ាងដាច់ណាត់ដូច្នេះ ត្រូវបានធ្វើឡើងក្នុងពិធីសម្ពោធបើកឲ្យដំណើរការជាផ្លូវការ នូវសណ្ឋាគារលំដាប់ផ្កាយ៥ «ដឹរ៉ូយ៉ាល់ សេន កោះរ៉ុង» នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ ស្ថិតភូមិសុខសាន្ដ សង្កាត់កោះរ៉ុង ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងនូវការរិះគន់ថា មានក្រុមហ៊ុនវិនិយោគមួយចំនួន ទទួលបានសិទ្ធិអភិវឌ្ឍន៍នៅតំបន់ទេសចរណ៍ អស់រយៈពេលរាប់សិបឆ្នាំហើយ បែរជាគិតតែលក់គម្រោងបន្ត ដោយមិនបានអនុវត្តគម្រោងអភិវឌ្ឍន៍អ្វីសោះ ពិសេសតាមបណ្ដាកោះមួយចំនួននៅក្នុងដែនសមុទ្រកម្ពុជា។

ត្រង់ចំណុចនេះ ប្រមុខរាជរដ្ឋាភិបាល បានបញ្ជាក់យ៉ាងដាច់ខាតថា សម្ដេចមិនអនុញ្ញាតឲ្យក្រុមហ៊ុនទាំងនោះលក់គម្រោងបន្តទៀតឡើយ ព្រោះនេះជាបទល្មើសខុសច្បាប់ នាំទៅដល់ការជាប់ទោសទណ្ឌ ជាប់ពន្ធនាគារថែមទៀតផង។ មិនតែប៉ុណ្ណោះ សម្ដេចក៏បានបញ្ជាឲ្យស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវសើរើឡើងវិញ និងពិនិត្យចំពោះការចុះហត្ថលេខាលើគម្រោងអភិវឌ្ឍន៍តំបន់ទេសចរណ៍នានា ឲ្យបានច្បាស់លាស់ តួយ៉ាងដូចជាករណីកោះទន្សាយ ខេត្តកែបជាដើម។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «កោះទន្សាយនៅតែទន្សាយ ដកមុនគេ ដកកោះទន្សាយហ្នឹងហ្មង ខ្ញុំបញ្ជាឲ្យដកកោះទន្សាយ ត្រូវពិនិត្យមើលកោះទន្សាយ, កោះទន្សាយឲ្យដូចជាបីក្រុមហ៊ុន? បីក្រុមហ៊ុនអត់ធ្វើអីទាំងអស់ រួចហើយស៊ីដាច់ប្រាក់កក់ទៀត កុំសូវពេក ល្មមដល់ពេលហើយ»

លើសពីនេះសម្ដេចតេជោ ហ៊ុន សែន ក៏បានបន្តទៀតថា ខណៈដែលក្រុមហ៊ុនវិនិយោគមួយចំនួន ទទួលបានសិទ្ធិវិនិយោគហើយ បែរជាមិនព្រមអភិវឌ្ឍន៍តំបន់ទេសចរណ៍ របស់ខ្លួននោះ ក៏មានអ្នកវិនិយោគមួយចំនួនដែលមានលុយគ្រប់គ្រាន់ក្នុងការវិនិយោគ តែបែរជាគ្មានកន្លែងវិនិយោគទៅវិញ។ ត្រង់បញ្ហានេះ សម្ដេចតេជោបានបញ្ជាឲ្យមន្ត្រី និងស្ថាប័នមានសមត្ថកិច្ច ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ត្រូវពិនិត្យមើលឲ្យបានហ្មត់ចត់ឡើងវិញ៕