(ព្រះសីហនុ)៖ នាយករដ្ឋមន្ដ្រីនៃកម្ពុជា សម្ដេចតេជោ​ ហ៊ុន សែន បានប្រកាសយ៉ាងខ្លាំងៗថា មិនដាក់រដ្ឋមន្ដ្រីអសកម្មមួយចំនួន ដែលធ្វើការមិនរីកចម្រើន និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋមិនបានលទ្ធផលល្អ ​ក្នុងជួររដ្ឋាភិបាលថ្មី នៅអាណត្តិក្រោយនេះ ពោលក្រោយការបោះឆ្នោតតំណាងរាស្ដ្រនីតិកាលទី៦ ខែកក្កដា ឆ្នាំ២០១៨។

ថ្លែងចេញពីកោះកណ្ដាលសមុទ្រដ៏ធំល្វឹងល្វើយ​លើដែន​ទឹក ​ខេត្តព្រះសីហនុ ក្នុងឱកាសអញ្ជើញសម្ពោធបើកឲ្យដំណើរការជាផ្លូវការ សណ្ឋាគារលំដាប់ផ្កាយ៥ «ដឹរ៉ូយ៉ាល់ សេន កោះរ៉ុង» នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨នេះ សម្ដេចតេជោ ហ៊ុន សែន បានកត់សម្គាល់ឃើញថា រដ្ឋមន្ដ្រីមួយចំនួន ​តែងតែបន្ដទម្លាក់ការងារមកនាយករដ្ឋមន្ដ្រីដដែល គ្មានដំណោះស្រាយពិតបា្រកដ ហើយចាំតែបញ្ជារបស់សម្ដេច។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងខ្លាំងថា «កន្លងទៅគាត់ឆ្លាតណាស់ គាត់ឆ្លាតមែនទែន បើដំឡូងក្ដៅគាត់អត់បោះឲ្យយើងនោះទេ ព្រោះគាត់ស៊ីបាន ប៉ុន្ដែបើដុំថ្មក្តៅ គាត់បោះទៅនាយករដ្ឋមន្ដ្រី ឲ្យនាយករដ្ឋមន្ដ្រីកាន់ លូវចាំទៅអត់ទេ លោកឯងបោះមកខ្ញុំបោះទៅវិញ ហើយមិនត្រឹមតែបោះទៅវិញទេ រៀបចំរដ្ឋាភិបាលក្រោយគ្មានវត្តមានរបស់អស់លោកនោះទេ»។​

​នាយករដ្ឋមន្ដ្រីដ៏មានឥទ្ធិពលរបស់កម្ពុជា បានសង្កត់ធ្ងន់ថា ច្បាប់បានកំណត់អស់រួចហើយថា ការងារអ្វីខ្លះឲ្យរដ្ឋមន្ដ្រីធ្វើ ឲ្យរដ្ឋមន្ដ្រីមានចំណាត់ការ តែរដ្ឋមន្ដ្រីមួយចំនួនមិនធ្វើនោះទេ ពោលបោះដុំថ្មក្ដៅមកនាយករដ្ឋមន្ដ្រីដដែល ដូច្នេះ​បើអ្វីៗទាំងអស់​ចាំបាច់តែនាយករដ្ឋមន្រ្តីដោះស្រាយនោះ មិនបាច់ចាំមានរដ្ឋមន្រ្តីតាមក្រសួងទេ​។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក៏ធ្លាប់បានលើកឡើងថា ​ក្រសួងមានសិទ្ធិដោះស្រាយបញ្ហាផ្សេងៗនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដែលបានកំណត់ដោយច្បាប់ ដូច្នេះហើយការអ្វីក៏ដោយប្រសិនបើដោះស្រាយនៅនឹងកន្លែងបានដោះស្រាយចុះ កុំតែបញ្ជានាយករដ្ឋមន្ដ្រី កុំចាំតែនាយករដ្ឋមន្ដ្រីស្រែកឲ្យសោះ៕​