(កណ្តាល)៖ តាមសេចក្តីរាយការណ៍ពីសមត្ថកិច្ចនគរបាលខេត្តកណ្តាល បានឲ្យដឹងថា ហាងរំចង់ នៅក្រុងតាខ្មៅ ដែលត្រូវគេរាយការណ៍ថា ធ្លាប់លក់សាច់សត្វព្រៃនោះ បានបិទទ្វារហាងតាំងពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៨មកម្ល៉េះ មិនបានដំណើរការទៀតឡើយ។

មន្រ្តីសមត្ថកិច្ចនគរបាលខេត្តកណ្តាល បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៣​ ខែមេសា ឆ្នាំ២០១៨នេះថា «តាមពិតទៅហាងនេះ ម្ចាស់ហាងបានបិទទ្វារ និងបានបិទស្លាកនៅលើទ្វារអំពីការផ្អាករួចទៅហើយ តាំងពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៨មកម្ល៉េះ មិនបានបើកទៀតទេ»

សេចក្តីជូនដំណឹង ដែលបានបិទនៅលើទ្វារហាង បានសរសេរថា «ហាងរំចង់យើងខ្ញុំ សូមជូនដំណឹងដល់អតិថិជនទាំងអស់ចាប់ពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៨ តទៅ ហាងរំចង់យើងខ្ញុំ នឹងបិទឈប់លក់ជារៀងរហូត»

ម្ចាស់ហាងមួយនេះ ក៏បានបញ្ជាក់ផងដែរថា ដោយសារតែពុំសូវមានភ្ញៀវចូលហូបនោះ នាំឲ្យហាងគ្មានថវិកាគ្រប់គ្រាន់ ដើម្បីផ្តត់ផ្គង់ដល់បុគ្គលិកទើបសម្រេចបិទទ្វារតែម្តង មិនដំណើរការទៀតនោះឡើយ។

ម្ចាស់ហាងរូបនេះ ក៏បានបញ្ជាក់ផងដែរថា ចាប់តាំងពីកម្លាំងសមត្ថកិច្ចដឹកនាំ​ដោយ​លោក ​លឹម សុគ​ន្ថា អតីត​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកណ្ដាល ចុះបង្ក្រាប​កាលពីប៉ុន្មានឆ្នាំមុននោះ លោកបានបង់ថ្លៃផាកពិន័យតាមផ្លូវច្បាប់ត្រឹមត្រូវអស់ហើយ ហើយក្រោយមកលោកបានបង្វែមកលក់សាច់សត្វស្រុកធម្មតា តែអាជីវកម្មមួយមិនកាក់កបក៏សម្រេចបិទហាងតែម្ដង​៕