(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានលើកឡើងថា រាល់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដម្ដងៗ ការវិនិយោគលើ​វិស័យដីធ្លី តែងតែមានបញ្ហាដូចជាជាប់គាំង លក់មិនចេញជាដើម ព្រោះតែអ្នកវិនិយោគទាំងនោះរង់ចាំមើលថា តើគណបក្សណាជាប់ឆ្នោត? ប៉ុន្ដែ​សម្រាប់ឆ្នាំ២០១៨នេះវិញ ការវិនិយោគលើវិស័យដីធ្លីនេះ នឹងមិនមានជាបញ្ហាចោទនោះឡើយ ដោយសារតែប្រជាពលរដ្ឋកម្ពុជាជឿជាក់ថា ឆ្នាំ​នេះ​គណបក្សប្រជជាជនកម្ពុជា នឹងបន្ដឈ្នះឆ្នោត។

ការលើកឡើងបែបនេះរបស់សម្ដេចតេជោ ធ្វើឡើងនាឱកាសដែលសម្ដេច អញ្ជើញជាអធិបតីសម្ពោធបើកឲ្យដំណើរការជាផ្លូវការសណ្ឋាគារលំដាប់ផ្កាយ៥ «ដឹរ៉ូយ៉ាល់ សេន កោះរ៉ុង» ស្ថិតភូមិសុខសាន្ដ សង្កាត់កោះរ៉ុង ខេត្តព្រះសីហនុនៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨នេះ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «ឆ្នាំ២០១៨នេះ អាចចាត់ទុកថាជាឆ្នាំដែលប្លែកខុសពីបណ្ដាឆ្នាំមុនៗ ៥ឆ្នាំម្ដងពោលកាលពីឆ្នាំ​១៩៩៨ មុនការបោះឆ្នោត ការវិនិយោគលើវិស័យដីធ្លីតែងតែ នៅទ្រឹងមិនឡើងថ្លៃ ព្រោះគេរង់ចាំមើលថា តើគណបក្សណាជាប់ឆ្នោត? ប៉ុន្ដែពេល​ដែល​គណបក្សប្រជាជនឈ្នះឆ្នោត ដីឡើងថ្លៃភ្លាម។ មួយវិញទៀតកាលពីឆ្នាំ២០០៣ កំឡុងពេលកាយុទ្ធនាការបោះឆ្នោត មនុស្សម្នានាំគ្នាចេញទៅ​ក្រៅប្រ​ទេស ទាំងនេះក៏ព្រោះតែពួកគេមានការភ័យខ្លាច នៅក្នុងដំណាក់កាលនៃការបោះឆ្នោត...ប៉ុន្ដែនៅពេលដែលលឺថា គណបក្សប្រជាជនឈ្នះហើយនោះ​ ប្រជាពលរដ្ឋនាំគ្នាចូលមកវិញ។ សម្រាប់ឆ្នាំ២០០៨វិញ វិស័យដីធ្លីក៏នៅទ្រឹង ដូចកាលពីឆ្នាំ២០០៣ដែរ ដោយអ្នកវិនិយោគិនទាំងអស់រង់ចាំ​មើល​ថា តើគណបក្សមួយណាជាអ្នកឈ្នះឆ្នោត? នៅពេលលឺថា គណបក្សប្រជាជនឈ្នះឆ្នោតហើយ ដីឡើងថ្លៃគ្រឹបតែម្ដង ក្នុងឆ្នាំ២០១៣ក៏ដូចគ្នាដែរ»

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមទៀតថា «ប៉ុន្ដែសម្រាប់ឆ្នាំ២០១៨នេះវិញ វិស័យដីធ្លីមិនបានធ្លាក់ចុះ ឬនៅទ្រឹងឡើយ ដោយដីបានឡើ​ង​ថ្លៃមុនពេលបោះឆ្នោតទៅទៀត ដោយសារតែគេដឹងច្បាស់ថា ខ្ញុំពិតជានៅកាន់តំណែងជានាយករដ្ឋមន្រ្ដី ក្នុងពេលដែលគណបក្សប្រជាជន បន្ដឈ្នះ​ឆ្នោត​ទាំងនេះជារឿងពិត»

អ្នកជំនាញជាន់ខ្ពស់ក្នុងវិស័យដីធ្លីកម្ពុជា លោកបណ្ឌិត គីម ហ៊ាង ធ្លាប់បានបញ្ជាក់ប្រាប់ Fresh News ថាគ្មានអ្វីគួរឲ្យបារម្ភឡើយសម្រាប់វិស័យដីធ្លីនៅកម្ពុជា ក្នុងឆ្នាំ២០១៨ដែលជាឆ្នាំបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ប៉ុន្តែផ្ទុយទៅវិញ គឺជាឱកាសល្អបំផុត សម្រាប់អ្នករកស៊ីទិញលក់ក្នុងវិស័យដីធ្លី។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជា លោកបណ្ឌិត គីម ហ៊ាង លើកឡើងយ៉ាងដូច្នេះថា ឆ្នាំបោះឆ្នោតជាឱកាសល្អ មានន័យថា ធម្មតានៅពេលដែលជិតនឹងការបោះឆ្នោត មិនមែនតែ ​នៅក្នុងប្រទេសកម្ពុជានោះទេ នៅប្រទេសណាក៏ដោយ នៅពេលដែលជិតបោះឆ្នោត គឺមនុស្សត្រូវការលុយ នៅពេលដែលតម្រូវការលុយ​កើនឡើង ទោះចង់ឬមិនចង់ក៏ត្រូវតែលក់ ដូច្នេះពេលនេះហើយជាពេលមួយ ដែលមានការលក់ច្រើន នៅពេលលក់ច្រើន អ្នកទិញក៏មាន​ជម្រើសច្រើនដូចគ្នា៕