(ភ្នំពេញ)៖ លោក អង្គ វង្ស​ វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការថ្នាក់ជាតិ លើកលែងទោស និងបន្ធូរបន្ថយទោស នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨នេះ បានដឹកនាំកិច្ចប្រជុំគណៈកម្មការថ្នាក់ជាតិពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិត ស្នើសុំបន្ថូរបន្ថយទោស និងលើកលែងទោស សម្រាប់ឱកាសបុណ្យពិសាខបូជា នាពេលខាងមុខនេះ។

បញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ថូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសបុណ្យពិសាខបូជា មានទណ្ឌិតស្នើសុំសរុប២២៨នាក់ (ស្ត្រី១៨នាក់) មកពីពន្ធនាគារចំនួន១៨ និងគណៈកម្មការក្រសួងមហាផ្ទៃ (មណ្ឌលអប់រំកែប្រែចំនួន៤)។

ថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាន នៅក្រោយកិច្ចប្រជុំ លោក សុច សុផាន់ណារ៉ា អគ្គនាយករង នៃអគ្គនាយកដ្ឋាន កិច្ចការអយ្យការ និងព្រហ្មទណ្ឌ ក្រសួងយុត្តិធម៌ បានពន្យល់ថា ចំពោះការស្នើសុំលើកលែងទោស និងបន្ធូរបន្ថយទោស គឺត្រូវអនុវត្តតាមក្រឹត្យច្បាប់លេខ២៨ និងច្បាប់ស្តីពីពន្ធនាគារ ចំពោះទណ្ឌិតទាំងឡាយណាដែលអនុវត្តទោសបាន១/៣ (មួយភាគបី) នៃទោសដាក់ពន្ធនាគារ អាចស្នើសុំបន្ធូរបន្ថយទោស និងអនុវត្តទោសបាន២/៣ (ពីរភាគបី) អាចស្នើសុំលើកលែងទោសបាន។

លោកបានបន្តថា ប៉ុន្តែមិនមែនគ្រប់ទណ្ឌិតដែលអនុវត្តមានលក្ខខណ្ឌខាងលើ សុទ្ធតែត្រូវទទួលការបន្ធូរបន្ថយទោស និងលើកលែងទោសនោះទេ គឺគណៈកម្មការថ្នាក់ជាតិ ដែលដឹកនាំដោយ លោករដ្ឋមន្ត្រី អង្គ វង្សវឌ្ឍនា យកចិត្តទុកដាក់បំផុត ដោយត្រូវពិនិត្យបន្ថែមទៀតទាក់ទងទៅនឹង ការកែប្រែរបស់ទណ្ឌិត នៅក្នុងពន្ធនាគារ ភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ ជាពិសេសសាលក្រម ឬសាលដីកាស្ថាពរ។

លោក សុច សុផាន់ណារ៉ា បានបន្ថែមទៀតថា «អ្វីដែលកែប្រែ គឺជាការកែប្រែអត្តចរិក និងគោរពបទបញ្ជាផ្ទៃក្នុងរបស់ពន្ធនាគារ ហើយយើងពិនិត្យទៅលើទណ្ឌិត ដែលបានអនុវត្តល្អ មានការប្រឡងប្រណាំងក្នុងពន្ធនាគារ ហើយការដាក់ស្នើសុំនេះមិនមែនមានន័យថា ដាក់ភ្លាមទៅដល់គណៈកម្មការថ្នាក់ជាតិនោះទេ គឺមានតាមឋានានុក្រមរបស់គេ មានគណៈកម្មការថ្នាក់ខេត្ត ដែលដឹកនាំដោយលោកអភិបាលខេត្ត តំណាងអយ្យការ និងស្ថាប័នពាក់ព័ន្ធថ្នាក់ខេត្តពិនិត្យដោយល្អិតល្អន់»

លោកបានបញ្ជាក់ទៀតថា ចំពោះការលើកលែងទោស គឺមើលទៅលើ​ទណ្ឌិតណា ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ មានការកែប្រែខ្លួន បានអនុវត្តតាមច្បាប់នៃពន្ធធនាគារ ហើយបទល្មើសគាត់នោះមិន​មានការប៉ះពាល់ខ្លាំងដល់សង្គម។

លោក សុច សុផាន់ណារ៉ា បានបន្តថា «ចំណែកទណ្ឌិតណាដែលមិនកែប្រែ ប្រព្រឹត្តដដែលៗ ឬស្ថិតក្នុងស្ថានភាពមិនរាងចាល ហើយជាពិសេសបទល្មើសណាដែលកាច់សាហាវ ដែលមាន ព្យសនកម្មធ្ងន់ធ្ងរ ទាំងនេះជាអ្វីដែលក្រសួងបានយកចិត្តទុកដាក់ យ៉ាងខ្លាំងចំពោះបញ្ហានេះ ទាមទារពិនិត្យ ពិភាក្សាគ្នាយ៉ាងល្អិតល្អន់ជាទីបំផុត»

លោក សុច សុផាន់ណារ៉ា បានបញ្ជាក់ថា ក្នុងចំណោមទណ្ឌិតសរុបចំនួន២២៨នាក់ នោះមានប្រមាណមិនដល់១០ភាគរយ ជាជនជាតិបរទេស ហើយការលើកលែងទោស លុះត្រាតែបានអនុវត្តទោស២/៣ (ពីរភាគបី) និងការបន្ថូរបន្ថយទោស១/៣ (មួយភាគបី) ស្របទៅតាមក្រឹត្យច្បាប់លេខ២៨ និងច្បាប់ស្តីពីពន្ធនាគារ។ ក្នុងចំណោមទណ្ឌិត២២៨នាក់នោះ គឺពាក់ព័ន្ធនឹងសំណុំរឿងចម្រុះ អំពើឆក់ ប្លន់ លួច រំលោភ ឆបោក ឃាតកម្មជាដើម។

យ៉ាងណាក៏ដោយក្នុងចំណោម២២៨ទណ្ឌិតនោះ មន្ត្រីក្រសួងយុត្តិធម៌រូបនេះ មិនបានបញ្ជាក់ថាមានឈ្មោះមន្រ្តី សកម្មជនដីធ្លី និងសកម្មជនអតីតគណបក្សនយោបាយនោះឡើយ។

សូមជម្រាបជូនផងដែរថា ការបន្ធូរបន្ថយទោស និងលើកលែងទោស គឺសម្រាប់តែទណ្ឌិតណា ដែលគោរពលក្ខខណ្ឌ ដែលមានចែងក្នុងច្បាប់ ហើយទណ្ឌិតអាចស្នើសុំបាន មានតែនៅក្នុងពេលប្រារព្ធ ពិធីបុណ្យប្រពៃណីជាតិសំខាន់ៗ ដូចជា ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ពិធីបុណ្យពិសាខបូជា និងពិធីបុណ្យអុំទូកបណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក តែប៉ុណ្ណោះ។

បើតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ឆ្នាំ២០១៧ កន្លងទៅ ព្រះមហាក្សត្របានបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតសរុបចំនួន១៥៧នាក់ (ស្រី២០នាក់) ដោយក្នុងព្រះរាជពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរចំនួន៧២នាក់ (ស្រី១១នាក់) ពិធីបុណ្យពិសាខបូជា ៣៥នាក់ (ស្រី៤នាក់) និងពិធីបុណ្យអុំទូកបណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក៥០នាក់ ស្រី៥នាក់៕