(កំពង់ចាម)៖ ជារឿងមួយដ៏គួរឲ្យអណោចអធ័ម ស្ដ្រីម្នាក់ត្រូវប្ដីរបស់ខ្លួនយកកាំបិតចាក់បណ្ដាលឲ្យស្លាប់នៅលើផ្ទះ ហើយប្ដីអប្រិយក៏បានរត់គេចខ្លួនតាមក្រោយ ប៉ុន្ដែអកុសលរត់បានត្រឹម២គីឡូម៉ែត្រ ពីកន្លែងកើតហេតុ ក៏ខ្យល់គដួលស្លាប់ភ្លាមៗតែម្តង។

ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង៣ទាបភ្លឺ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨នេះ ស្ថិតក្នុងភូមិអំពិល ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

ស្នងការនគរបាលខេត្តកំពង់ចាម ឧត្តមសេនីយ៍ទោ ឯម កុសល បានឲ្យដឹងថា​ ក្រោយពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងជំនាញរបស់ផែននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការរង សហការជាមួយកម្លាំងនគរបាលមូលដ្ឋាន បានចុះទៅដល់កន្លែងកើតហេតុ និងបង្កើតគណៈកម្មការត្រួតពិនិត្យសាកសពមួយភ្លាមផងដែរ។

បើតាមឧត្តមសេនីយ៍ស្នងការ សាកសពស្ដ្រីជាប្រពន្ធឈ្មោះ ស ស្រីនាង អាយុ៣៥ឆ្នាំ និងបុរសជាប្ដីឈ្មោះ ឡាច ធា អាយុ៣៨ឆ្នាំ។ ឆ្លងតាមការពិនិត្យស្រាវជ្រាវ ស្ដ្រីរងគ្រោះត្រូវបានប្ដីជាអ្នកចាក់សម្លាប់ រួចប្ដីរត់គេចខ្លួន បានចំងាយ២គីឡូម៉ែត្រ ក៏ដួលដាច់ខ្យល់ស្លាប់ខ្លួនឯងតែម្ដង។

លោកស្នងការបញ្ជាក់ថា បុរសជាប្ដីជាមនុស្សមានជំងឺសរសៃប្រសាទលេបថ្នាំផង ផឹកស្រារាល់ថ្ងៃ អត់ហូបបាយប្រហែល៣ថ្ងៃហើយ ជីវភាពក្រីក្រជំពាក់លុយគេច្រើន ឈ្លោះប្រច័ណ្ឌប្រពន្ធសឹងរាល់ថ្ងៃ ទើបបណ្ដាលឲ្យកើតហេតុការណ៍នេះតែម្ដង៕