(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ នៅព្រលប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨នេះ បានចេញមុខថ្កោលទោសយ៉ាងដាច់អហង្កា ចំពោះការក្លែងបន្លំ Facebook របស់កងទ័ព ហើយធ្វើការបំផុស ដើម្បីញុះញង់ ឱ្យមានការបែកបាក់ជាតិ ប្រឆាំងរដ្ឋាភិបាល។

ការប្រតិកម្មរបស់អ្នកនាំពាក្យស្ថាប័នយោធាមួយនេះ បានធ្វើឡើងបន្ទាប់ពីមានជនអនាមិកមួយចំនួន ដែលគេសង្ស័យថា មានសេណា​រីយោច្បាស់លាស់ បានក្លែងបន្លំធ្វើជាគណនី Facebook របស់កងទ័ព តាមរយៈការលួចយករូបកងទ័ពទៅប្រើប្រាស់ ហើយនិយាយវាយប្រហារលើរដ្ឋាភិបាល និងគាំទ្រដល់ចលនាសង្រ្គោះជាតិ ដែលបង្កើតឡើងដោយទណ្ឌិត សម រង្ស៊ី។

លោក ឈុំ សុជាត ចាត់ទុកថា ការធ្វើសកម្មភាពបែបនេះ គឺជាការលាបពណ៌មកលើកងទ័ព។ លោកបញ្ជាក់យ៉ាងដូច្នេះថា៖ «ការលាបពណ៌មកលើកងយោធពលខេមរភូមិនេះ គឺជាអំពើថោកទាប និងដ៏សែនល្ងង់ខ្លៅរបស់ក្រុមក្បត់ជាតិ ដែលបានប្រកាសធ្វើសកម្មភាពមកលើកងទ័ព ក្នុងចេតនាបំផ្លាញដល់ភាពសុខសាន្តរបស់ប្រជាពលរដ្ឋកម្ពុជា ដែលជ្រកក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍជាបន្តបន្ទាប់»

នាយឧត្តមសេនីយ៍ អ្នកនាំពាក្យក្រសួងការពារជាតិ ក៏បានអំពាវនាវដល់ស្ថាប័នមានសមត្ថកិច្ច ឱ្យស្រាវជ្រាវស្វែងរកចាប់ខ្លួនក្រុមជនដែលបន្លំ Facebook របស់កងទ័ព យកមកផ្តន្ទាទោសតាមច្បាប់ ឱ្យបានធ្ងន់ធ្ងរបំផុត។

លោកបានបញ្ជាក់ថា «កងយោធពលខេមរភូមិន្ទ មានការស្មោះត្រង់ និងការពារដាច់ខាតចំពោះរាជរដ្ឋាភិបាលស្របច្បាប់សម្តេចតេជោ ហ៊ុន សែន ដែលបានខិតខំស្វែងរកសន្តិភាពជូនកម្ពុជាយ៉ាងលំបាក ហើយមិនឱ្យជនក្បត់ជាតិ បានសម្រេចបំណងបំផ្លិចបំផ្លាញសន្តិភាពនេះឡើយ»

សូមបញ្ជាក់ថា កាលពីចុងខែមករា ឆ្នាំ២០១៨ កន្លងទៅ ក្នុងពេលប្រកាសចេញនូវចលនាសង្រ្គោះជាតិ នៅសហរដ្ឋអាមេរិក ទណ្ឌិត សម រង្ស៊ី ក៏បានប្រកាសធ្វើចលនាទៅលើកងទ័ព ដើម្បីប្រឆាំងរដ្ឋាភិបាលកម្ពុជា។ ក្រោយការប្រកាសបែបនេះ ក៏មានសកម្មភាពក្លែងបន្លំ Facebook កងទ័ព ហើយវាយប្រហារលើរដ្ឋាភិបាលជាបន្តបន្ទាប់។

ទោះជាយ៉ាងនេះក្តី នាពេលកន្លងទៅ ក្រោយមានប្រកាសបែបនេះ កងទ័ពទាំងអស់ ក៏បានចេញមុខថ្កោលទោសលោក សម រង្ស៊ី ផងដែរ៕