(ភ្នំពេញ)៖ នាឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទវេទិកាម្រេច លើកទី២ ដែលរៀបចំឡើងនៅទីស្តីការក្រសួងពាណិជ្ជកម្ម នៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបង្ហាញសុទិដ្ឋិនិយម ចំពោះស្ថានភាពល្អប្រសើរនៃវិស័យម្រេចកម្ពុជា បើទោះជាមានការប្រែប្រួលតម្លៃ ប៉ុន្តែនៅតែរក្សាបានចំណែកទីផ្សារក្នុងតំបន់ និងពិភពលោក។

លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ថា បច្ចុប្បន្នក្រសួងពាណិជ្ជកម្ម កំពុងសហការជាមួយដៃគូអភិវឌ្ឍន៍ ដើម្បីរៀបចំរចនាសម្ព័ន្ធដឹកនាំ និងបណ្តាញផ្គត់ផ្គង់ច្បាស់លាស់ ជាមួយគោលនយោបាយសមស្រប សំដៅធានាអភិវឌ្ឍន៍វិស័យម្រេចកម្ពុជាប្រកបដោយនិរន្តរភាព ហើយនៅឆ្នាំខាងមុខ វិស័យនេះនឹងកាន់តែរឹងមាំឡើងៗ ប្រហាក់ប្រហែលវិស័យស្រូវ/អង្ករ និងដំឡូងមីដែរ។

ទន្ទឹមគ្នានេះ លោករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ដល់ភាគីពាក់ព័ន្ធ ដើម្បីអភិវឌ្ឍន៍វិស័យម្រេច និងបានសំណូមពរដល់ជំនាញការជាតិ និងអន្តរជាតិ ពន្លឿនការចងក្រងសេចក្តីព្រាងគោលនយោបាយម្រេច ដើម្បីដាក់ឆ្លងគណៈកម្មាការបច្ចេកទេសអន្តរក្រសួង មុនពេលស្នើសុំការអនុម័តពីរាជរដ្ឋាភិបាល។ គោលនយោបាយនោះ នឹងត្រូវផ្កោតលើកិច្ចសម្រួលពាណិជ្ជកម្ម ប្រព័ន្ធកាត់បន្ថយថ្លៃដើមផលិតកម្ម ប្រព័ន្ធឡូជីស្ទីក ជំនួយឥណទាន បច្ចេកទេសដាំដុះថែទាំ និងការកសាងទំនុកចិត្តលើទីផ្សារ រាប់ទាំងប្រព័ន្ធសុវត្ថិភាព គុណភាព ស្លាកសញ្ញា និងនិមិត្តសញ្ញាម្រេចខ្មែរជាដើម។

«ខ្ញុំមានជំនឿថា ប្រសិនបើយើងសហការគ្នាធ្វើកិច្ចការទាំងនេះតាមតួនាទី និងទទួលខុសត្រូវស្ថាប័នរៀងខ្លួន វិស័យម្រេចនឹងមានការរីកចម្រើននាពេលដ៏ខ្លីខាងមុខ» នេះជាការលើកឡើងរបស់ លោក ប៉ាន សូរស័ក្តិ។

សូមបញ្ជាក់ថា ម្រេចគឺជាដំណាំដ៏សក្តានុពលរបស់កម្ពុជា ដែលត្រូវបានក្រសួងពាណិជ្ជកម្ម ដាក់បញ្ចូលនៅក្នុងយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្ម (CTIS) ដើម្បីអភិវឌ្ឍន៍សង្វាក់តម្លៃ និងធ្វើពិពិធកម្មការនាំចេញ។ បច្ចុប្បន្ន ម្រេចត្រូវបានដាំដុះនៅក្នុងខេត្តចំនួន១៩ លើផ្ទៃដីប្រមាណ៦,៦៧៨ហិកតា ហើយផ្តល់ទិន្នផលប្រហែលជាង ២ម៉ឺនតោន ក្នុងមួយឆ្នាំ។

ការរៀបចំវេទិកាម្រេចថ្ងៃនេះ គឺជាដំណាក់កាលថ្មីមួយទៀត នៃការអភិវឌ្ឍវិស័យម្រេច ដើម្បីបម្រើអត្ថប្រយោជន៍តួអង្គពាក់ព័ន្ធ គឺទាំងអ្នកដាំ និងអ្នកទទួលទិញម្រេចពីកសិករ អ្នកកែច្នៃម្រេចនាំចេញ និងអ្នកប្រើប្រាស់ម្រេចជាគ្រឿងទេសទូទៅ៕