(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ សាកលវិទ្យាល័យក្រចេះ នៅខេត្តក្រចេះ។

សាកលវិទ្យាល័យក្រចេះ ត្រូវបានកសាងឡើងក្រោមការបរិច្ចាគ វិភាគទានដ៏ធំធេងខាងផ្នែកហិរញ្ញវត្ថុរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ទៅក្នុងអង្គការមូលនិធិឧត្តមសិក្សាក្រចេះ ព្រមជាមួយនឹងការឧបត្ថម្ភជាហិរញ្ញប្បទាន ឥតសំណងពីសាធារណរដ្ឋប្រជាមានិតចិន ក្នុងក្របខណ្ឌនៃកិច្ចព្រមព្រៀងរវាងសម្តេចតេជោនាយករដ្ឋមន្ត្រី និងលោក ស៊ី ជិនពីង ប្រធានាធិបតី នៃសាធារណរដ្ឋចិន ។

លោក រស់ សាលីន អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា សាកលវិទ្យាល័យក្រចេះនេះ ត្រូវបានប្រារព្វពិធីបញ្ចុះបឋមសិលាសាងសង់នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៤ ហើយសមិទ្ធផលនៅសាកលវិទ្យាល័យដែលកសាងបាននៅពេលនេះមានជារួម ៖ អគារបណ្ណាល័យ ១ខ្នង អគារវិទ្យាស្ថានភាសា និងព័ត៌មានវិទ្យា ១ខ្នង អគារសាកលវិទ្យាធិការដ្ឋាន ១ខ្នង អគារវិទ្យាស្ថានមច្ឆវិទ្យា ១ខ្នង អគារអភិសាល ១ខ្នង អគារសិក្សា ២ខ្នង អគារពិសោធន៍ ២ខ្នង អគាររោងជាង ១ខ្នង អគារអាហារដ្ឋាន ១ខ្នង អគារ ផ្គត់ផ្គង់ទឹកស្អាត និងបណ្តាញចែកចាយអគ្គិសនី ១ខ្នង។

លោក រស់ សាលីន បានបន្តថា ជាជំហានដំបូង សាកលវិទ្យាល័យ នឹងផ្តោតសំខាន់ទៅលើការបណ្តុះបណ្តាលផ្នែកកសិកម្ម (ក្សេត្រវិទ្យា វិទ្យាសាស្រ្តសត្វ បសុពេទ្យ និងមច្ឆវិទ្យា) កសិ-ឧស្សាហកម្ម ទេពកោសល្យជនបទ ភាសាបរទេស និងព័ត៌មានវិទ្យា ដែលអាចនិយាយបានថា ជាផ្នែកមួយលើកកម្ពស់ ការអប់រំវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា។ ការបណ្តុះបណ្តាលនៅក្នុង សាកលវិទ្យាល័យនេះនឹងមានគ្រប់ថ្នាក់ និងកម្រិតចាប់ពីថ្នាក់បរិញ្ញាបត្ររង ឬ ឯកទេស បច្ចេកទេសជាន់ខ្ពស់ បរិញ្ញាបត្រ ឬ វិស្វករ រហូតដល់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង បណ្ឌិតនៅពេលអនាគត តាមរយៈកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យល្បីៗ ក្នុងប្រទេសក្នុងតំបន់ និងអន្តរជាតិ៕