(ភ្នំពេញ)៖ សម្តេច សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា បានចេញសេចក្តីសម្រេចមួយដោយដក លោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ ចេញពីសមាជិកគណបក្សប្រជាជនកម្ពុជា។

សូមបញ្ជាក់ថា លោក ឡាយ វណ្ណៈ និងបងប្រុសរបស់លោក រួមទាំងមនុស្ស២នាក់ទៀត ត្រូវបានតុលាការសម្រេចឃុំខ្លួនដាក់​ពន្ធនាគារជាបណ្តោះអាសន្ន នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨ ក្រោមការចោទប្រកាន់ឃាតកម្ម និងលាក់បាំងតម្រុយ ពាក់ព័ន្ធករណីធ្វើឃាតកម្មលើស្ត្រីឈ្មោះ ចេវ​ សុវឌ្ឍនា ដែលជានារីកំណាន់របស់ លោក ឡាយ វណ្ណៈ នៅក្នុងខេត្តតាកែវ។

ជនត្រូវចោទទាំង៤នាក់ដែលត្រូវបានតុលាការសម្រេចឃុំខ្លួនរួមមាន៖ ទី១៖ លោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ, ទី២៖ លោក ឡាយ ណារិទ្ធ ស្នងការរងនគរបាល ខេត្តតាកែវ ត្រូវជាបងប្រុស លោក ឡាយ វណ្ណៈ, ទី៣៖ឈ្មោះ ម៉េន សាម៉ៃ ​អ្នកបើក​ឡាន​ឲ្យ​លោក ​ឡាយ ​វណ្ណៈ និងទី៤៖ ឈ្មោះ ជឹម វុធ ហៅ ថូត ជា​អ្នកបំរើ​នៅផ្ទះ​នាង​ ចេ​វ ​សុ​វ​ឌ្ឍ​នា​។

លោក ឡាយ វណ្ណៈ ត្រូវបានដកដំណែងមួយចំនួនទៀតផងដែរ ដែលរួមមានតំណែងអភិបាលខេត្ត ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តតាកែវផងដែរ៕