(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៥លើក បណ្ដាលឲ្យមនុស្សស្លាប់៤នាក់, របួសស្រាលចំនួន៤នាក់ និងរបួសធ្ងន់២នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង៥លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន៥គ្រឿង រថយន្តតូច១គ្រឿង រថយន្ដធុនធំ១គ្រឿង និងអ្នកថ្មើជើងម្នាក់ ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍ រួមមានមិនគោរពសិទ្ធិ, ល្មើសល្បឿន, ស្រវឹង និងកត្តាយានយន្ដ។

សូមបញ្ជាក់ថារយៈពេល២៤ថ្ងៃ ខែមេសា ឆ្នាំ២០១៨នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន២៦៦លើក បណ្ដាលឲ្យមនុស្សស្លាប់១៤១នាក់ របួសធ្ងន់ចំនួន២៥៩នាក់ និងរបួសស្រាលចំនួន១៦៣នាក់៕