(តួកគី)៖ កម្ពុជា និងតួកគី បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាថ្មីមួយ ដើម្បីពង្រឹកទំនាក់ទំនងវិស័យអាកាសចរស៊ីវិល និងជំរុញឲ្យមានការហោះហើរដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាស រវាងកម្ពុជា និងតួកគី។

កិច្ចប្រជុំទ្វេភាគី និងចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នានេះ ធ្វើឡើងរវាងលោក ម៉ៅ ហាវណ្ណាល់ រដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិលកម្ពុជា និងលោក Yuksel Coskunyurek អនុរដ្ឋមន្ត្រីដឹកជញ្ជូន និងគមនាគមន៍តួកគី នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ នៅទីក្រុងអាន់តាលីយ៉ា ឳកាសចូលរួមសន្និសីទតួគី-អាស៊ី ស្តីពីអាកាសចរស៊ីវិល។ នេះបើតាមការបញ្ជាក់របស់លោក សុីន ចាន់សិរីវុត្ថា អ្នកនាំពាក្យអាកាសចរស៊ីវិល ប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៥ ខែមេសានេះ។

សូមជម្រាបថា កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨ ក្នុងជំនួបពិភាក្សាជាមួយលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកស្រី អេយដា អុងលូ ឯកអគ្គរដ្ឋទូតតួកគីប្រចាំកម្ពុជា បានបញ្ជាក់ថា ក្នុងអាណត្តិការងារនៅកម្ពុជា លោកស្រីនឹងជំរុញឲ្យមានជើងហោះហើរត្រង់មកកម្ពុជាឲ្យទាល់តែបាន ដើម្បីផ្លាស់ប្ដូរចរន្តភ្ញៀវទេសចរពីគ្នាទៅវិញទៅមក។

សូមជម្រាបថា ជើងហោះហើរត្រង់ដែលប្រទេសតួកគីកំពុងហោះហើរនេះ មានចំនួន ១១៩ប្រទេស ឆ្ពោះទៅកាន់ទីក្រុងប្រមាណ ២៥០ទីក្រុង ក្នុងនោះនៅតំបន់អាស៊ាន មានប្រទេសថៃ សិង្ហបុរី ម៉ាឡេស៊ី វៀតណាម ហ្វីលីពីន និងឥណ្ឌូណេស៊ី៕