(ត្បូងឃ្មុំ)៖ ថ្លែងចេញពីទឹកខេត្តត្បូងឃ្មុំ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានលើកឡើងថា ការបង្រ្កាបរថយន្តផ្ទុក​ទំនិញលើសទម្ងន់ដែលបានកម្រិតវាមានលក្ខណៈដូចវែកចក ដើម្បីកុំឱ្យដូចវែកចក គឺយើងត្រូវយកចកចេញឱ្យអស់ ពោលគឺត្រូវប្រើយន្តការច្បាប់ រកប្រភពដើមឱ្យឃើញ និងបិទក្រុមហ៊ុនណាដែលមិនគោរពច្បាប់។

លោក ស៊ុន ចាន់ថុល បានថ្លែងបែបនេះ នារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ម្សិលមិញ ក្នុងឱកាសលោករួមជាមួយលោក សៀក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត, លោក លី ឡេង អភិបាលខេត្តត្បូងឃ្មុំ បានចុះសំណេះសំណាលជាមួយមន្ត្រី បុគ្គលិក និងកម្មករទាំងអស់ បំរើការងារក្នុងមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំ។

លោក ស៊ុន ចាន់ថុល បានថ្លែងយ៉ាងដូច្នេះថា «ការបង្ក្រាបរថយន្តផ្ទុកទំនិញលើសទំងន់កម្រិតកំណត់មានលក្ខណៈដូចវែកចក ដោយបញ្ជាក់ថា ដើម្បីកុំឱ្យដូចវែកចក គឺយើងត្រូវយកចកចេញឱ្យអស់ ពោលគឺត្រូវប្រើយន្តការច្បាប់ និងរកប្រភពដើមឱ្យឃើញ និងបិទក្រុមហ៊ុនណាដែលមិនគោរពច្បាប់»

នាឱកាសនោះដែរលោកទេសរដ្ឋមន្ត្រី បានលើកឡើងពីការត្រួតពិនិត្យយានយន្តផ្ទុកទំនិញលើសទំងន់កម្រិតកំណត់ និងការកែច្នៃខុសលក្ខណៈ បច្ចេកទេសយានយន្ត ត្រូវតែបន្តអនុវត្តឱ្យបានជាប្រចាំ និងម៉ឺងម៉ាត់បំផុតព្រោះថាបើរថយន្តតែមួយគ្រឿងដឹកលើសទម្ងន់ កម្រិតកំណត់២០តោន គឺស្មើនឹងរថយន្ត ១៦០ ០០០គ្រឿងធ្វើចរាចរនៅលើផ្លូវនោះ ដែលធ្វើឱ្យផ្លូវឆាប់ទ្រុឌទ្រោម និងដូចខាត។ ករណីនេះធ្វើឱ្យខាតបង់ថវិកាជាតិរាប់រយលានដុល្លារ សម្រាប់ជួសជុលផ្លូវឡើងវិញក្នុងមួយឆ្នាំៗ។

លើសពីនេះទៅទៀត លោកទេសរដ្ឋមន្ត្រីបង្ហាញពីគម្រោងថ្មីៗដែលត្រូវអនុវត្តបន្តរួមមាន៖ ការពង្រីផ្លូវជាតិលេខ៥ និងផ្លូវជាតិលេខ៣ ពី២គន្លងទៅ៤គន្លង ផ្លូវល្បឿនលឿនភ្នំពេញ ទៅខេត្តព្រះសីហនុ ការពង្រីកកំពង់ផែទឹកជ្រៅខេត្តព្រះសីហនុ ការពង្រីកការដឹកជញ្ជូនអ្នកដំណើរ តាមផ្លូវទឹក ការសិក្សាគម្រោងសាងសង់ផ្លូវជាតិពីបាត់ដំបង ទៅខេត្តកោះកុង និងគម្រោងផ្សេងៗទៀតជាច្រើន។

លោកទេសរដ្ឋមន្ត្រី បានបន្ថែមទៀតថា សមិទ្ធផលដ៏ឧត្ដុងឧត្ដមទាំងនេះកើតចេញពីសុខសន្តិភាព និងស្ថេរភាពនយោបាយដ៏រឹងមាំ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។

លោកទេសរដ្ឋមន្ត្រីក៏បានផ្ដាំផ្ញើឱ្យមន្ត្រីទាំងអស់រួបរួមសាគ្គីសហការគ្នាឱ្យបានរឹងមាំ ហើយសូមកុំឱ្យមានការបែងចែកជាក្រុម ជាបក្សពួក ពោលគឺមានតែក្រុមមួយគត់គឺ ក្រុមមហាគ្រួសារក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីរួមគ្នាកសាងជាតិមាតុភូមរបស់យើង ឱ្យមានការរីកចម្រើនតាមក្ដីស្រម៉ៃរបស់យើងម្នាក់ៗ ដែលចង់ឃើញប្រទេសកម្ពុជារីកចម្រើនដូចប្រទេសអភិវឌ្ឍន៍ក្នុងសកលលោក។

លោក គី វីរិន ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ផ្លូវជាតិ និងផ្លូវខេត្តឆ្លងកាត់ក្នុងខេត្តត្បូងឃ្មុំទាំងអស់ មានចំនួន ៣៤ខ្សែ ប្រវែង៣៧៨.៤០៥ម៉ែត្រ ក្នុងនោះផ្លូវក្រាលបេតុងប្រវែង ២២.២០០ម៉ែត្រ, ផ្លូវក្រាលបេតុងកៅស៊ូប្រវែង ៣៨.០៥០ម៉ែត្រ, ក្រាលកៅស៊ូ២ជាន់ប្រវែង ៤៨២.៥០៨ម៉ែត្រ និងក្រាលគ្រួសក្រហមប្រវែង ២៨៣.៦៤៧ម៉ែត្រ។

លោក គី វីរិន បន្ថែមថា ដោយឡែកការបែងចែកប្រាក់រង្វាន់ទូទាំងប្រទេស មន្ត្រីទាំងអស់សប្បាយរីករាយ និងគាំទ្រនូវឆន្ទៈ របស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដោយចូលរួមយ៉ាងសកម្មក្នុងការអនុវត្តផែនការនានា ដោយទទួលបានលទ្ធផលដូចជា៖
ការជួសជុល និងថែទាំងប្រចាំលើផ្លូវជាតិ និងផ្លូវខេត្តសរុបចំនួន១២០០គីឡូម៉ែត្រ ក្នុងឆ្នាំ២០១៨ ការងារថែទាំប្រចាំប្រវែង២៧៨,៤៦គីឡូម៉ែត្រ ការងារជួសជុលខួបប្រវែង៤.២គីឡូម៉ែត្ត និងលូជ្រុងប្រវែង១គីឡូម៉ែត្រ, ចុះបញ្ជីយាន្តគ្រប់ប្រភេទសរុបចំនួន៣៣.៨៥៨គ្រឿង, ផ្តល់ប័ណ្ណបើកបរ ជូនប្រជាពលរដ្ឋសរុបចំនួន២៣.៤៥៦គ្រឿង, ឆៀកយានយន្តគ្រប់ប្រភេទចំនួន១.១៤៨គ្រឿង, កាត់ទ្រុងយានយន្តខុសលក្ខណៈបច្ចេកទេសចំនួន ៣៦៩គ្រឿង, ផ្តល់ច្បាប់យានដ្ឋានចំនួន៩២កន្លែង, ផ្តល់មួកសុវត្ថិភាពជូនពលរដ្ឋចំនួន ៧៥០មួក, ចុះអប់រំ និងផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកបានចំនួន១,២៤៥នាក់, បិទស្ទីកឃ័រចំណាំងផ្លាតសរុបចំនួន៩៣.៥៧៥សន្លឹក ព្រមទាំងចុះស្រង់ស្ថិតិ និងទប់ស្កាត់ការទន្ទ្រានដីចំណីផ្លូវ៕