(ភ្នំពេញ)៖ ទោះបីជាដឹងមុនរួចជាស្រេចថា ការដឹកនាំក្រុមការងារ និងតារាសម្ដែង នៅក្នុងរឿង «០០៩» មានភាពលំបាក ដែលត្រូវចុះទៅសម្ដែង នៅតាមបណ្ដាខេត្តក្ដី ក៏ប៉ុន្តែសម្រាប់ម្ចាស់ផលិតកម្ម «បាដិហារ្យ» លោក ស៊ុម ភារិទ្ធ ហាក់មិនបានស្ទាក់ស្ទើរ ក្នុងការដឹកនាំក្រុមការងាររបស់ខ្លួន ចុះទៅសម្ដែង នៅតំបន់នានា នោះឡើយ។ ផ្ទុយទៅវិញដោយសារតែលោកចង់ចូលរួមជាផ្នែកមួយ ជួយអភិរក្សបន្ថែមនូវតំបន់ធម្មជាតិប្រទេសកម្ពុជា ដើម្បីឲ្យមហាជន ជាពិសេសមិត្តយុវវវ័យ ទទួលជ្រាបកាន់តែច្បាស់ពីតំបន់ដ៏ស្រស់បំព្រងទាំងមូល នៃតំបន់ទេសចរណ៍ខេត្តកោះកុងនោះ ទើបលោកសម្រេចចិត្តជ្រើសរើសទីតាំង នៃតំបន់ទេសចរណ៍ខេត្តកោះកុង បង្កើតបានទស្សនិយភាព ស្ទើរតែទាំងស្រុងក្នុងសាច់រឿង។

ជាការពិតណាស់ ការចុះទៅសម្ដែង និង ដឹកនាំរឿង រៀបចំប្លង់ បច្ចេកទេសនៃការថត ដើម្បីសម្រិតសម្រាំងខ្សែភាពយន្ត ឲ្យទាក់ទាញការចាប់អារម្មណ៍ ពីសំណាក់ទស្សនិកជន មិនមែនជាការឿងងាយ នោះទេ សម្រាប់ផលិតករគ្រប់រូប។ ដោយឡែក បើងាកមកចាប់អារម្មណ៍ ចំពោះលោក ស៊ុម ភារិទ្ធ ដែលជាផលិតករដ៏ឆ្នើមមួយរូប ជួយចូលរួមលើកតម្កើងតំបន់ធម្មជាតិ នៅប្រទេសកម្ពុជា ឯណោះវិញ លោកពិតជាមានមោទភាព ដែលបានចូលរួមលើកស្ទួយតំបន់ទេសចរណ៍កម្ពុជា ដើម្បីបង្ហាញទៅដល់ជនរួមជាតិ ក៏ដូចជាកូនខ្មែរ ជំនាន់ក្រោយ យល់ឃើញកាន់តែច្បាស់ថា ប្រទេសកម្ពុជា ពិតជាមានតំបន់ធម្មជាតិស្រស់ស្អាតមិនចាញ់ប្រទេសជិតខាងឡើយ។

ថ្លែងក្នុងពិធីដាក់សម្ពោធរឿង «០០៩» កាលពីល្ងាចថ្ងៃទី២៤ ខែមេសា ម្សិលមិញនេះ នៅរោងភាពយន្ត Major Cineplax ម្ចាស់ផលិតកម្ម «បាដិហារ្យ» បញ្ជាក់ថា «បាទបង! នៅក្នុងខ្សែភាពយន្ត មានភាពលំបាកច្រើន គឺយើងត្រូវចុះទៅតាមខេត្តគឺខេត្តកោះកុង ស្ទើរតែ៩០% មានតែ១០%ទេ ដែលយើងថតនៅទីក្រុងភ្នំពេញ។ មូលហេតុដែលខ្ញុំជ្រើសរើសយកខេត្តកោះកុង ធ្វើជាទស្សនិយភាព នៅក្នុងសាច់រឿង ព្រោះសំបូរទៅដោយទេសភាពស្អាតៗ ស្រស់បំព្រង ដែលជនជាតិខ្មែរយើងមួយចំនួន គាត់មិនសូវស្គាល់ពីតំបន់ទេសចរណ៍នៃខេត្តខាងលើនេះ នោះទេ។ សម្រាប់ទុនថតខ្សែភាពយន្តនេះ ចំណាយប្រហែលខ្ទង់ប្រមាណ ៣ម៉ឺនដុល្លារ តែប៉ុណ្ណោះ ប៉ុន្តែរយៈពេលនៃការផលិត ដើម្បីឲ្យចេញជាសាច់រឿងប៉ុន្មានម៉ោងនេះ ឲ្យមហាជនបានទស្សនា បូករួមទាំងការកាត់តសម្លេង និង រូបភាពផ្សេងៗ គឺចំណាយពេលវេលារហូតដល់ កន្លះឆ្នាំឯណោះ»។

បន្ថែមពីខាងលើ លោក ស៊ុម ភារិទ្ធ បានបន្តទៀតថា «ឆ្លងតាមរយៈបទពិសោធន៍ ដែលខ្ញុំធ្លាប់មានកន្លងមក ខ្ញុំសង្ឃឹមថា ខ្សែភាពយន្តមួយនេះ នឹងទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជន និង ពីស្រទាប់មិត្តយុវវ័យ ព្រោះខ្សែភាពយន្តដែលខ្ញុំធ្លាប់ដឹកកាលពីកន្លងមក ក៏ទទួលការគាំទ្រច្រើនគួរសម ពីសំណាក់ទស្សនិកជន ដូច្នេះរឿងនេះ នឹងទទួលបានការគាំទ្រ ដូចជាលើកមុនដែរ»។

ជាចុងក្រោយម្ចាស់ផលិតកម្មរូបនេះ បន្ថែមទៀតថា «ខ្ញុំសង្ឃឹម និង ជឿជាក់ថា បងប្អូនដែលធ្លាប់តែគាំទ្រផលិតកម្មបាដិហារ្យ នឹងនៅតែបន្តការគាំទ្រដដែល ទោះបីជាការផលិតខ្សែភាពយន្តរបស់ខ្មែរយើង នៅមានកម្រិត ដែលមិនអាចប្រៀបធៀបនឹងខ្សែភាពយន្តបរទេសក្ដី ដោយសារតែប្រទេសទាំងនោះ មានបច្ចេកវិទ្យា រួចស្រាប់ទៅហើយ អ៊ឹចឹងហើយ យើងធ្វើបានប៉ុណ្ណឹង គឺយើងនៅតែសប្បាយចិត្ត ហើយយើងនៅតែខិតខំ ព្យាយាម ធ្វើឲ្យបានជោគជ័យទាំងអស់គ្នា នៅថ្ងៃមុខ»៕