(កំពង់ធំ)៖ រន្ទះបានឆក់យកជីវិតកសិករម្នាក់ បណ្តាលឲ្យស្លាប់កណ្តាលវាស្រែយ៉ាងអាណោចអាធ័ម ខណៈដែលកំពុងតែព្រួសស្រូវ ក៏ត្រូវបានរន្ទះកំណាច់ មកផ្តាច់សង្ខាស្លាប់ភ្លាមៗ នៅចុងភូមិចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ហេតុការណ៍រន្ទះបាញ់នេះដែរ បានកើតឡើងកាលពីវេលាម៉ោង១៦៖៣០នាទីល្ងាច ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ ដោយករណីរន្ទះបាញ់នេះ បានកើតឡើងនៅចំណុចត្រពាំងញ៉ុង ខាងជើងភូមិឬស្សី ក្រោយពេលមានរន្ទះមានភ្លៀងផ្គរ មួយមេយ៉ាងខ្លាំង ទើបបណ្តាលឲ្យរន្ទះបាញ់បីដង ហើយលើកទីបីទើបត្រូវជនរងគ្រោះតែម្តង។ ជនរងគ្រោះត្រូវ បានគេស្គាល់ឈ្មោះ ញ៉ែម គីម ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិចុងដូង ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

លោក កែវ សាលី នាយរងប៉ុស្តិ៍រដ្ឋបាល ឃុំចុងដូង បានឲ្យដឹងថា ក្រោយពីកើតហេតុ ត្រូវបានប្រជាពលរដ្ឋ ដែលបានរាយការណ៍មកថា មានករណីរន្ទះបាញ់បណ្តាលឲ្យមានមនុស្សស្លាប់ លោកបានដឹកនាំកម្លាំងចុះ ទៅពិនិត្យកន្លែងកើតហេតុ ក៏បានឃើញថា ជនរងគ្រោះពិតជាបានស្លាប់ដោយសារគ្រាប់រន្ទះពិតប្រាកដមែន ហើយក៏បានប្រគល់សាកសពជូនសាច់ញាតិទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។

លោកនាយរងប៉ុស្តិ៍រដ្ឋបាល ក៏បានផ្តាំផ្ញើរដល់ប្រជាកសិករទាំងអស់ ឲ្យមានការប្រុងប្រយ័ត្ន ដោយសារតែជារដូវក្តៅ អាចមានភ្លៀងផ្គររន្ទះ នៅពេលមានភ្លៀង ត្រូវរកទីសុវត្តិភាព ដើម្បីបញ្ជៀសពីការរងគ្រោះថ្នាក់ផងដែរ៕