(ភ្នំពេញ)៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា មនុស្សចាស់ កំពុងទទួលបាន ការយកចិត្ដទុកដាក់ខ្លាំង ទៅលើវិស័យសុខុមាលភាព ស្របតាមគោលនយោបាយជាតិ ស្ដីពីមនុស្សវ័យចាស់ ២០១៧-២០៣០។

ការលើកឡើងរបស់ លោក វង សូត បានធ្វើឡើងនៅក្នុង កិច្ចប្រជុំស្ដីពី «វឌ្ឍនភាពការងារ និងទិសដៅអនុវត្ដបន្ដរបស់លេខាធិការដ្ឋានគណៈ កម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់» នៅទីស្តីការក្រសួងសង្គមកិច្ច នាព្រឹកថ្ងៃទី២៥ ខែ មេសា ឆ្នាំ២០១៨នេះ។

លោក វង សូត បាន រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចបានលើកឡើងថា កិច្ចប្រជុំនេះគឺឆ្លុះបញ្ចាំងពីការយកចិត្ដទុកដាក់រួមគ្នា លើវិស័យសុខុមាលភាពមនុស្សចាស់នៅកម្ពុជា ឆ្លើយតបនឹង គោលនយោបាយជាតិស្ដីពីមនុស្សវ័យ ចាស់ ២០១៧-២០៣០ ដែលបានប្រកាសឱ្យប្រើប្រាស់ជាផ្លូវការ នាពេលថ្មីៗកន្លងទៅនេះ។

ប្រជាពលរដ្ឋកម្ពុជា បាននិងកំពុងរស់នៅក្នុងសុខសន្ដិភាព ពេញបរិបូរណ៍ និងកំពុងតែមានមោនទនភាពជាមួយនឹងសមិទ្ធផលនៃ កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព បរិយាប័ន្ន និងសមធម៌ ក្នុងរយៈ ពេលជិតពីរទស្សវត្ស៍កន្លងមកនេះ ដែលតម្រូវឱ្យមានចក្ខុវិស័យវែងឆ្ងាយ ក្នុងការដោះស្រាយបញ្ហាផ្សេងៗជាច្រើនទៀតដូចជា បញ្ហាសុខុមាលភាព មនុស្សចាស់ជាដើម។

ឈរលើមូលដ្ឋាននៃសមិទ្ធផលដ៏ប្រពៃនេះ រាជរដ្ឋាភិបាល បាន សម្រេចរៀបចំឯកសារ គោលនយោបាយជាតិស្ដីពីមនុស្សវ័យ ចាស់ ២០១៧-២០៣០ ស្របតាមយុទ្ធសាស្ដ្រចតុកោណដំណាក់ កាលទី៣ ផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិ ២០១៤-២០១៨ ក្របខ័ណ្ឌ គោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥ ក្នុងទិសដៅអភិវឌ្ឍន៍ និងជំរុញប្រព័ន្ធសុខុមាលភាពមនុស្សចាស់ ឱ្យមានលក្ខណៈប្រមូលផ្ដុំ។

សូមបញ្ជាក់ថា គោលនយោបាយនានា ដែលបាននិងកំពុង ដាក់ឱ្យអនុវត្តស្របតាមស្ថានភាពនៃការវិវត្តន៍របស់កម្ពុជា។ ចំនួនមនុស្សវ័យចាស់ ដែលមានអាយុពី ៦០ ឆ្នាំឡើង នៅក្នុងឆ្នាំ ២០១៣ មាន ៨% (ស្មើនឹង ១,២ លាននាក់) នៃប្រជាជនសរុប ១៥ លាននាក់​ហើយត្រូវបានព្យាករ នឹងមានកំណើនរហូតដល់ ១១% (ស្មើនឹង ២ លាននាក់) នៃប្រជាជនសរុបប្រមាណ ១៨ លាននាក់ នៅឆ្នាំ២០៣០។

ដោយឡែកវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក៏បានសម្រេចនូវសមិទ្ធផលថ្មីៗជាច្រើន ដើម្បីរួមចំណែកក្នុងការអនុវត្ដ គោលនយោបាយសង្គមកិច្ច សំដៅបង្កើនសេវាសាធារណៈជួយដល់ក្រុម ជនរងគ្រោះ និងងាយរងគ្រោះក្នុងសង្គម។

ក្នុងនោះការងារសុខុមាលភាព មនុស្សចាស់ ត្រូវបានលើកកម្ពស់ជាបន្ដបន្ទាប់ ស្របតាមស្ថានភាពជាក់ស្ដែង របស់កម្ពុជា។ រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយ លិខិត បទដ្ឋានគតិយុត្ដ និងបានបង្កើតយន្ដការជាច្រើន ដើម្បីបង្កើនប្រសិទ្ធភាព នៃការផ្ដល់ របបគោល នយោបាយ សម្រាប់សេវាសង្គមកិច្ចចំពោះជនចាស់ជរា។

កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវក្របខ័ណ្ឌគោល នយោបាយជាតិគាំពារសង្គម ដើម្បីកំណត់ផែនការយុទ្ធសាស្រ្តក្នុងការ ធានាអោយមានសន្តិសុខប្រាក់ចំណូល និងកាត់បន្ថយភាពងាយរងគ្រោះ ផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ប្រជាជន សំដៅលើកកម្ពស់សុខុមាលភាព និងសាមគ្គីភាពសង្គម ព្រមទាំងកាត់បន្ថយភាពក្រីក្រជាអតិបរមា។

ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបង្កើតសមាគមមនុស្សចាស់ចំនួន ១៦៤៦ នៅគ្រប់ឃុំ-សង្កាត់ទូទាំង សំដៅជួយសម្រួលទុក្ខលំបាករបស់មនុស្សចាស់ និងជួយគ្នាទៅវិញទៅមក ក្នុងករណីមានធុរៈ។ ក្រសួងសង្គមកិច្ច បាននិងកំពុងសិក្សា អនុវត្ដគម្រោង បង្កើតមជ្ឈមណ្ឌលថែទាំមនុស្ស ចាស់ជរាគ្មានទីពឹង ក្នុងការផ្ដល់សេវាថែទាំមនុស្សចាស់ជរា តាមរយៈភ្នាក់ងារដែលមានវិជ្ជាជីវៈ ត្រឹមត្រួវ៕