(ព្រៃវែង)៖ លោកបណ្ឌិត ងិន​ បាណាល់ អនុប្រធានគណៈកម្មការផលិតទូក-ង វែងជាងគេលើពិភពលោក ដើម្បីបំបែកឯតទគ្គកម្ម ​បានគូសបញ្ជាក់អំពីលក្ខណៈពិសេសមួយចំនួន អំពីទូក-ង វែងជាងគេលើពិភពលោក ដែលកំពុងដំណើរការផលិត។

លក្ខណៈពិសេសនោះ ត្រូវបានលោក ងិន បាណាល់ គូសបញ្ជាក់ថា៖
ទី១៖ ទូកនេះធ្វើប្រវែង៨៥ម៉ែត្រ ផ្ទុកចំណុះទូកសរុប១៧៩នាក់​
ទី២៖ ទូកនេះធ្វើអំពីឈើគគីរ ដែលធននឹងទឹក ក្នុងនោះត្រូវប្រើឈើពី៦ដើមដើម្បីផលិត, ចំណែកច្រវាទូកវិញ ធ្វើអំពីឈើស្រឡៅដែលមានទម្ងន់ស្រាល​
ទី៣៖ ក្បាលទូក ឆ្លាក់ចេញជាក្បាលនាគ ឯកន្ទុយឆ្លាក់ជាកន្ទុយហង្ស ភ្ជាប់ដោយក្បាច់រចនាបុរាណរបស់ខ្មែរសុទ្ធសាត​
ទី៤៖ ចំ​ពោះសមាសភាពចំណុះទូកវិញ យកមក​ពី​ទាហាន​ជើងទឹក​១០០នាក់ នគរបាល​ជើងទឹក៨០នាក់​ បូករួមកម្លាំងយុវជន និងប្រជាពលរដ្ឋស្ម័គ្រចិត្តមួយចំនួនទៀត សម្រាប់ត្រៀមបម្រុងផ្លាស់ប្ដូរដៃគ្នា។

លោក​បន្តថា ការផលិតទូក-ង នេះនៅមានលក្ខណៈពិសេសផ្សេងៗទៀត តែមិនទាន់លាតត្រដាងទាំងស្រុងនៅឡើយ។​

រហូតមកដល់ពេលនេះ ក្រុមជាងជំនាញកំពុងធ្វើយ៉ាងសស្រាកសស្រាំ ដោយមានមហាជន យុវជនចូលរួមធ្វើជារៀងរាល់ថ្ងៃ ដោយ​លោកបានអំពាវនាវ ដល់មហាជន​យុវជនគ្រប់ស្រទាប់វណ្ណៈ អញ្ជើញចូលរួមធ្វើទូក-ង វែងជាងគេលើពិភពលោកនេះ ដើម្បីភ្ជាប់និស្ស័យដោយអញ្ជើញទៅទីតាំងផលិត នៅមុខសាលាខេត្តព្រៃវែង តំបន់ចុងប៉ម៕