(ភ្នំពេញ)៖ លោក ឯម ច័ន្ទមករា អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ថា ក្នុងនាមតំណាងឲ្យជនមានពិការភាព លោកសូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះការអំពាវនាវរបស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន កុំឲ្យរើសអើងចំពោះជនមានពិការភាពនៅកម្ពុជាបន្តទៀត។

អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការរូបនេះ បានថ្លែងគាំទ្រភ្លាមៗ ក្រោយពេលដែល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសអំពាវនាវ ដោយផ្ទាល់មាត់ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨នេះ នៅក្នុងពិធីសម្ពោធដាក់ឱ្យ ប្រើប្រាស់ជាផ្លូវការនូវ សាកលវិទ្យាល័យក្រចេះ នៅខេត្តក្រចេះ។

សម្តេចតេជោ ហ៊ុន សែនបានថ្លែងយ៉ាងដូច្នេះថា «សូមអំពាវនាវសូមឲ្យរក្សាភាពគោរព និងយ៉ាងហោចណាស់ភាពសីលធម៌ អ្នកខ្លះហៅជនពិការថា អាកំបាក់ អាកំបុត អាខ្វាក់ ខ្លះហៅថា ខ្វាន នេះជាអំពើអសីលធម៌ដែលមិនគួរអត់អោនទេ អាមនុស្សធុននោះ ជាមនុស្សដែលមិនត្រូវរាប់រក ជាមនុស្សដែលខ្វះការអប់រំ ជាមនុស្សដែលមិនអានយកជាគ្នាបានទេ គេគោរពជនពិការ គេផ្តល់តម្លៃឲ្យជនពិការ តែជនពិការខ្លួនឯង បែរជាត្រូវគេជេរ អាខ្វិន អាកំបាក់ នេះជាទង្វើអសីលធម៌ ដែលសង្គមគួរតែត្រូវផ្ជាញ់ផ្ជាល់ក្រុមអស់ទាំងនេះ»។​

លោក ឯម ច័ន្ទមករា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា​ តាមរយៈក្រុមប្រឹក្សាសកម្មភាពជនពិការ នៃក្រសួងសង្គមកិច្ច បានយកចិត្តទុកដាក់ និងធ្វើការផ្សព្វផ្សាយ ដល់សាធារណជន មិនឲ្យមានការរើសអើងដល់ជនមានពិការភាពឡើយ មិនថាតាមរយៈការរៀបចំសិក្ខាសាលា និងការផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយជាដើម។

កន្លងមក លោក ឯម ច័ន្ទមករា អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាព បានស្នើឲ្យប្រើពាក្យ «ជនមានពិការភាព» ជំនួសពាក្យ «ជនពិការ» ដើម្បីបំបាត់ការរើសអើង និងដើម្បីជាការឲ្យតម្លៃចំពោះជនមានពិការភាពវិញ។

លោក ឯម ច័ន្ទមករា បានបញ្ជាក់ថា មានមូលហេតុសំខាន់ៗ មួយចំនួន ដែលជំរុញឲ្យលោក ស្នើឲ្យប្រព័ន្ធផ្សព្វផ្សាយបង្វែរពីការប្រើពាក្យ «ជនពិការ» មកជាពាក្យ «ជនមានពិការភាព» វិញ ដើម្បីលើកទឹកចិត្តជនមានពិការភាព។

មូលហេតុដែលចង់ឱ្យមានការស្នើប្តូរពាក្យនេះគឺ ដោយសារតែលោក ឯម ច័ន្ទមករា សំឡឹងឃើញថា នៅបរិបទអន្តរជាតិ ប្រទេសនៅលើពិភពលោកបានឯកភាពឈប់ប្រើពាក្យ «Disabled Person» ដែលជាភាសាខ្មែរប្រើថា «ជនពិការ» ដោយប្រើពាក្យថា «Person With Disability» ប្រែជាខេមរៈភាសាថា «ជនមានពិការភាព» ជំនួសវិញ។

អគ្គលេខាធិការរូបនេះបានបញ្ជាក់ថា ការប្រើពាក្យជនពិការ គឺមិនខុសទេ ប៉ុន្តែយើងចង់ប្រើពាក្យថា ជនមានពិការភាព ឱ្យស្របនឹងការប្រើជាលក្ខណៈសកល។ លោកបានបន្តថា នៅពេលដែលបងប្អូនជនពិការត្រូវបានគេហៅថា «ជនពិការ» ដូចជាបង្ហាញឲ្យឃើញថា សមត្ថភាពរបស់ពួកគាត់នៅមានកម្រិត ឬអន់ជាងមនុស្សធម្មតា។

តាមរយៈរដ្ឋមន្ត្រីសង្គមកិច្ច អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ក៏គ្រោងនឹងស្នើទៅរាជរដ្ឋាភិបាល ដើម្បីប្រើពាក្យជំនួសពីការ ប្រើពាក្យ​«ជនពិការ» មកជាពាក្យ «ជនមានពិការភាព»វិញ ដើម្បីជាការលើកទឹកចិត្ត និងផ្តល់តម្លៃដល់បងប្អូនមាន ពិការភាពជាជាងការប្រើពាក្យ«ជនពិការ»។

ជាមួយគ្នានោះ អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាព លោក ឯម ច័ន្ទមករា ក៏បានអំពាវនាវឲ្យ សាធារណជន និងប្រជាពលរដ្ឋទាំងអស់ ជួយលើកតម្កើង និងកុំឲ្យរើសអើងជនមានពិការភាព ពីព្រោះថា ជនមានពិការភាព គឺមានសមត្ថភាព និងមានសាច់មានឈាម ដូចមនុស្សធម្មតា ដូចនេះ មិនគួរមានការរើសអើងពួកគាត់ឡើយ៕