(កំពង់ធំ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ធំ បានជំរុញឲ្យមន្ត្រីពាក់ព័ន្ធសហការគ្នាយកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រឈមដែលនៅសេសសល់ ជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស ពិសេសការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អ ស្របតាមអភិក្រម «ធ្វើឲ្យបាន ធ្វើឲ្យលឿន និងធ្វើឲ្យមានប្រសិទ្ធភាព» សំដៅធ្វើឲ្យប្រជាពលរដ្ឋមានការទុកចិត្តជឿជាក់ និងគាំទ្ររាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ។

ការជំរុញណែនាំនេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ធំ នាថ្ងៃពុធ ១១កើត ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ នៅក្នុងសាលាខេត្តកំពង់ធំ ក្រោមអធិបតីភាពលោករដ្ឋមន្ត្រី ថោង ខុន លោក សុក ផេង រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិ និងលោក សុខ​ លូ អភិបាលខេត្តកំពង់ធំ និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារថ្នាក់ជាតិ និងមានការចូលរួមពីសមាជិកក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តកំពង់ធំ អភិបាលក្រុង-ស្រុក និងសមាជិកក្រុមការងារថ្នាក់ខេត្ត ស្រុក និងឃុំ។

រដ្ឋបាលខេត្ត និងមន្ទីរ-អង្គភាពពាក់ព័ន្ធ បានរាយការណ៍ពីលទ្ធផលនៃការដោះស្រាយបញ្ហាមួយចំនួន ជម្រាបជូនគណៈអធិបតី ព្រមទាំងបានលើកឡើងពីបញ្ហានៅសេសសល់មួយចំនួន ដែលមិនទាន់បានដោះស្រាយជូនប្រជាពលរដ្ឋ ដូចជា ការងារឆ្វៀលដីតំបន់៣ តំបន់២ ស្ថិតនៅក្នុងស្រុកទាំង៥ នៃខេត្តកំពង់ធំ បញ្ហាតំបន់អភិរក្សសត្វខ្សឹប និងបញ្ហាសំខាន់ៗមួយចំនួនទៀត។

ដើម្បីជំរុញការដោះស្រាយបញ្ហាទាំងឡាយដែលនៅសេសសល់នោះ លោករដ្ឋមន្ត្រី ថោង ខុន បានដាក់នូវអនុសាសន៍គន្លឹះមួយចំនួន ដល់រដ្ឋបាលខេត្តកំពង់ធំ ក្រុមការងារថ្នាក់ជាតិ មន្ទីរជំនាញ និងមន្ត្រីតាមមូលដ្ឋានក្រុងស្រុកទាំង៨ ក្នុងខេត្តកំពង់ធំ ដូចខាងក្រោម៖

១៖ បន្តអនុវត្តការងារឆ្វៀលដីនៅតំបន់៣ សម្រាប់ប្រជាពលរដ្ឋអាស្រ័យផល ដោយជំរុញការចេញសាលកប័ត្រព័ត៌មានឲ្យដល់ដៃរបស់ប្រជាពលរដ្ឋ តាមស្ថានភាពជាក់ស្តែងនៃតំបន់នីមួយៗ ពិសេសនៅតំបន់ណាដែលត្រូវបានចុះវាស់វែង និងមានឯកសារគ្រប់គ្រាន់រួចហើយ ដូចជានៅភូមិគោកត្របែក ឃុំស្រឡៅជាដើម។

២៖ បន្តជំរុញការងារចុះវាស់វែង រៀបចំបែបបទ និងលិខិតស្នាមក្នុងការស្នើសុំកាត់ឆ្វៀលដីពីតំបន់២មកតំបន់១ ដោយត្រូវអនុវត្តជាជំហានៗ តាមស្ថានភាពជាក់ស្តែងនៅតំបន់នីមួយៗ ពិសេសនៅឃុំម្សាក្រង ស្រុកស្ទោង។

៣៖ ចំពោះដីតំបន់អភិរក្សសត្វខ្សឹប ត្រូវបន្តចុះវាស់វែង និងកំណត់ទីតាំង និងទំហំដីអោយបានច្បាស់ឡើងវិញ ដូចជាដីលំនៅដ្ឋាន ដីកសិកម្ម សាលារៀន វត្តអារាម ដើម្បីរៀបចំជាទិន្នន័យច្បាស់លាស់ និងធ្វើការប្រជុំពិភាក្សាជាមួយក្រសួងបរិស្ថាន និងស្ថាប័ន អាជ្ញាធរពាក់ព៏ន្ធ ដើម្បីស្នើសុំកាត់ដីមួយចំនួនរបស់ប្រជាពលរដ្ឋចេញពីតំបន់អភិរក្សសត្វខ្សឹបនេះ។

៤៖ បន្តពន្លឿននីតិវិធី និងបែបបទនៃការកាត់ដីជូនប្រជាពលរដ្ឋ ចេញពីបញ្ជីសារពើភណ្ឌរបស់មន្ទីរ-អង្គភាពនានាជុំវិញខេត្ត។

៥៖ បន្តពិភាក្សាជាមួយអាជ្ញាធរជាតិសំបូរព្រៃគុក ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីពិនិត្យលើសំណូមពរជាក់ស្តែងរបស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់រណបនៃតំបន់អភិរក្សប្រាសាទសំបូរព្រៃគុក សំដៅធានាបានឲ្យការអភិរក្ស និងអភិវឌ្ឍតំបន់បេតិកភ័ណ្ឌពិភពលោកមួយនេះ ប្រកបដោយនិរន្តរភាព។

៦៖ បង្កើនការបង្ក្រាប និងទប់ស្កាត់បទល្មើសនេសាទនៅតំបន់បឹងទន្លេសាប ដែលកំពុងកើតមានបទល្មើសជាច្រើន និងបង្កើនការបង្ក្រាបបទល្មើសព្រៃឈើ និងបទល្មើសសត្វព្រៃតាមតំបន់អភិរក្ស ពិសេសតំបន់ព្រៃឡង់ និងព្រៃអង់តែន។

៧៖ ជំរុញការធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋខ្មែរ ដើម្បីសម្រួលឲ្យប្រជាពលរដ្ឋមានអត្តសញ្ញាណបណ្ណ ក្នុងការធ្វើបែបបទឯកសារគតិយុត្តផ្សេងៗ និងប្រើប្រាស់ដល់ការបោះឆ្នោតថ្នាក់ជាតិ នាពេលខាងមុខ។

៨៖ យកចិត្តទុកដាក់ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋអោយបានល្អ ត្រូវខិតខំចុះផ្ទាល់ដល់គ្រួសារប្រជាពលរដ្ឋ និងខិតខំដោះស្រាយសេវាសំណូមពរឲ្យបានល្អ ស្របតាមអភិក្រម «ធ្វើឲ្យបាន ធ្វើឲ្យលឿន និងធ្វើឲ្យមានប្រសិទ្ធភាព»