(ក្រចេះ)៖ ​ថ្លែងចេញពីទីរួមខេត្តក្រចេះ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសបង្កើតស្ពានថ្មីមួយទៀត នៅទីរួមខេត្តក្រចេះ ឆ្លងកាត់​ទន្លេមេគង្គ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ និងទំនាក់ទំនងរវាងប្រជាពលរដ្ឋ​នៅខេត្តក្រចេះ ទៅខេត្តកំពង់ធំ និងខេត្តសៀមរាប។

ការប្រកាសយ៉ាងដូច្នេះ​ របស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានធ្វើឡើង នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨នេះ ក្នុងឱកាសសម្ដេចអញ្ជើញសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ សាកលវិទ្យាល័យក្រចេះ នៅខេត្តក្រចេះ​។

​សម្ដេចតេជោ​ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំសូមបញ្ជាក់ជូនបងប្អូននៅខេត្តក្រចេះ​ និងឯកឧត្តម​អគ្គរដ្ឋទូតសាធារណៈរដ្ឋប្រជាមានិតចិន ផងដែរ ដែលខ្ញុំនិយាយថា ស្ពានវាមិនទាន់គ្រប់ ត្រូវបង្កើតស្ពានមួយនៅទីរួមខេត្តក្រចេះហ្នឹង ស្ពានឆ្លងទន្លេមេគង្គនៅហ្នឹងក្រចេះ ដើម្បីបង្កើតការងាយស្រួល ក្នុងទំនាក់ទំនងរវាងអ្នកខេត្តក្រចេះ ឆ្លងកាត់ទៅកំពង់ធំ ទៅសៀមរាបឲ្យវាលឿន»

បើតាមសម្ដេចប្រមុខនៃរាជរដ្ឋាភិបាល ស្ពានឆ្លងកាត់ទន្លេមេគង្គនៅខេត្តក្រចេះនេះ សម្ដេចបានកំណត់ឲ្យ​លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន ​ដាក់ក្នុងគម្រោងចាប់ផ្ដើមការដ្ឋានសាងសង់ នៅឆ្នាំ២០១៩ខាងមុខនេះ។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា បន្ទាប់ពីសាងសង់ស្ពាននេះហើយ ប្រជាពលរដ្ឋអាចធ្វើដំណើរពីខេត្តក្រចេះ ទៅខេត្តកំពង់ធំ បាន​លឿនជាងមុន ពោលមានចម្ងាយត្រឹមតែ ១២៩គីឡូម៉ែត្រ​តែប៉ុណ្ណោះ ដោយមិនចាំបាច់ធ្វើដំណើរត្រឡប់ក្រោយដូចសព្វថ្ងៃនេះទេ។

យ៉ាងណាក៏ដោយ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ដែលតែតម្កល់​ផលប្រយោជន៍ប្រជាជាតិជាធំរូបនេះ បានសង្កត់ធ្ងន់ថា វត្តមានរបស់សម្ដេច​ និងវត្តមានរបស់ គណបក្សប្រជាជនកម្ពុជា នៅក្នុងការគ្រប់គ្រងប្រទេសនៅពេលខាងមុខ គឺជាវត្តមានដើម្បីឈានបញ្ចប់​នូវការសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ នៅខេត្តក្រចេះ ហើយសម្ដេចសង្ឃឹមថា ​ប្រជាពលរដ្ឋនៅក្នុងខេត្តក្រចេះ បន្ដបោះឆ្នោតឲ្យគណបក្សប្រជាជនបន្ដទៀត ដើម្បីឲ្យសម្ដេចបន្ដដឹកនាំសាងសង់ស្ពានមួយនេះ។
សូមជម្រាបថា ស្ពានឆ្លងកាត់ទន្លេមេគង្គ នៅក្នុងប្រទេសកម្ពុជា ដែលជា​ហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន រហូតមកដល់ពេលនេះ ​មានចំនួន៨ហើយ ដោយគិតទាំងស្ពាន​​មិត្តភាពកម្ពុជា-ចិនស្ទឹងត្រង់ក្រូច ដែលកំពុងតែដំណើរការសា​ងសង់។

ស្ពានទាំង៧ ដែលបានសាងសង់រួចរាល់នោះ រួមមាន៖ ​ស្ពានកោះធំ នៅខេត្តកណ្តាល, ស្ពានជ្រោយចង្វា២, ស្ពានសេកុង ខេត្តស្ទឹងត្រែង, ស្ពានព្រែកក្តាម, ស្ពានព្រែតាម៉ាក់, ស្ពានមេគង្គស្ទឹងត្រែង និងស្ពានព្រែកសំរោងក្រុងតាខ្មៅ។ ហើយស្ពានដែលកំពុងបើកការដ្ឋាននេះ មិនមែនជាស្ពានចុងក្រោយទេ រាជរដ្ឋាភិបានត្រូវការស្ពានឆ្លងកាត់ទន្លេ ចំនួន៣ទៀតគឺ ស្ពានឆ្លងកាត់ទន្លេសាបជ្រោយចង្វារ, ឆ្លងកាត់ទន្លេសាប ស្វាយជ្រំ និងស្ពានទន្លេសាប ក្តីតាកុយ សម្រាប់បម្រើសេចក្តីត្រូវការ និងការរស់នៅរបស់ប្រជាពលរដ្ឋ៕