(ក្រចេះ)៖ សាកលវិទ្យាល័យក្រចេះ ត្រូវបានបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាពរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បើកទ្វារស្វាគមន៍បណ្ដានិស្សិតនៅក្នុងខេត្តក្រចេះ និងទៅពីខេត្តជុំវិញ ដូចជាខេត្តស្ទឹងត្រែង ខេត្តកំពង់ចាម ខេត្តរតនគិរី ខេត្តមណ្ឌលគិរីជាដើម។

សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា សាកលវិទ្យាល័យក្រចេះនេះ ត្រូវបានសាងសង់ឡើងក្រោមជំនួយថវិកាឧត្ថម្ភរបស់មហាមិត្តចិនប្រមាណ ១០លានដុល្លារអាមេរិក និងថវិការបស់មូលនិធិឧត្តមសិក្សាខេត្តក្រចេះប្រមាណ ២លានដុល្លារអាមេរិក សរុបថវិកាសាងសង់ទាំងអស់ប្រមាណ១២លានដុល្លារអាមេរិក។

ប្រមុខរាជរដ្ឋាភិបាលបានបន្តថា សាកលវិទ្យាល័យក្រចេះនេះ មិនត្រឹមតែផ្ដល់ឱកាសសិក្សាដល់យុវជន និងស្សិតនៅក្នុងខេត្តក្រចេះប៉ុណ្ណោះទេ សូម្បីនិស្សិតទៅពីខេត្តស្ទឹងត្រែង កំពង់ចាម និងខេត្តភាគឦសាន (មណ្ឌលគិរី រតនគិរី) ក៏អាចចូលមកទទួលការសិក្សាបានដូចគ្នាដែរ នេះហើយជាឱកាសរបស់យុវជនកម្ពុជា សម័យសន្តិភាពដ៏សុខសាន្តថ្មីនេះ ខុសពីយុវជនជំនាន់មុន គឺគ្មានឱកាសរៀនសូត្រទាល់តែសោះ ថែមទាំងក្លាយជាចំណាត់ខ្មាំងនៃសង្គ្រាមទៀតផង គ្មានឱកាសបានមកសិក្សារៀនសូត្រដូចបច្ចុប្បន្ននេះទេ ដូច្នេះដើម្បីទទួលបានឱកាសដ៏មានតម្លៃមហាសាលនេះ ចូលនាំគ្នាព្រួនជ្រុំថែរក្សាសន្តិភាពនេះឲ្យទាល់តែបាន ទោះក្នុងតម្លៃណាក៏ដោយ។

បើតាមលោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ការលេចរូបរាងសាកលវិទ្យាល័យក្រចេះនេះឡើង ក៏ជាការខិតខំជំរុញរបស់លោក គាត ឈន់ ប្រធានមូលនិធិឧត្តមសិក្សាក្រចេះ និងលោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផងដែរ។

លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានឲ្យដឹងថា សាកលវិទ្យាល័យក្រចេះ ត្រូវបានបញ្ចុះបឋមសិលាសាងសង់ នាថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៤ ក្រោមអធិបតីភាពលោក គាត ឈន់ ប្រធានមូលនិធិឧត្តមសិក្សាក្រចេះ ដែលមានរំលេចរចនាបទស្ថាបត្យកម្មមួយតាមបែបខ្មែរ និងមួយតាមបែបចិន។ សាកលវិទ្យាល័យក្រចេះនៅមានទីតាំងចំណុះ ២កន្លែងទៀត រួមមាន៖ ទី១៖ នៅឃមសណ្ដាន់ ដែលជាថ្នាលសម្រាប់ស្រាវជ្រាវទៅថ្ងៃក្រោយ និងជាថ្នាលដាំដុះកសិកម្ម ដែលមានផ្ទៃដីប្រមាណ ៩២ហិកតា និងមួយកន្លែងទៀត ជាផ្ទៃដីបឹង នៅឃុំសំបុក ចំនួន ៣៥ហិកតា ត្រូវបានកំណត់ជាទីកន្លែងសម្រាប់ស្រាវជ្រាវ និងអភិវឌ្ឍផ្នែកជលផលក្នុងក្របខណ្ឌវិទ្យាស្ថានមច្ឆវិទ្យារបស់សាកលវិទ្យាល័យក្រចេះ។ សរុបទីតាំងរបស់សាកលវិទ្យាល័យក្រចេះមាន ៣ទីតាំង ដែលមានផ្ទៃដីសរុប ២២៦.០១ហិកតា។

លោក ហង់ ជួនណារ៉ុន បានបន្តថា ការបង្កើតឲ្យមាននូវសាកលវិទ្យាល័យក្រចេះនេះឡើង គឺជាជំហានមួយឈានឆ្ពោះទៅសម្រេចបាននូវគោលដៅពង្រឹង និងអភិវឌ្ឍធនធានមនុស្សកម្ពុជា ស្របតាមយុទ្ធសាស្ត្រអាទិភាពរបស់រាជរដ្ឋាភិបាល និងឆ្លើយតបទៅនឹងគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានចង្អុលបង្ហាញ និងជំរុញលើកទឹកចិត្តដល់ការបង្កើត និងអភិវឌ្ឍគ្រឹះស្ថានឧត្តសិក្សានៅតាមបណ្ដាខេត្តនានា ក្រោមទិសស្លោក «ខេត្តមួយ សាកលវិទ្យាល័យរដ្ឋមួយ»។

លោករដ្ឋមន្ត្រីបានបន្ថែមថា សាកលវិទ្យាល័យទាំងមូលមានអគារបណ្ណាល័យ ១ខ្នង អគាវិទ្យាស្ថានភាសា និងព័ត៌មានវិទ្យា ១ខ្នង អគារសាកលវិទ្យាធិការដ្ឋាន ១ខ្នង អគារវិទ្យាស្ថានមច្ឆវិទ្យា ១ខ្នង អគារអភិសាល ១ខ្នង អគារសិក្សា ២ខ្នង អគារពិសោធន៍ ២ខ្នង អគាររោងជាង ១ខ្នង អគារអាហារដ្ឋាន ១ខ្នង អគារផ្គត់ផ្គង់ទឹកស្អាត និងបណ្ដាញចែកចាយអគ្គិសនី ១ខ្នង របង ក្លោងទ្វារមុខ និងបង្គោលដាំនៅចំហៀងផ្នែកខាងលិច ព្រំប្រទល់ដីជាសារព័ន្ធ ព្រមទាំងជំរំស្នាក់នៅបណ្ដាក់អាសន្ន។

លោកបន្តទៀតថា ជាជំហានដំបូង សាកលវិទ្យាល័យនឹងផ្តោតសំខាន់លើការបណ្ដុះបណ្ដាលផ្នែកកសិកម្ម (ក្សេត្រវិទ្យា វិទ្យាសាស្ត្រសត្វ បសុពេទ្យ និងមច្ឆវិទ្យា) កសិ-ឧស្សាហកម្ម ទេពកោសល្យជនបទ ភាសាបរទេស និងព័ត៌មានវិទ្យា ដែលអាចនិយាយបានថា ជាផ្នែកមួយលើកកម្ពស់ការអប់រំវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា។ ការបណ្ដុះបណ្ដាលនៅក្នុងសាកលវិទ្យាល័យនេះ នឹងមានគ្រប់ថ្នាក់ និងគ្រប់កម្រិត ចាប់ពីថ្នាក់បរិញ្ញាបត្ររង ឬឯកទេសបច្ចេកទេសជាន់ខ្ពស់ បរិញ្ញាបត្រ ឬវិស្វកម្ម រហូតដល់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅពេលអនាគត តាមរយៈកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យល្បីៗរបស់ប្រទេសក្នុងតំបន់ និងអន្តរជាតិ។

អ្វីដែលពិសេសនោះ ក្នុងឆ្នាំសិក្សា ២០១៨-២០១៩ ខាងមុខនេះ សាកលវិទ្យាល័យក្រចេះ នឹងបើកទទួលនិស្សិតឲ្យចូលសិក្សាដំបូង លើជំនាញឯកទេសមួយចំនួន ដូចជា ក្សត្រវិទ្យា វិទ្យាសាស្ត្រសត្វ បសុពេទ្យ និងមច្ឆវិទ្យា ការគ្រប់គ្រងអាជីវកម្ម ភាសាបរទេស ព័ត៌មានវិទ្យាជាដើម។

លោករដ្ឋមន្ត្រីថា ក្រសួងអប់រំ យុវជន និងកីឡា នឹងផ្ដល់អាហារូបករណ៍ចំនួន ៣០០កន្លែង សម្រាប់សិស្សានិសិស្សដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៨នេះ និងសម្រាប់សិស្សទូទៅ និងអាទិភាព ក្នុងនោះ ១៨០កន្លែង សម្រាប់សិស្សទូទៅ៤០កន្លែង សម្រាប់អាទិភាពសិស្សនារី៦០កន្លែង សម្រាប់អាទិភាពសិស្សក្រីក្រ និង ១២កន្លែង សម្រាប់អាទិភាពសិស្សនៅតំបន់ដាច់ស្រយាល។

លោក ហង់ ជួនណារ៉ុន បានបញ្ជាក់ថា បច្ចុប្បន្នសាកលវិទ្យាល័យក្រចេះ មានមន្ត្រីអប់រំបម្រើការងារសរុបចំនួន៤៨នាក់ (ស្រី២០នាក់) ក្នុងនោះមន្ត្រីក្របខណ្ឌមានចំនួន២២នាក់ និងមន្ត្រីជាប់កិច្ចសន្យាចំនួន២៦នាក់។ មន្ត្រីក្របខណ្ឌទាំងនេះ ភាគច្រើនជាមន្ត្រីវ័យក្មេង ដែលទើបបញ្ចប់ការសិក្សា និងមានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការបំពេញការងារ និងស្នាក់នៅក្នុងសាកលវិទ្យាល័យក្រចេះ។

ជាចក្ខុវិស័យ ដើម្បីបង្កើនសមត្ថភាព និងអភិវឌ្ឍធនធានមនុស្ស សាកលវិទ្យាល័យបានបញ្ជូនមន្ត្រីទៅចូលរួមវគ្គបណ្ដុះបណ្ដាល កិច្ចប្រជុំ សិក្ខាសាលា និងទស្សនកិច្ចសិក្សាជាច្រើនផ្សេងៗគ្នាទាំងក្នុង និងក្រៅប្រទេស ដូចជា ប្រទេសចិន វៀតណាម ម៉ាឡេស៊ី ថៃ ជប៉ុនជាដើម។

បើតាមលោករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន សាកលវិទ្យាល័យក្រចេះ នៅត្រូវការសាងសង់បន្ថែមនូវអន្តេវាសិកដ្ឋានជាច្រើនខ្នង សម្រាប់មន្ត្រី សាស្ត្រាចារ្យ និងនិស្សិតមួយចំនួន បានស្នាក់នៅ និងនៅត្រូវការរៀបចំសាងសង់កីឡដ្ឋានមួយ ដែលអាចធ្វើជាមូលដ្ឋាននៃវិទ្យាស្ថានកីឡា និងដើម្បីចូលរួមអភិវឌ្ឍវិស័យកីឡានៅកម្ពុជា។ លើសពីនេះ សាកលវិទ្យាល័យនៅត្រូវការរៀបចំ និងដំឡើងសម្ភារៈ ឧបករណ៍ មន្ទីរពិសោធន៍សម្រាប់បង្រៀន និងហ្វឹកហាត់អនុវត្តដល់និស្សិតទាំងថ្នាក់ឆ្នាំមូលដ្ឋាន និងឆ្នាំសិក្សាជំនាញ និងការរៀបចំស្ថានីយ៍ពិសោធន៍ និងស្រាវជ្រាវផ្នែកដំណាំ ចិញ្ចឹមសត្វ វារីវប្បកម្មជាដើម សម្រាប់ការហ្វឹកហាត់អនុវត្តរបស់និស្សិត៕