(ភ្នំពេញ)៖ លោកព្រះរាជអាជ្ញារង តុង ឈុងឡុង បានអនុញ្ញាតឲ្យជនសង្ស័យ​២នាក់ ក្នុងចំណោម​៤នាក់ ដែលពាក់ព័ន្ធ​ករណី​ក្លែងបន្លំឯកសារប្លង់ដី អ្នកដទៃ​យកទៅលក់បន្ត ត្រឡប់ទៅផ្ទះវិញ ក្រោយបញ្ចប់ការសួរនាំ នៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ ដោយពុំមានការចោទប្រកាន់នោះឡើយ។ នេះបើយោងតាម មន្រ្តីតុលាការបានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំតុលាការនៅរសៀល២៥ ខែមេសា ឆ្នាំ២០១៨នេះ។

ជនសង្ស័យដែលត្រូវ​លោក តុប ឈុនឡុង អនុញ្ញាតឲ្យត្រឡប់ទៅវិញនោះ គឺជាប្តីប្រពន្ធនឹងគ្នា ទី១៖ឈ្មោះ ណម ង៉ែត ​អាយុ​៤៩ឆ្នាំ​ជាប្រពន្ធ និងទី២​៖ឈ្មោះ ព្រំ ខន ​អាយុ​៦៨ឆ្នាំ ជាប្តី។

សូមបញ្ជាក់ថា កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឃាត់ខ្លួន​ក្រុមជនសង្ស័យ​ជាប្តីប្រពន្ធ ចំនួន​០៤នាក់ រួមមាន៖ ​ឈ្មោះ ធូ សុភ័ក្រ ហៅ ឡាយ ថាវី ហៅ​ស្រីនាង ​​អាយុ​៣៤ឆ្នាំ ជាប្រពន្ធ​ឈ្មោះ រើន សារាន់នី ​អាយុ​៣២​ឆ្នាំ​។ ​ឈ្មោះ ណម ង៉ែត ​អាយុ​៤៩ឆ្នាំ ជាប្រពន្ធ​ឈ្មោះ ព្រំ ខន ​អាយុ​៦៨ឆ្នាំ។

សមត្ថកិច្ចថា​ការឃាត់ខ្លួនជនសង្ស័យទាំង​០៤នាក់ ខាងលើធ្វើឡើងតាមពាក្យបណ្តឹងរបស់ ជនរងគ្រោះ ដែលបានអះអាង​ថា កាលពីអំឡុងឆ្នាំ២០១៧ និង២០១៨ ក្រុមជនសង្ស័យ និងបក្ខពួកមួយចំនួន​ទៀត បានរួមគ្នា​ក្លែងបន្លំឯកសារប្លង់ដីធ្លី របស់អ្នកដទៃ​យកទៅលក់ឲ្យខ្លួន បោកប្រាស់យកលុយ​អស់​១,១៣០,០០០​ (មួយលានមួយសែនបីម៉ឺនដុល្លារសហរដ្ឋអាមេរិក)។

ពាក់ព័ន្ធ​ករណីនេះ ក្រុមអ្នកសារព័ត៌មានប្រចាំតុលាការ ​មិនទាន់អាចសុំការបញ្ជាក់​ពីមូលហេតុដែលលោក តុប ឈុនឡុង សម្រេចដោះលែង​ជនសង្ស័យ​២នាក់ ខាងលើពី លោក លី សុផាណា អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានទេ ដោយសារលោកមិនបានឆ្លើយតបនឹងសំនួរ ដែលបានផ្ញើជូនតាមគ្រុប Telegram៕