(ក្រចេះ)៖ ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ​រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានព្រមានបិទ​ក្រុមហ៊ុនដឹកជញ្ជូនណា ដែលនៅតែគឃ្លើនមិនគោរពច្បា​ប់ ជាក់ស្ដែងក្រុមហ៊ុនណា ដែលនៅតែបន្ដដឹកទំនិញលើសទម្ងន់ និងប្រាប់មន្ដ្រីឲ្យត្រូវ​ប្រើយន្តការច្បាប់ រកឲ្យឃើញប្រភពក្រុមហ៊ុនដឹកជញ្ជូនទាំងអស់នោះ។

ការថ្លែងបែបនេះរបស់ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ធ្វើឡើងនៅ​ព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ ក្នុងឱកាសលោក អមដំណើរដោយលោក ធុន គ្រី អនុប្រធានក្រុមប្រឹក្សាខេត្ត និងលោក សរ ចំរុង អភិបាលខេត្តក្រចេះ បានចុះសំណេះសំណាលជាមួយមន្ត្រី បុគ្គលិក និងកម្មករទាំងអស់ បម្រើការងារក្នុងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ។

ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល បានលើកឡើងពីការត្រួតពិនិត្យយានយន្តផ្ទុកទំនិញលើសទម្ងន់កម្រិតកំណត់ និងការកែច្នៃខុសលក្ខណៈ បច្ចេកទេសយានយន្ត ត្រូវតែបន្តអនុវត្តឲ្យបានជាប្រចាំ និងម៉ឺងម៉ាត់បំផុតព្រោះថា បើរថយន្តតែមួយគ្រឿងដឹកលើសទម្ងន់ កម្រិតកំណត់២០តោន គឺស្មើនឹងរថយន្ត ១៦០,០០០គ្រឿង ធ្វើចរាចរនៅលើផ្លូវនោះ ដែលធ្វើឲ្យផ្លូវឆាប់ទ្រុឌទ្រោម និងដូចខាត និងធ្វើឲ្យខាតបង់ថវិកាជាតិ រាប់រយលានដុល្លារ សម្រាប់ជួសជុលផ្លូវឡើងវិញក្នុងមួយឆ្នាំៗ។

លើសពីនេះទៅទៀត លោក ស៊ុន ចាន់ថុល បានបង្ហាញពីគម្រោងថ្មីៗ ដែលត្រូវអនុវត្តបន្ត រួមមាន៖ ការសាងសង់ស្ពានបេតុង​៥កន្លែង លើកំណាត់ផ្លូវជាតិលេខ៧៣, ការពង្រីផ្លូវជាតិលេខ៥ និងផ្លូវជាតិលេខ៣ ពី២គន្លងទៅ៤គន្លង ផ្លូវល្បឿនលឿនភ្នំពេញ ទៅខេត្តព្រះសីហនុ, ការពង្រីកកំពង់ផែទឹកជ្រៅ ខេត្តព្រះសីហនុ ការពង្រីកការដឹកជញ្ជូនអ្នកដំណើរ តាមផ្លូវទឹក ការសិក្សាគម្រោងសាងសង់ផ្លូវជាតិពីបាត់ដំបង ទៅខេត្តកោះកុង និងគម្រោងផ្សេងៗទៀតជាច្រើន។

ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រី ក៏បានផ្ដាំផ្ញើឲ្យមន្ត្រីទាំងអស់ រួបរួមសាគ្គីសហការគ្នាឲ្យបានរឹងមាំ ហើយសូមកុំឲ្យមានការបែងចែកជាក្រុម ជាបក្ខពួក ពោលគឺមានតែក្រុមមួយគត់គឺ ក្រុមមហាគ្រួសារក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីរួមគ្នាកសាងជាតិមាតុភូមិឲ្យមានការរីកចម្រើន តាមក្ដីស្រម៉ៃរបស់យើងម្នាក់ៗ ដែលចង់ឃើញប្រទេសកម្ពុជារីកចម្រើន ដូចប្រទេសអភិវឌ្ឍន៍ក្នុងសកលលោក។ ក្នុងឱកាសនោះ លោកបានឧបត្ថម្ភថវិកា​ ដល់មន្រ្តីសាធារណការ និងកម្មករចំនួន១២០នាក់ ក្នុ​ងម្នាក់ ចំនួន៤០,០០០រៀល ផងដែរ។

សូមជម្រាបថា ក្នុងឱកាសនោះ លោក ស្រេង ស្រស់ ប្រធានមន្ទីរសាធារណការ និងដកជញ្ជូនខេត្តក្រចេះ ​វិស័យហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ថ្នល់ ដែលមន្ទីរខេត្តសម្រេចបានក្នុងឆ្នាំ២០១៧ និងគម្រោងដែលមន្ទីរបានទទួលក្នុងឆ្នាំ២០១៨។​ ដោយឡែកការងារផ្ដល់សេវាលើវិស័យដឹកជញ្ជូន លោកប្រធានមន្ទីរ បានបញ្ជាក់ថា មន្ទីរអនុវត្តន៍តាមប្រព័ន្ធស្វ័យប្រវត្តិកម្ម ដែលមានភាពងាយស្រួល និងមានតម្លាភាពសម្រេចបានការចុះបញ្ជីយានយន្តសរុបបានចំនួន ៥,២៦៨គ្រឿង ក្នុងនោះរថយន្តចំនួន១៨៤គ្រឿង ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តសរុប ១,៧៣៥គ្រឿង ផ្ដល់លិខិតអនុញ្ញាតិឲ្យយានយន្ត ធ្វើអាជីវកម្មសរុប ១,១៨៣គ្រឿង និងផ្ដល់ប័ណ្ណបើកបរយានយន្តសរុបចំនួន ៤,៦៥៨ប័ណ្ណ៕