(កណ្ដាល)៖ អតីតយុទ្ធជននៅស្រុកស្អាង ខេត្តកណ្ដាល ក្រោយបង្ហាញការឆ្អែតឆ្អន់ ជាមួយភ្លើងសង្គ្រាមកាលពីអតីតកាល បានប្ដេជ្ញាចូលរួមថែរក្សាសន្ដិភាព សន្ដិសុខ សណ្នាប់ធ្នាប់ ដាច់ខាតមិនបុគ្គល ឬក្រុមណាមកបំផ្លាញនោះទេ ហើយបានប្ដេជ្ញាបន្ដបោះឆ្នោត​គាំទ្រ សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ដ្រីគ្រប់អាណត្តិ។

ថ្លែងបែបនេះ ត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨នេះ ក្នុងឱកាសនាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា អមដំណើរដោយ លោក ទី សុគន្ធ អនុប្រធានទី១ គណៈពង្រឹងស្រុកស្អាង និងលោក​ នៃ ចារី អភិបាលរង​ខេត្តកណ្តាល បានអញ្ជើញចុះជួប​សំណេះសំណាល និងបំពាក់មេដាយការពារជាតិ ជូនសមាជិកអតីតយុទ្ធជន​ចំនួន៥៥១នាក់​មកពីទូទាំងស្រុក។

​ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ គន់ គីម បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខនឹករលឹក​ពីសម្តេចតេជោ ហ៊ុន សែន និង​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដោយ​សម្តេច ជាប់រវល់មមាញឹកក្នុងការងារ ហេតុនេះសម្តេច​បានលោក​មកជួបជំនួស ហើយលោកក៏បានកោតសសើរ ចំពោះការខិតខំបំពេញការងាររបស់ថ្នាក់ដឹកនាំសមាគម គ្រប់ថ្នាក់នៅក្នុងស្រុក ដែលបានយកចិត្តទុកដាក់គិតគូពីសុខទុក្ខ និងជីវភាពរបស់សមាជិក ព្រមទាំងបានធ្វើផ្ទះជូនអ្នកមានជីវភាពទ័លក្រ​៣ខ្នង និងបានធ្វើពិធី​ជួបជុំ​នៅពេលមានពិធីផ្សេងៗ ជាច្រើនលើក ដូចជាបុណ្យជ័យជំនះ៧​មករា បុណ្យឯករាជ្យជាតិ និងពិធីសំណេះសំណាលផ្សេងៗ។

នាយឧត្តមសេនីយ៍ បានជំរុញថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនកម្ពុជា ត្រូវបន្តការខិតខំនេះបន្ថែមទៀត ជាពិសេសពេលសមាជិក​មានធុរៈ ឬជំងឺត្រូវចាត់ចែងជួយឲ្យបានទាន់ពេលវេលា ពេលមានកម្មវិធីជួបប្រជុំ ឬ​បុណ្យជាតិ ត្រូវអញ្ជើញសមាជិកចូលផង។ ចំពោះអ្នកដែលមានជីវភាពទីទ័លក្រ លោកបានជម្រុញឲ្យសមាគមថ្នាក់ស្រុក ត្រូវចុះពិនិត្យជាក់ស្តែង ដើម្បីលើកសំណើសុំដោះស្រាយជូនឲ្យរួចមុន ខែមិថុនា ឆ្នាំ២០១៨។

​ទន្ទឹមនោះ អគ្គលេខាធិការរូបនេះ បានគូសបញ្ជាក់ថា ដោយការគិតគូរខ្ពស់របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​កម្ពុជា និងជាប្រធាន សមាគមអតីតយុទ្ធជនកម្ពុជា ដើម្បីតបស្នងគុណបំណាច់របស់បងប្អូន ដែលបានបូជាចំពោះជាតិមាតុភូមិ ទើបថ្ងៃនេះ​​ទទួលការបំពាក់មេដាយការពារជាតិ ទៅតាមអតីតភាពម្នាក់ៗ។

ជាមួយគ្នានោះ លោកតា កាក់ នី ជាយោធិននិវត្តន៍ រស់នៅ​ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង និងលោក អុក ហុង ជាប៉ូលីសចូលនិវត្តន៍ រស់នៅភូមិដើមព្រីង ឃុំកោះខែល តំណាង​​សមាជិក​ក្នុងស្រុកដែលបានចូលរួមក្នុងពិធីនេះបាន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានយកចិត្តទុកដាក់ដល់ពួកគាត់លើគ្រប់វិស័យ។ ក៏ដូចជា​សមាជិក​នៅកន្លែងដទៃទៀត ហើយពួកគាត់ប្ដេជ្ញាថា នឹង​ទៅបោះឆ្នោតគ្រប់គ្នា ហើយបន្ដបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមាន​សម្តេច ហ៊ុន សែន ជាប្រធាន៕