(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអះអាងថា ស្ថានភាពសេដ្ឋកិច្ចកម្ពុជា កំពុងសម្រេចបាននូវស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចយ៉ាងរឹងមាំ ជាមួយកំណើនសេដ្ឋកិច្ចខ្ពស់ ទោះបីត្រូវជួបប្រទះនូវបញ្ហាប្រឈម និងហានិភ័យពីខាងក្រៅមួយចំនួនក៏ដោយ ដែលប្រការនេះ គឺជាការសបញ្ជាក់ឲ្យឃើញថា កម្ពុជាកំពុងតែដើរនៅលើផ្លូវត្រូវ។

ការអះអាងយ៉ាងដូច្នេះបានធ្វើឡើងក្នុងឱកាសដែលទេសរដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ដែលជាទេសាភិបាលរបស់កម្ពុជា ប្រចាំធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានទទួលជួបសវនការការងារ ជាមួយគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី ដែលដឹកនាំដោយលោក រ៉ាមេស្ស ស៊ូប្រាម៉ានីញាម អគ្គនាយកទទួលបន្ទុក នាយកដ្ឋានអាស៊ីអាគ្នេយ៍ នៃធនាគារអភិវឌ្ឍន៍អាស៊ី នាល្ងាចថ្ងៃ ទី២៤ ខែមេសា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ជំនួសពិភាក្សាការងារនេះ ធ្វើឡើងក្នុងឱកាស ដែលប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី បានមកបំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងគោលបំណងជួប ពិភាក្សាការងារ ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ស្ថាប័នផ្សេងៗ របស់រាជរដ្ឋាភិបាល និងតំណាងវិស័យឯកជន ព្រមទាំង ចុះពិនិត្យវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសមៈ ដែលស្ថិតនៅក្រោមក្របខ័ណ្ឌគម្រោងពង្រឹង វិស័យអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ហិរញ្ញប្បទានដោយ ADB។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះការអញ្ជីញមកបំពេញទស្សនកិច្ចនៅកម្ពុជា របស់គណៈប្រតិភូ ADB ហើយបានសម្តែងនូវអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការគាំទ្រ និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ របស់ ADB ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចអភិវឌ្ឍន៍ប្រទេសកម្ពុជា។

លោកក៏បានជម្រាបជូនប្រតិភូ អំពីស្ថានភាពសេដ្ឋកិច្ចនៃប្រទេសកម្ពុជា ដែលកំពុងសម្រេច បាននូវស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចយ៉ាងរឹងមាំ ជាមួយនឹងកំណើនសេដ្ឋកិច្ចខ្ពស់ ទោះបីត្រូវជួបប្រទះនូវបញ្ហាប្រឈម និងហានិភ័យ ពីខាងក្រៅមួយចំនួនក៏ដោយ ដែលប្រការនេះ គឺជាការសបញ្ជាក់ឲ្យឃើញថា កម្ពុជាកំពុងតែដើរ នៅលើផ្លូវត្រូវ។

លោកបានបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជា សម្រេចបានកំណើនក្នុងរង្វង់៧% ក្នុងឆ្នាំ២០១៧ និងការព្យាករណ៍កំណើនសេដ្ឋកិច្ច ដែលអាចនឹងនៅតែសម្រេចបានប្រមាណ ៧% ក្នុងឆ្នាំ២០១៨ នេះផងដែរ។ មានន័យថាសេដ្ឋកិច្ចកម្ពុជា ត្រូវបានគេរំពឹងថា នឹងរក្សាកំណើនខ្ពស់ ក្នុងរយៈពេលវែងប្រកបដោយចីរភាពក្នុងរង្វង់៧% ក្នុងមួយឆ្នាំ និងកាត់បន្ថយភាព ក្រីក្រឱ្យបានលើស១% ក្នុងមួយឆ្នាំ ហើយកម្ពុជានឹងក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ២០៣០ និងប្រទេសមាន ចំណូលខ្ពស់ត្រឹមឆ្នាំ ២០៥០ ។

លោក រ៉ាមេស្ស ស៊ូប្រាម៉ានីញាម បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល និងអបអរសាទរចំពោះជោគជ័យដ៏ធំធេងរបស់កម្ពុជា ដែលសម្រេចបាន គោលដៅអភិវឌ្ឍសហសវត្សមុនកាលកំណត់។ លោក រ៉ាមេស្ស ក៏បានរាយការណ៍អំពីវឌ្ឍនភាព នៃការងារប្រតិបត្តិរបស់ ADB ដែលបានរួមចំណែកដល់ការកាត់បន្ថយភាព ក្រីក្រប្រកបដោយប្រសិទ្ធភាព និងជំរុញកំណើន សេដ្ឋកិច្ចប្រកបដោយចីរភាព។

លោកបានជម្រាបថា ក្រោមក្របខ័ណ្ឌយុទ្ធសាស្រ្តឆ្នាំ ២០៣០, ADB កំពុងធ្វើកំណែទម្រង់ផ្ទៃក្នុងរបស់ខ្លួន ព្រមទាំងការរពង្រឹងភាពជាដៃគូជាមួយប្រទេសសមាជិក និងដៃគូពាក់ព័ន្ធទាំងអស់ ដើម្បីធ្វើឲ្យស្ថាប័ននេះ កាន់តែរឹងមាំខ្លាំងជាងមុន ប្រសើរជាងមុន និងកាន់ តែមានភាពរហ័សរហួនជាងមុន ក្នុងការផ្តល់ការឆ្លើយតបទៅនឹងតម្រូវការ ក្នុងការអភិវឌ្ឍរបស់ប្រទេសជាសមាជិក។

អគ្គបណ្ឌិតសភាចារ្យ ទេសរដ្ឋមន្ត្រី បានថ្លែងស្វាគមន៍ នូវក្របខ័ណ្ឌយុទ្ធសាស្រ្តឆ្នាំ ២០៣០ របស់ ADB ហើយកម្ពុជា នឹងបន្តពង្រឹងភាពជាដៃគូជាមួយ ADB ឲ្យកាន់តែជិតស្និទ្ធិ និងរឹងមាំជាងមុន និងបានស្នើ ADB ធ្វើការយកចិត្តទុកដាក់ ឲ្យបានខ្លាំងបន្ថែមទៀតលើ ១៖ ការធ្វើសមាហរណកម្ម នៅក្នុងតំបន់ និងអនុតំបន់, ២៖ ផ្តល់ការកសាងប្រព័ន្ធលទ្ធកម្ម ប្រទេសដ៏រឹងមាំស្របតាមឧត្តមានុវត្តជាអន្តរជាតិ និងបរិការណ៍នៅកម្ពុជា និង ៣៖ ផ្តល់ការ កសាងសមត្ថភាពជារួម និងជាពិសេស លើការបណ្តុះបណ្តាលបច្ចេកទេស និងវិជា្ជជីវៈដល់កម្ពុជា។

ជាមួយគ្នានេះ សម្រាប់យុទ្ធសាស្ត្រភាពជាដៃគូ សម្រាប់អភិវឌ្ឍន៍កម្ពុជាថ្មី ឆ្នាំ ២០១៩-២០២៣ ដែល ADB គ្រោងនឹងរៀបចំ, លោកអគ្គបណ្ឌិតសភាចារ្យទេសរដ្ឋមន្ត្រី បានស្នើឲ្យមានសង្គតិភាពទៅនឹងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ដែលនឹងផ្តោតលើ៖ ១៖ វិស័យអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ,២៖ គោលដៅអភិវឌ្ឍន៍ប្រកបនិរន្តភាពរបស់កម្ពុជា,៣៖ ការអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម, ៤៖ កំណែទម្រង់ ហិរញ្ញវត្ថុសាធារណៈ, ៥៖ ការពង្រឹងអភិបាលកិច្ច, និង៦៖ សេដ្ឋកិច្ចឌីជីថលជាដើម។

ទន្ទឹមនេះ លោកអគ្គបណ្ឌិតសភាចារ្យទេសរដ្ឋមន្ត្រី ក៏បានស្វាគមន៍ចំពោះសុភវិនិច្ឆ័យ របស់ក្រុមការងារប្រតិបត្តិរបស់ ADB ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលនឹងបានស្តែងឡើង តាមរយៈការបង្ហាញជំហរ ច្បាស់លាស់ក្នុងការបន្តគាំទ្រ និងពង្រីកកិច្ចសហប្រតិបត្តិការនៅកម្ពុជាហើយ ADB ដែល នៅតែបន្តដើរតួនាទីយ៉ាងសំខាន់ ក្នុងដំណើរការអភិវឌ្ឍប្រទេសកម្ពុជា ក្នុងភាពជាដៃគូល្អ និងស្មើភាពគ្នា។

ជាមួយគ្នានេះ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ត្រៀមខ្លួនជាស្រេច ក្នុងកិច្ចសហប្រតិបត្តិការ ជាមួយប្រធានស្ថានតំណាង ADB ថ្មីប្រចាំនៅកម្ពុជាផងដែរ៕