(កំពង់ធំ)៖ ដីព្រៃប្រមាណ៤០ហិចតា នៅចំណុច​ត្រាំក្ដា ភូមិដងអន្ទាក់ ឃុំសាលាវិស័យ ស្រុកប្រាសាទបាល្ល័ង្ក ខេត្តកំពង់ធំ កំពុងត្រូវបានរងការកាប់ទន្ទ្រាន និងឈួសឆាយយ៉ាងអនាធិបតេយ្យ ដោយមិនញញើតច្បាប់បន្ដិចណាសោះ។

ការកាប់ទន្ទ្រាន និងឈួសឆាយបែបនេះ ធ្វើឲ្យប្រជាពលរដ្ឋមូលដ្ឋាននៅមិនសុខឡើយ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨នេះ ស្នើដល់អាជ្ញាធរពាក់ព័ន្ធ ពិសេសលោកអភិបាលស្រុកប្រាសាទបាល្ល័ង្ក ​និង​នាយសង្កាត់រដ្ឋបាលព្រៃឈើប្រាសាទបល្ល័ង្ក ជួយមានវិធានការទប់ស្កាត់ ឬចាត់ការតាមច្បាប់ផង ព្រោះដីព្រៃនេះជាសម្បត្តិរបស់រដ្ឋ។

ប្រភពព័ត៌មានបានបង្ហើបឲ្យដឹងថា ​​ឈ្មួញដែលជាមេក្លោងនេះ ការកាប់ទន្ទ្រាននេះ ត្រូវបានគេស្គាល់ឈ្មោះ ម៉េង លៀប ឆ្លៀតឱកាសជួលឲ្យ​ពលរដ្ឋកាប់ឆ្ការព្រៃធំ ក៏ត្រូវបានសមត្ថកិច្ចចុះទៅផ្អាកម្តងរួចមកហើយ កាលពីឆ្នាំ​២០១៧ លុះមកដល់ថ្ងៃទី​២៣ ខែមេសា ឆ្នាំ២០១៨ ក៏មានការនាំគ្រឿងចក្រមកឈូសឆាយម្តងទៀត ដោយពុំមានច្បាប់អនុញ្ញាតនោះ ​ក្រោយពីបែកការដល់សមត្ថកិច្ច លោក ម៉េង លៀប ដែលជាម្ចាសដីបានបញ្ជាឲ្យដកគ្រឿងចក្រ ពីចំណុច​ត្រាំក្ដា ភូមិដងអន្ទាក់ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក​វិញ។

​ប្រភពដដែលបញ្ជាក់ថា ឈ្មោះ ម៉េង លៀប ជាឈ្មួញដីដែលចូលចិត្តធ្វើនំអត់ម្សៅ មានទីលំនៅភ្នំពេញ បានមកកើបលាភសំណាងពីខេត្តកំពង់ធំ ដោយការឈូសយកដីរបស់រដ្ឋ យកធ្វើជាកម្មសិទ្ធ។

​ពាក់ព័ន្ធករណីនេះ លោក ភោគ ចិត្រា នាយសង្កាត់រដ្ឋបាលព្រៃឈើសាលាវិស័យ បានឆ្លើយប្រាប់តាមទូរស័ព្ទថា ករណីនេះលោកនឹងធ្វើលិខិតបញ្ជាក់តាមក្រោយ។

លោក វណ្ណៈ ផានិត អភិបាលស្រុកប្រាសាទបល្ល័ង្ក បានប្រាប់តាមទូរស័ព្ទថា ដីដែលកំពុងតែឈូសឆាយរបស់រដ្ឋនេះ គឺពិតជាពុំបានសុំច្បាប់អនុញ្ញាត​ត្រឹមត្រូវ​ឡើយ ទាំងការសុំច្បាប់ឈូស ទាំងការទិញលក់ និងការឈូសផ្លូវចូល ដូច្នេះមន្ដ្រីជំនាញនឹងពិនិត្យឲ្យបានល្អិតល្អន់ ហើយនឹងធ្វើការដកហូតមកវិញ បើពិនិត្យ​ឃើញថាជាដីប៉ះពាល់មែននោះ៕