(សៀមរាប)៖ ក្នុងន័យលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ ធនាគារជាតិនៃកម្ពុជា និងសហព័ន្ធបរិយាប័ន្នហិរញ្ញវត្ថុ (AFI) បានរៀបចំកិច្ចប្រជុំក្រុម​ការងារ ស្ដីពី ​ក្រុមការងាររៀបចំយុទ្ធសាស្រ្ដបរិយាប័ន្នហិរញ្ញវត្ថុ (FISPLG) និងក្រុមកាងាររៀបចំបទដ្ឋាន សម្រាប់បរិយាប័ន្នហិរញ្ញវត្ថុ (GSP) មួយ​នៅក្នុងខេត្តសៀមរៀប​។

កិច្ចប្រជុំនេះធ្វើឡើង ដើម្បីរៀបចំគោលនយោបាយនានា ពាក់ព័ន្ធនឹងការលើកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ ជាពិសេសការលើកកម្ពស់ ប្រជាពលរដ្ឋ​ដែលរស់​នៅ តាមជនបទអាចមានលទ្ធភាពទទួលបាន និងប្រើប្រាស់សេវាហិរញ្ញវត្ថុជាផ្លូវការ។

លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានថ្លែងឲ្យដឹងនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ថា ការលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ ជា​ពិសេសការជំរុញឲ្យប្រជាពលរដ្ឋ តាមជនបទអាចទទួលបាន និងប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការនេះ បានរួមចំណែកយ៉ាងច្រើន ដល់ការជំរុញកំណើន​សេដ្ឋកិច្ច និងពង្រឹងស្ថិរភាពហិរញ្ញវត្ថុ។

លោកបញ្ជាក់ថា បើតាមរយៈលទ្ធផលនៃការអង្កេតស្រាវជ្រាវរបស់ FinScope កាលពីឆ្នាំ២០១៥ បានបង្ហាញថា៥៩% នៃចំនួន​ប្រជាពលរដ្ឋ​ពេញវ័យសរុបមានលទ្ធភាព និងប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ ចំណែកឯ១២%ទៀតបានប្រើប្រាស់សេវាហិរញ្ញវត្ថុមិនផ្លូវការ និង២៩%ទៀត​ពុំទាន់ បានប្រើប្រាស់សេវាហិរញ្ញវត្ថុនៅឡើយទេ។

លោកបញ្ជាក់ទៀតថា បច្ចុប្បន្ននេះបច្ចេកវិទ្យាហិរញ្ញវត្ថុ មានការរីកចម្រើនយ៉ាងខ្លាំង និងមានតួនាទីសំខាន់ ក្នុងការលើកម្ពស់ការទទួលបាន និងការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ ប្រកបដោយគុណភាព និងតម្លៃសមស្រប់ ហើយប្រជាពលរដ្ឋ ដែលប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ ក៏បានទទួល​ការគាំទ្រត្រឹមត្រូវតាមច្បាប់។

សូមបញ្ជាក់ថា AFI ជាស្ថាប័នអន្ដរជាតិមិនស្វែងរកប្រាក់ចំណេញ និងមានបេសកកម្មផ្ដោតសំខាន់លើការរៀបចំគោលនយោបាយ និងក្របខណ្ឌបទបញ្ញត្តិពាក់ព័ន្ធ នឹងបរិយាប័ន្នហិរញ្ញវត្ថុ៕