(ភ្នំពេញ)៖ រថយន្តម៉ាក NISSAN NAVARA បើកវ៉ាជែងរថយន្តក្រុងដឹកអ្នកដំណើររបស់ក្រុមហ៊ុន Giantibis transport បណ្ដាលឲ្យប៉ះកៀរ ហើយជ្រុលចង្កូតទៅបុករថយន្តដឹកដីក្រឡាប់ផ្ងាជើង ចាក់ដីចោលពេញផ្លូវ តែសំណាងល្អមិនបណ្តាយឲ្យមនុស្សណាម្នាក់រងរបួសនោះទេ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនេះ បានកើតឡើងនៅម៉ោង៣៖១០នាទីរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ត្រង់ចំណុចភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

រថយន្តបង្កម៉ាក​ NiSSAN NAVARA ពណ៌ស​ពាក់ស្លាក់លេខ​ ភ្នំពេញ​ 2AD-5335 រថយន្តរងគ្រោះទី១-ម៉ាក​HiNO ពណ៌ត្រីអ៊ី​ ពាក់ស្លាក់លេខ​ខេមរភូមិន្ទ 02-3-0561 រថយន្តរងគ្រោះទី២-ម៉ាកហ៉ីយ៉ាន់ដាយ ពណ៌ទឹកប្រាក់​ ពាក់ស្លាក់លេខ​ AT18-3-0349។

ជាក់ស្ដែងរថយន្តបង្ក​ខូចខាតកង់ខាងមុខ និងកំពិតផ្នែកខាងស្ដាំយ៉ាងដំណំ។ ឯរថយន្ដម៉ាក HiNO ខូចខាតផ្នែកខាងមុខយ៉ាងដំណំ។ ចំពោះរថយន្តហ៊ីយ៉ាន់ដាយ ខូចខាតផ្នែកខាងមុខបន្តិចបន្តួចនូវផ្នែកខាងស្ដាំប៉ុណ្ណោះ។ ចំណែកអ្នកបើកបររថយន្តទាំង៣គ្រឿង មិនត្រូវបានស្គាល់ពីអត្តសញ្ញាណនោះទេ។

ប្រភពពត៌មានពីកន្កែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាក NISSAN NAVARA ពណ៍សរពាក់ស្លាកលេខ ភ្នំពេញ 2AD-5335 បើកបរតាមបណ្តោយផ្លូវជាតិលេខ៦A ក្នុងទិសដៅពីជើងទៅត្បូង ខណៈបើកមកដល់ចំណុចកើតហេតុ ក៍វ៉ាជែងខាងស្តាំដៃ នៃរថយន្តក្រុងដឹកអ្នកដំណើរក្រុមហ៊ុន Giantibis Transport ម៉ាកហ៊ីយ៉ាន់ដាយ ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ AT18-3-0349 ដោយមិនប្រយ័ត្នបណ្ដាលឲ្យប៉ះគារក្បាលរថយន្តក្រុងខាងស្តាំ ហើយជ្រុលចង្កូតទៅមុខប៉ះជាមួយឃឿនថ្មសួនច្បារទ្រូងផ្លូវ រួចបួងចង្កូតទៅបុកគូទរថយន្តដឹកដី ម៉ាកហ៊ីណូ ពណ៍ត្រេអី ពាក់ស្លាកលេខេមរភូមិន្ទ 02-3-0561 ចំពីក្រោយបណ្តាលឲ្យក្រឡាប់ផ្ងាជើង ចាក់ដីពេញផ្លូវតែពិតជាសំណាងល្អណាស់ ដោយមិនបណ្តាលឲ្យមាននរណាម្នាក់ រងរបួសនោះឡើយ។

ក្រោយកើតហេតុ រថយន្តទាំង៣គ្រឿង ត្រូវបានសមត្ថកិច្ចមូលដ្ឋានបានទាក់ទង់សមត្ថកិច្ចជំនាញធ្វើការវាស់វែង និងស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោក នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដើម្បីដោះស្រាយគ្នាទៅតាមច្បាប់នៅពេលក្រោយ៕