(កណ្ដាល)៖ នាយឧត្តមសេនីយ៍ គន់ គីម ប្រាប់​អតីតយុទ្ធជនទាំងអស់ សូមចូលរួមក្នុងការអនុវត្ត គោលនយោបាយភូមិ ឃុំមានសុវត្ថិភាព តាមរយៈនៃការស្ម័គ្រចិត្ត ធ្វើជាភ្នាក់ងារ ជាភ្នែកច្រមុះឲ្យប៉ុស្តិ៍រដ្ឋបាលឃុំ ​សង្កាត់ ដើម្បីផ្តល់ព័ត៌មានពីភាពមិនប្រក្រតីដូចជា អំពីល្បែងស៊ីសង ការចរាចរគ្រឿងញៀន ចោរកម្ម និងបទល្មើសផ្សេង​ៗ ក្នុងសហគមន៍ ដើម្បីឲ្យសមត្ថកិច្ច ចាត់ការបង្ក្រាបឲ្យមានប្រសិទ្ធភាព ធានា​ភូមិ ឃុំ​មានសន្តិសុខ សណ្តាប់ធ្នាប់ល្អ គ្មានអំពើហិង្សា គ្រួសាររស់នៅ​មានសុភមង្គល​។

នាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បាន​ស្នើបែបនេះ​ក្នុងឱកាស​អញ្ជើញជួបសំណេះ​សំណាល និងបំពាក់មេដាយការពារជាតិ ជូន​អតីតយុទ្ធជនក្នុង​ស្រុកកៀនស្វាយ ខេត្តកណ្តាល ចំនួន៦១៥នាក់ ដែលអមដំណើរដោយ​នាយឧត្តមសេនីយ កិត្តិបណ្ឌិត ឌុល គឿន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ នាព្រឹក​ថ្ងៃទី​២៦ ខែ​មេសា ឆ្នាំ​២០១​៨នេះ។

ជាមួយនឹងការ​នាំ​នូវផ្តាំផ្ញើសួរសុខទុក្ខដោយក្តីនឹករលឹកបំផុតពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​នោះ នាយឧត្តមសេនីយ៍ គន់ គីម បានអំពាវនាវឲ្យ​អតីតយុទ្ធជនទាំងអស់ ត្រូវចេះរួបរួមសាមគ្គីគ្នា ចេះគោរពស្រឡាញ់ ជួយគ្នាទៅវិញទៅមក ដូច​ក្នុងមហាគ្រួសារតែមួយ។ ​

ទន្ទឹមនោះ​ត្រូវជឿជាក់​ស្មោះស្ម័គ្រ គាំទ្រ​ការដឹកនាំ​របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ហើយប្តេជ្ញា​ការពារឲ្យបានគង់វង្ស មរតកសន្តិភាព ដែលបានមកពីការលះបង់ដ៏ធំធេងរបស់បងប្អូន ក្រោមនយោបាយឈ្នះ ឈ្នះ។

សូមបញ្ជាក់ថា អតីតយុទ្ធជនទូទាំង​១១​ក្រុង​ស្រុក នៃខេត្តកណ្តាល ដែលត្រូវទទួលបានមេដាយការពារជាតិ​មានចំនួន​៤,៣៤៨​នាក់​។ ​មកដល់​ពេលនេះ បើគិតទាំងស្រុកកៀនស្វាយផង ​សមាគម​បានប្រារព្ធពិធីបំពាក់ បាន​១០​ក្រុង​ស្រុកហើយ។

ជាមួយគ្នានេះ លោក ស្រី មាន អាយុ​៥៨​ឆ្នាំ ​រស់នៅ​ភូមិរទាំងត្បូង ឃុំភូមិធំ ស្រុកកៀនស្វាយ អតីតប្រធាន ខ វរសេនាតូចលេខ​៤ កងពល​១៧៩ ដែលពិការជើងម្ខាងដោយសារមីន នៅសមរភូមិបរឡាន​ប៉ៃលិន បាននិយាយទាំងញញឹមញញែមថា រូបគាត់មានក្តីរំភើបខ្លាំងណាស់ ដោយបានទទួលមេដាយ ប្រាក់​ការពារជាតិ​នាពេលនេះ ហើយក៏មានចិត្តត្រេកអរមែនទែន ដោយបានជួប និងបានស្តាប់ នាយឧត្តមសេនីយ៍ គន់ គីម និយាយ​។ «យើងខ្ញុំ​សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចតេជោ ប្រធាន ដែលបានចាត់ ឯកឧត្តម ​នាយឧត្តមសេនីយ៍ គន់ គីម មកសួរសុខទុក្ខ និងបំពាក់គ្រឿងឥស្សរិយយស ការពារជាតិដល់យើងខ្ញុំ»៕