(កំពង់ឆ្នាំង)៖ ដោយមើលឃើញពីផ្នត់គំនិតមួយចំនួនក្នុងសង្គមបច្ចុប្បន្ន មិនសូវផ្ដល់តម្លៃខ្ពស់ដល់ស្ត្រីដែលបម្រើការក្នុងវិស័យទេសចរណ៍ មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍ បានអំពាវនាវ ដល់គ្រប់តួអង្គពាក់ព័ន្ធចូលរួមលើកកម្ពស់តម្លៃស្ដ្រីឲ្យបានផុលផុស ព្រោះស្ត្រីនេះហើយដែលជាកម្លាំងចលករដ៏សំខាន់ ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ឲ្យរីកចម្រើនទៅមុខ។

អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍លោកស្រី ហ៊ុន ដានី លើកឡើងយ៉ាងដូច្នេះ ក្នុងឱកាសបើកវគ្គបណ្ដុះបណ្ដាល និងផ្សព្វផ្សាយការយល់ដឹងស្ដីពី ការបញ្ជ្រាបយេនឌ័រ អនុសញ្ញាស៊ីដ (CEDAW) ការលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រីក្នុងវិស័យទេសចរណ៍ នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នៅខេត្តកំពង់ឆ្នាំង។

លោកស្រី ហ៊ុន ដានី បានពន្យល់ថា មនុស្សមួយចំនួននៅតែគិតអវិជ្ជមានលើស្ត្រី ឲ្យតម្លៃទាបលើស្ត្រី ដូចជា នារីខារ៉ាអូខេ ឬនារីម៉ាស្សាជាដើម។ នារីដែលបម្រើការក្នុងវិស័យទេសចរណ៍ មិនថាតួនាទីការងារអ្វីទេ គឺសុទ្ធតែមានតម្លៃការងារដូចស្ត្រីទូទៅក្នុងសង្គមដែរ ពីព្រោះការងារទាំងនោះ គឺជាការងារសុចរិតទៀងត្រង់ មិនបានទៅលួចឆក់ប្លន់ទ្រព្យសម្បត្តិអ្នកដទៃឡើយ ពួកគាត់ប្រើកម្លាំង ប្រើចំណេះជំនាញរបស់គាត់ ដើម្បីប្ដូរជាមួយប្រាក់ខែរបស់ពួកគាត់។

ដោយមើលឃើញមូលហេតុទាំងនេះហើយ ទើបលោកស្រីអនុរដ្ឋលេខាធិការ អំពាវនាវដល់គ្រប់តួអង្គពាក់ព័ន្ធទាំងអស់ចូលរួមលើកកម្ពស់តម្លៃស្ដ្រីឲ្យបានផុលផុស ព្រោះស្ត្រីជាកម្លាំងចលករដ៏សំខាន់ ក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍។ មិនតែប៉ុណ្ណោះ លោកស្រីក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ ពិសេសស្ត្រីក្នុងវិស័យទេសចរណ៍ ត្រូវចូលរួមថែរក្សាសន្តិភាពដែលកំពុងមានដូចពេលបច្ចុប្បន្ន ដើម្បីបន្តការអភិវឌ្ឍលើគ្រប់វិស័យទៅមុខទៀត ពិសេសគឺវិស័យទេសចរណ៍នេះតែម្ដង។

លោកស្រី ហ៊ុន ដានី បានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាពិសេសក្រសួងទេសចរណ៍ ក្រោមការដឹកនាំរបស់លោករដ្ឋមន្ត្រី ថោង ខុន បានខិតខំយកចិត្តទុកដាក់លើការលើកកម្ពស់តម្លៃស្ត្រីនេះយ៉ាងផុសផុល ពីព្រោះវិស័យទេសចរណ៍ជាវិស័យសំខាន់មួយ ដែលមានអ្នកបម្រើការជាស្រ្តីច្រើនជាងបុរស។ ជាក់ស្ដែង ក្នុងឆ្នាំ២០១៧ ជាមួយនឹងការមកដល់នៃទេសចរអន្ដរជាតិជាង ៥.៦លាននាក់ បានបង្កើតឱកាសការងារដោយផ្ទាល់ជាង ៦២ម៉ឺននាក់ និងដោយប្រយោលរាប់សិបម៉ឺននាក់បន្ថែមទៀត ហើយពេលបច្ចុប្បន្ន ស្ត្រីដែលបម្រើការក្នុងវិស័យទេសចរណ៍មាន ៦០% ភាគច្រើនបម្រើការនៅតាមផ្នែកសេវាស្នាក់នៅ និងសេវាកម្សាន្តនានា។

ជារឿយៗ លោករដ្ឋមន្ត្រី ថោង ខុន តែងតែចាត់តាំងលោកស្រីអនុរដ្ឋលេខាធិការ ហ៊ុន ដានី ចុះមកផ្សព្វផ្សាយការយល់ដឹង ស្ដីពីការបញ្ជ្រាបយេនឌ័រ អនុសញ្ញាស៊ីដ (CEDAW) ការលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រីក្នុងវិស័យទេសចរណ៍ជារឿយៗ ក្នុងគោលបំណងដើម្បីជំរុញ និងបំផុសឲ្យការចូលរួមលើកកម្ពស់តម្លៃស្ត្រីក្នុងសង្គម ក៏ដូចជាកាត់បន្ថយការរើសអើងតាមរូបភាពផ្សេងៗ ចំពោះស្ត្រីនៅក្នុងវិស័យទេសចរណ៍នេះតែម្ដង។

សម្រាប់ខេត្តកំពង់ឆ្នាំង រយៈពេល៣ខែដើមឆ្នាំ២០១៨ ទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ១៦,៥៧៧នាក់។ ជាមួយគ្នានោះ សេវាកម្មទេសចរណ៍ក្នុងខេត្តជាប់បឹងទន្លេសាបមួយនេះ ក៏មានការអភិវឌ្ឍរីកចម្រើនគួរឲ្យកត់សម្គាល់ផងដែរ ហើយអ្វីដែលពិសេសនោះ ស្ត្រីក៏បានចូលរួមចំណែកយ៉ាងសំខាន់ផ្នែកសេវាកម្មក្នុងវិស័យមួយនេះ។

បន្ទាប់បើកវគ្គបណ្ដុះបណ្ដាលខាងលើហើយ នៅថ្ងៃស្អែក លោកស្រី ហ៊ុន ដានី ក៏នឹងដឹកនាំក្រុមមន្ត្រី និងក្រុមការងារចុះសំណេះសំណាល និងផ្ដាំផ្ញើការសួរសុខទុក្ខរបស់សម្ដេតតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងលោករដ្ឋមន្ត្រី ថោង ខុន ជូនចំពោះស្ត្រីដែលបម្រើការនៅមណ្ឌលអាជីវកម្មទេសចរណ៍នានា ក្នុងគោលបំណងដើម្បីដឹងពីសុខទុក្ខ និងដោះស្រាយបញ្ហាប្រឈមនានា និងលើកទឹកចិត្តពួកគាត់បន្តថែរក្សាប្រពៃណី និងតម្លៃស្ត្រីខ្មែរ៕