(ព្រះសីហនុ)៖ អគ្គិសនីកម្ពុជា (EDC) បានជូនដំណឹងថា នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង០៨៖៥១នាទីព្រឹក មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយក្រុងព្រះសីហនុ ទ្វារចរន្តទី7B ដែលបណ្តាយឲ្យដាច់ចរន្តនៅតំបន់មួយចំនួនស្ថិតនៅ ចាប់ពីអនុស្ថានីយក្រុងព្រះសីហនុ តាមបណ្តោយផ្លូវឯករាជ្យ រហូតដល់រង្វង់មូលតោពីរ និងតំបន់ទួលខ្សាច់ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

EDC បញ្ជាក់ថា មូលហេតុនៃការដាច់ចរន្តនេះ ដោយសារក្រុមហ៊ុនថៃប៊ុនរ៉ុង ប្រើអេស្កាវ៉ាទ័រកាយដី ប៉ះខ្សែបណ្តាញតង់ស្យុងមធ្យម(MV)ក្រោមដី។

នៅពេលនេះ ក្រុមការងារបច្ចេកទេសបានធ្វើការជួសជុល និងភ្ជាប់ចរន្តជូនអតិថិជនឲ្យឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ១០៖២៣នាទីព្រឹក។

អគ្គិសនីកម្ពុជា ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់នៅពេលបំពេញការងារនៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួលក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ៕