(ភ្នំពេញ)៖ សិក្ខាសាលាស្តីពីពាណិជ្ជកម្មហិរញ្ញវត្ថុអន្តរជាតិ និងការអភិវឌ្ឍសង្វាក់តម្លៃសាកល ត្រូវបានរៀបចំនៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨នេះ ក្រោម​អធិបតីភាព លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងលោក តូហ្វែល អាមេត រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបង់ក្លាដែស។

ក្នុងនោះក៏មានការចូលរួមពី លោក ម៉ាប៊ូប៊ួរ រ៉ាម៉ាន់ ប្រធានសភាពាណិជ្ជកម្មអន្តរជាតិបង់ក្លាដែស, ​​តំណាងវិស័យឯកជន ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ នៃប្រទេសទាំងពីរ ប្រមាណ​២០០នាក់។

ថ្លែងនៅក្នុងពិធីបើកសិក្ខាសាលា លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ពីតួនាទី របស់សហគ្រាសធុនតូច និងមធ្យម ក្នុងការស្តារវិបត្តិសេដ្ឋកិច្ចពិភពលោក តាមរយៈការបង្កើនសកម្មភាពពាណិជ្ជកម្មក្នុងតំបន់ និងការធ្វើសមាហរណកម្ម ទៅក្នុងបណ្តាញផលិតកម្មសាកល។

លោករដ្ឋមន្ត្រី បានអំពាវនាវឲ្យមានរួបរួមគ្នា ដើម្បីដោះស្រាយចំពោះបញ្ហាកង្វះហិរញ្ញប្បទាន ដែលសហគ្រិនភាគច្រើន បានជួបប្រទះ និងបានលើកទឹកចិត្ត សហគ្រិនទាំងអស់ ធ្វើការផ្លាស់ប្តូររចនាសម្ព័ន្ធ នៃគំរូអាជីវកម្មតាមបែបឆ្នៃប្រឌិត ដើម្បីឈានទៅរកការធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្ម និងការវិនិយោគឆ្លងកាត់ព្រំដែន។

​លោក តូហ្វែល អាមេត បានលើកឡើងអំពីការវិវឌ្ឍ នៃពាណិជ្ជកម្មសាកលក្នុងរយៈពេល​២៥ឆ្នាំចុងក្រោយ តាមរយៈការផ្លាស់ប្តូរនៃបច្ចេកវិទ្យា និងការដាក់ចេញគោលនយោបាយបើកចំហរសេដ្ឋកិច្ច និងពាណិជ្ជកម្មនៅតាមប្រទេសភាគច្រើន ដែលនាំទៅរកការបំលាស់ទីនៃក្រុមហ៊ុនតូចធំ បង្កើតបានជាបណ្តាញផលិតកម្មសាកល។

លោក តូហ្វែល អាមេត បានសង្កត់ធ្ងន់អំពីសារៈសំខាន់ នៃការផ្តល់ហិរញ្ញប្បទានដល់សហគ្រាសធុនតូច និងធម្យម ដើម្បីពង្រឹងសង្វាក់តម្លៃសាកល និងបង្កើនលំហូរពាណិជ្ជកម្មអន្តរជាតិ។

ជាមួយគ្នានោះ លោក ម៉ាប៊ូប៊ួរ រ៉ាម៉ាន់ បានលើកឡើងអំពីការវិវឌ្ឍនៃបច្ចេកវិទ្យា ដែលបានបម្រើដល់ការអភិវឌ្ឍខ្សែសង្វាក់តម្លៃសាកល និងការសម្រួលហិរញ្ញប្បទានពាណិជ្ជកម្ម ហើយលោក​បានគូសបញ្ជាក់ ពីការចូលរួមរបស់សភាពាណិជ្ជកម្មអន្តរជាតិ ក្នុងការអនុវត្ត​គម្រោងកិច្ចសម្រួលពាណិជ្ជកម្ម និងការពង្រឹងសមត្ថភាពរបស់គ្រឹះស្ថានហិរញ្ញវត្ថុ នៅតាមបណ្តាប្រទេសអាស៊ី ដើម្បីផ្តល់ហិរញ្ញប្បទានដល់សហគ្រាសធុនតូច និងមធ្យម ដើម្បីធ្វើសមាហរណកម្មទៅក្នុងប្រព័ន្ធពាណិជ្ជកម្មសាកល។

បន្ថែមពីនេះ លោកស្រី អ៊ុក ម៉ាលី ទេសាភិបាលរងធនាគារជាតិ បានលើកឡើងអំពីសារៈសំខាន់ នៃខ្សែសង្វាក់តម្លៃសាកល សម្រាប់រក្សាលំនឹងពាណិជ្ជកម្មអន្តរជាតិ ផ្តល់នូវគំនិតច្នៃប្រឌិតថ្មីៗ ដើម្បីបម្រើការអភិវឌ្ឍ វិនិយោគ និងឱកាសការងារជុំវិញពិភពលោក។ លោកស្រី អ៊ុក ម៉ាលី ក៏បានគូសបញ្ជក់ពីតួនាទី របស់ធនាគារជាតិ ក្នុងការចូលរួមអភិវឌ្ឍខ្សែសង្វាក់តម្លៃ តាមរយៈការផ្តល់លិខិតឥណទាន ដែលជាសេវាហិរញ្ញប្បទានពាណិជ្ជកម្ម ដ៏ពេញនិយមនៅកម្ពុជា អាចជួយកាត់បន្ថយហានីភ័យផ្សេងៗរបស់សហគ្រាសធុនតូច និងធម្យម។

សូមបញ្ជាក់ថា សិក្ខាសាលាស្តីពីពាណិជ្ជកម្មហិរញ្ញវត្ថុអន្តរជាតិ និងការអភិវឌ្ឍសង្វាក់តម្លៃសាកល គឺជាកិច្ចសហការរៀបចំ រវាងវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវនៃក្រសួងពាណិជ្ជកម្ម សហការជាមួយ សភាពាណិជ្ជកម្មអន្តរជាតិនៃប្រទេសបង់ក្លាដែស។

សិក្ខាសាលានេះ នឹងប្រព្រឹត្តិទៅរយៈពេល​២ថ្ងៃ ដើម្បីលើកម្ពស់ការយល់ដឹងរបស់វិស័យឯកជន ជាពិសេសសហគ្រាសធុនតូច និងធម្យម ទៅលើទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិ និងហិរញ្ញវត្ថុ និងការអភិវឌ្ឍខ្សែសង្វាក់តម្លៃសាកល៕