(ភ្នំពេញ)៖ ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB) និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨នេះ បានចុះអនុស្សរណៈយោគយល់គ្នាមួយ ដើម្បីសហប្រតិបតិ្តការ លើសេវាផ្ទេរប្រាក់ក្រៅប្រទេស ជូនដល់អតិថិជន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី ក្រោមការអនុញ្ញាតពីធនាគារជាតិនៃកម្ពុជា។ ឥឡូវនេះ អតិថិជនអាចរីករាយទទួលប្រាក់ពីបង ប្អូន សាច់ញាតិ ឬដៃគូអាជីវកម្មនៅក្រៅប្រទេសដែលមានសុវត្ថិភាពខ្ពស់ សេវាលឿនរហ័ស និងតម្លៃសមរម្យ។

កិច្ចសហប្រតិបតិ្តការរវាងស្ថាប័នទាំងពីរនេះ ជាសញ្ញាវិជ្ជមានមួយបន្ថែមទៀតក្នុងវិស័យធនាគារ ដើម្បីបំពេញតម្រូវការរបស់អតិថិជនជិត៧០ម៉ឺននាក់ របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី នៅតាមការិយាល័យប្រតិបត្តិការចំនួន១៥០កន្លែង និងមានភ្នាក់ងារផ្ទេរប្រាក់ អេ អឹម ខេ ជាង៣.០០០កន្លែង នៅទូទាំងប្រទេស ដែលត្រូវការសេវាផ្ទេរប្រាក់ពីក្រៅប្រទេស។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរួមរបស់ស្ថានប័នទាំង២ ដែល Fresh News ទទួលបាននៅរសៀលថ្ងៃទី២៦ ខែមេសានេះ។

សេចក្តីប្រកាសព័ត៌មានដដែលបានបញ្ជាក់ថា ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា ជាធនាគារពាណិជ្ជដំបូងគេ និងមានទំនុកចិត្តខ្ពស់ពីអតិថិជន ជាពិសេសភាពខ្លាំងរបស់ធនាគារ ក្នុងការវិនិយោគលើបច្ចេកវិទ្យាថ្មីៗនៅពេលបច្ចុប្បន្ន។ ដោយឡែក អេ អឹម ខេ ភីអិលស៊ី ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឈានមុខគេមួយ មានបណ្តាញទូលំទូលាយទូទាំងប្រទេស។

ការចាប់ដៃគូនេះនឹងផ្តល់ភាពងាយស្រួល និងអត្ថប្រយោជន៍ជូនប្រជា ពលរដ្ឋខ្មែរយើងដែលមានអាជីវកម្ម ឬ ធ្វើការនៅក្រៅប្រទេស ហើយចង់ផ្ញើប្រាក់មកឲ្យឱពុកម្តាយ ឬបងប្អូន ឫដៃគូនៅស្រុកខ្មែរដែលភាគច្រើននៅទីជនបទ។ សេវានេះផ្តល់ភាពងាយស្រួល មានសុវត្ថិភាព ចំណេញពេលវេលា និងមិនចំណាយសោហ៊ុយធ្វើដំណើរ ដោយពួកគាត់អាចទៅដកប្រាក់នៅជិតផ្ទះគាត់បាន។ សេវាផ្ទេរប្រាក់នេះ ក៏អាចឲ្យប្រជាពលរដ្ឋទទួលប្រាក់ និងផ្ទេរប្រាក់ទៅមកគ្រប់ប្រទេស ដោយសារធនាគារ FTB មានដៃគូជាមួយធនាគារធំៗនៅជុំវិញពិភពលោក៕