(ត្បូងឃ្មុំ)៖ ឆ្លើយតបចំពោះសេចក្តីអំពាវនាវរបស់សម្ព័ន្ធយុវជនមុស្លិមកម្ពុជាថ្នាក់កណ្តាល និង​ខេត្តត្បូងឃ្មុំ គណៈអ៊ីម៉ាំខេត្ត និងគណៈគ្រប់គ្រងគ្រូខ្មែរ​ឥស្លាម ខេត្តត្បូងឃ្មុំ ក្រុមការងារគណៈអ៊ីម៉ាំខេត្ត និងយុវជនបានចុះសួរសុខទុក្ខ ព្រមទាំងបាននាំយកអំណោយសង្រ្គោះបន្ទាន់ ជូនជនរងគ្រោះដោយអគ្គីភ័យ ចំ​នួន​០៦គ្រួសារ នៅភូមិទួលថ្មី ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ពិធីនោះក៏មានការចូលរួមពី លោក កេង ប៊ុនណា អភិបាល​ស្រុកត្បូងឃ្មុំ, លោក ម៉ូត យូសុះ អ៊ីម៉ាំខេត្ត និងជាប្រធានក្រុមការងារ ស.ស.យ.ក ឥស្លាមខេត្តត្បូងឃ្មុំ, លោក ម៉ាត់ ហ្គោហ្វូត ប្រធានសម្ព័ន្ធយុវជនមុស្លិមខេត្តត្បូងឃ្មុំ, លោក នី ស៊ុល អ៊ីម៉ាំស្រុកត្បូងឃ្មុំ និងលោក យ៉ា ម៉ាត់ អ៊ីម៉ាំស្រុកពញាក្រែក​ និងមន្ដ្រីជាក់ព័ន្ធផ្សេងទៀតផងដែរ។

អំណោយដែលបានផ្តល់ជូនជនរងគ្រោះខាងលើ ក្នុងមួយគ្រួសារទទួលបាន ថវិកា ២,៧៥០,០០០រៀល, អង្ករ៥០គីឡូក្រាម, ទឹកសុទ្ធ ១ធុង (២០លីត្រ), មីកញ្ចប់​១កេស, កញ្ចប់អាហារ​១កញ្ចប់ និងសម្លៀកបំពាក់មួយចំនួន​ សរុបជាថវិកា​អស់​១៧​,៦២៥,០០០រៀល។

ថវិកាទាំងអស់នេះ ទទួលបានពីការចូលរួមបរិច្ចាកពី គ្រូបង្រៀនខ្មែរឥស្លាមទូទាំងខេត្តត្បូងឃ្មុំ, សមាជិក ស.ស.យ.ក ឥស្លាមខេត្តត្បូងឃ្មុំ, សម្ព័ន្ធយុវជនមុស្លិមកម្ពុជាខេត្តត្បូងឃ្មុំ និងកំពង់ចាម, សាសនិកឥស្លាមទូទាំងខេត្តត្បូងឃ្មុំ, សម្ព័ន្ធយុវជនមុស្លិមកម្ពុជាថ្នាក់កណ្តាល​។

តំណាងថ្នាក់ដឹកនាំឥស្លាម លោកឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី នៅថ្ងៃទី​២៦ ខែមេសា ឆ្នាំ២០១៨នេះ ក្នុងនាមថ្នាក់ដឹកនាំឥស្លាម និង​ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សូមចូលរួមរំលែកទុក្ខចំពោះគ្រួសារជនរងគ្រោះខាងលើ ហើយ​លោកក៏កំពុងបន្តព្យាយាមតាមលទ្ធភាព​ទាំងក្នុង និងក្រៅស្រុក ដើម្បីដោះស្រាយទុក្ខលំបាករបស់គ្រួសារខាងលើ​។

លោក អូស្មាន ហាស្សាន់ ក៏បានកោតសរសើរដល់ថ្នាក់ដឹកនាំ គណៈអ៊ីម៉ាំ ខេត្តត្បូងឃ្មុំ ស្រុក និង​ភូមិទូទាំងខេត្ត យុវជន គ្រូ ក៏ដូចជាសប្បុរសជននានា ទូទាំងប្រទេស និងក្រៅស្រុក ដែលបានស្រុះដៃគ្នា ដោះទុក្ខលំបាកដល់គ្រួសាររងគ្រខាងលើជាបន្ដបន្ទាប់។

គួរបញ្ជាក់ថា ​គ្រោះអគ្គិភ័យ​ខាងលើ កើតឡើងទៅលើគ្រួសារខ្មែរឥស្លាម០៦គ្រួសារ ស្ថិតនៅភូមិទួលថ្មី ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី​១៨ ខែមេសា ឆ្នាំ២០១៨ ដោយមូលហេតុ​ទុសេរខ្សែរភ្លើង ហើយឆាបឆេះរាលដាលរហូតដល់ផ្ទះចំនួន០៦ខ្នង គ្មានសល់អ្វីទាំងអស់ ក្នុងនោះមាស ប្រាក់ ជាច្រើន​ក៏ត្រូវភ្លើងលេបត្របាក់គ្មានសល់អ្វីសោះឡើយ៕