(​បន្ទាយ​មាន​ជ័យ​)​៖​ ពលករ​ប្រុស​ស្រី​ ក្មេង​ចាស់​ប្រមាណជិត១០០​នាក់ បានមកសម្រាកក្បែ​ច្រករបៀង​ខុសច្បាប់ រង់​ចាំ​រថយន្ត​មេខ្យល់​មកទទួល​ទៅ​ធ្វើការ ​នៅ​ប្រទេស​ថៃ ដោយខុសច្បាប់ ត្រូវបានលោក​ សួន​ បវរ​ អភិបាល​ខេត្ត​ ​សហការ​ជាមួយ​កម្លាំងមន្ត្រីជំនាញ ដែល​ឈរជើង​នៅ​តំបន់​នោះ​ ទៅ​ពិនិត្យ​មើល​ជាក់ស្តែង​ និង​ប្រមូលផ្តុំ​ពួកគាត់​ ដើម្បី​ធ្វើការ​អប់រំ​ណែនាំ​ និងឲ្យទៅ​ផ្ទះ​វិញ។

ហេតុការណ៍នេះដែរ លោក​ សួន​ បវរ​ អភិបាល​ខេត្តបន្ទាយមានជ័យ​ បាន​ឲ្យ​សារព័ត៌មាន​​ដឹង​នៅ ​ព្រឹក​ថ្ងៃ​ទី​២៦​ ខែមេសា​ ឆ្នាំ​២០១៨នេះថា​​ ​លោកនឹង​ឲ្យ​ស្នងការ​ខេត្ត​សហការ​ជាមួយ​កម្លាំង​វរៈព្រំដែន ​ដែល​ឈរជើង​នៅ​តំបន់​នោះ​ ត្រូវ​ពិនិត្យ​មើលឯកសារ ធ្វើ​យ៉ាងណា​ឲ្យ​ស្របច្បាប់​ឲ្យ​ពួក​គាត់ ដែលស្ថិតនៅស្រុក​ម៉ា​ឡៃ​ និងស្រុកអូរជ្រៅ ដើម្បីបាន​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​ដោយ​ស្របច្បាប់​ផងដែរ។​

លោកបានបន្តថា ពលករ​ចំណាក​ដោយ​ខុសច្បាប់​ទៅ​តាម​រយៈ​មេខ្យល់​ បាន​សម្រុក​ចេញ​តាម​ច្រករបៀង​ខុសច្បាប់​ (​ដើម​អំពិល​)​ ដែល​គ្រប់គ្រង​ដោយ​កម្លាំងយោធា​តំបន់​ប្រ​តិ​បត្ត​ការ​ស្រុក​ម៉ា​ឡៃ​ ពលករ​ចំណាកស្រុក​ កំពុង​ដេក​តាម​ព្រៃ​ចំការ​ប្រមាណ​ជិត​១០០​នាក់​ ដែល​រង់ចាំ​រថយន្ត​​មេ​ខ្យល់​ថៃមក​ទទួល​ ដើម្បីពេល​យប់​ចេញ​ទៅ​រក​ការងារ​ធ្វើ ​នៅ​ទីក្រុង​បាងកក ​ប្រទេស​ថៃ​។​

​លោកបានលើកឡើងទៀតថា តាមតំបន់ណា​ដែលលួច​បើក​ច្រករបៀង​ខុសច្បាប់ ​មិន​គោរព​តាម​បទបញ្ជា​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយក​រដ្ឋ​ មន្ត្រី​ក្រសួងមហាផ្ទៃ​ ដែល​បាន​ដាក់​វិធានការ​ដល់​អាជ្ញាធរ​ខេត្ត​ ក៏​ដូច​ជា​កងកម្លាំង​ដែល​ឈរជើង​តាម​បន្ទាត់​ព្រំដែន​ ចូល​លុប​បំបាត់​ច្រករបៀង​ល្មើសច្បាប់​ បើ​មាន​លួច​បើក​អាណា​ធិ​ប​តេ​យ្យ​តំបន់​ណា​តំបន់​នោះ ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​។​

ជាក់ស្តែង​បន្ទាប់​ពី​បុណ្យចូលឆ្នាំ​ថ្មី​មក ​ពលករ​ចំណាកស្រុក​ខុសច្បាប់​សម្រុក​ចេញ ​តាម​ច្រករបៀង​ខុសច្បាប់​ នឹង​កំពុង​ដេក​រង់​ចាំ​រថយន្ត​មេខ្យល់​ថៃ ​មក​ទទួលយក​ទៅ​ធ្វើការដែល​សកម្មភាព​នេះ​ បានកើតឡើងកាលពីថ្ងៃ​ទី​២៤​ ខែមេសា​ ឆ្នាំ​២០១៨​ ស្ថិត​ច្រករបៀង​ខុសច្បាប់ (​ដើម​អំពិល)​ ស្រុក​ម៉ា​ឡៃ​ និងស្រុក​អូរជ្រៅ​ ខេត្តបន្ទាយមានជ័យ​៕ ។

សូមបញ្ជាក់ផងដែរ ថា​ខេត្តបន្ទាយមានជ័យ​មាន​ព្រំដែន​កម្ពុជា​-​ថៃ​ ប្រវែង​ជាង​១៥៣​គីឡូម៉ែត្រ​ ហើយ​មាន​ជាប់​ ក្រុង​មួយ​ និង​ស្រុក៥​ ដែលក្នុងនោះរួម​មាន៖​ ១.​ស្រុក​ម៉ា​ឡៃ​ ២.​ស្រុក​អូរ​ជ្រៅ​ ៣.​ស្រុក​ថ្មពួក​ ៤.​ស្រុក​ស្វាយចេក​ និងទី៥.​ក្រុង​ប៉ោយ​ប៉ែ​ត។​ តែ​បើ​តាម​របាយការណ៍​អភិបាល​ខេត្តបន្ទាយមានជ័យ​ចាស់​ ច្រករបៀង​ខុសច្បាប់​ក្នុង​ខេត្តបន្ទាយមានជ័យ​មាន​ចំនួន​៦៣​កន្លែងផងដែរ​៕