(កំពង់ស្ពឺ)៖ អនុវត្តតាមដីការបស់ព្រះរាជអាជ្ញា កម្លាំងសមត្ថកិច្ចខេត្តកំពង់ស្ពឺ បានឃាត់ខ្លួនស្ត្រីម្នាក់ ក្នុងចំណោមបក្ខពួកជាច្រើន ដែលល្បីកក្រើកទីរួមខេត្តកំពង់ស្ពឺ ក្នុងករណីឆបោកប្រជាពលរដ្ឋ ដោយដើរចងការប្រាក់ និងខ្ចីប្រាក់ រួមទាំងចេញមូលប័ត្រ (សែក) គ្មានទឹកប្រាក់រាប់ម៉ឺនដុល្លារអាមេរិក។

លោកវរសេនីយ៍ឯក សម សាក់ នាយការិយាព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានថ្លែងប្រាប់ Fresh News នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨នេះ ឱ្យដឹងថា «ស្ត្រីជាសមាជិកក្រុមរកស៊ីដើរចងការប្រាក់ និងខ្ចីប្រាក់ដោយសន្យាសងគេវិញតាមរយៈ ចេញមូលទានប័ត្រគ្មានសាច់ប្រាក់របស់ធនាគារ រាប់ម៉ឺនដុល្លារអាមេរិក ក្នុងចេតនាឆបោក ត្រូវបានចាប់ខ្លួនបានម្នាក់ និងនៅសល់មេក្លោងជាច្រើននាក់ទៀត សមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ខ្លួន»

លោកវរសេនីយ៍ឯក សម សាក់ បានបន្តថា ក្រុមនេះត្រូវបានប្រជាពលរដ្ឋរងគ្រោះមកដាក់ពាក្យបណ្តឹងជាបន្តបន្ទាប់ និងទទួលបានបណ្តឹងចំនួន៣ករណី នៅស្នងការនគរបាលខេត្តកំពង់ស្ពឺ និងមានបណ្តឹងនៅសាលាដំបូងខេត្តកំពង់ស្ពឺ មួយចំនួនទៀត។ បើយោងតាមប្រភពពីក្រុមអ្នករកស៊ី និងអាជីវករមួយចំនួន បានបង្ហើបឱ្យដឹងថា ករណីក្រុមនេះ បានឆបោកពីពួកគាត់មិនតិចជាងលានដុល្លារទេ «ហើយក្រុមនេះមានខ្នងបង្អែកជាមន្ត្រីពេទ្យយោធា ឈ្មោះ ស៊ឹម ផល្លី»។

លោក សម សាក់ បានឲ្យដឹងបន្តទៀតថា ករណីចាប់សមាជិកក្រុមឆបោកប្រាក់រាប់ម៉ឺនដុល្លារ ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ ដោយបានការអនុញ្ញាតពីលោកព្រះរាជអាជ្ញា ទើបកម្លាំងការិយាល័យកំរិតធ្ងន់ខេត្ត ចុះឆែកឆេរនៅក្នុងហាងមួយក្នុងខេត្តកំពង់ស្ពឺ ឈានទៅឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលប្រើល្បិចយកមូលប្បទានប័ត្រគ្មានទឹកប្រាក់ ដើម្បីបោកប្រាក់ពីជនរងគ្រោះ រាប់ម៉ឺនដុល្លារ។ ជនសង្ស័យមានឈ្មោះ ភឿន សុភ័ន ភេទស្រី អាយុ២៥ឆ្នាំ រស់នៅភូមិព្រះខែ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

យោងតាមព័ត៌មានផ្សេងៗទៀត បានឱ្យដឹងថា ក្រុមនេះមានទាំងស្រី-ប្រុស ដើររកស៊ីតែមុខរបឆបោកនេះរាប់ឆ្នាំមកហើយ ដោយយកលេះខ្ចីលុយដើម្បីបង្វិលក្នុងមុខជំនួញ តែតាមពិតគឺល្បិចបោកប្រាស់ទាំងស្រុង និងរាប់លានដុល្លារឯណោះ។ ប្រភពមួយទៀតបានប្រាប់ឱ្យដឹងថាស្ត្រីឈ្មោះ ឌុច ចាន់រស្មី ក៏មានជាប់ពាក់ព័ន្ធនិងករណីនេះដែរ ហើយពេលនេះសមត្ថកិច្ចកំពុងស្រាវជ្រាវ លម្អិតស្វែងអ្នកពាក់ព័ន្ធមកផ្តន្ទាទោសតាមនីតិវិធីច្បាប់៕