(ភ្នំពេញ)៖ លោក គង់ មុនីកា កូនប្រុសពៅលោក គង់ គាំ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ដោយបង្ហាញថា ការបង្កើតគណបក្សឆន្ទៈខ្មែរ ផ្ដើមចេញពីក្រុមស្ថាបនិកចំនួន០៧រូប ទាំងសមាភាពអ្នកចូលរួមបង្កើតចំនួន៨០រូប និងការទទួលការចូលរួមពីមជ្ឈដ្ឋាននានាយ៉ាងសកម្ម។

សេចក្ដីប្រកាសព័ត៌មាន របស់ប្រធានគណបក្សថ្មីមួយនេះ ក៏បានសម្រេចដាក់ទីស្នាក់ការកណ្ដាល គណបក្សរបស់ខ្លួន នៅផ្ទះលេខ៧១ ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ពោលជាអតីតទីស្នាក់កណ្ដាលរបស់គណបក្ស សម រង្ស៊ី។

ជាមួយគ្នានេះ លោក គង់ មុនីកា ក៏បានបញ្ជាក់ផងដែរថា ក្រុមស្ថាបនិក បាននិងកំពុងរៀបចំ អគ្គលេខាធិការដ្ឋាន ដោយមានប្រធាន០១រូប អនុប្រធាន០១រូប អគ្គលេខាធិការ០១រូប អគ្គលេខាធិការរងយ៉ាងតិច០២រូប និងរៀបចំនាយកដ្ឋានមួយចំនួនទៀត។ នេះបើយោងតាមកិច្ចប្រជុំជាលើកដំបូងរបស់ខ្លួន ដែលប្រព្រឹត្តិទៅនៅវេលាម៉ោង០៨ព្រឹក ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨នេះ៕