(ភ្នំពេញ)៖ នៅវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានចូលជួបសំណេះសំណាល និងពិសារអាហារថ្ងៃត្រង់ជាមួយ ក្រុមសមាជិកសភាមិត្តភាព ជប៉ុន-មេគង្គ (J-Mekong Parliamentary Friendship Group) ដែលដឹកនាំដោយលោក រ្យូ ស៊ីអូណូយ៉ា (Ryu Shionoya) ដែលជាប្រធានក្រុមសមាជិក សភាមិត្តភាព ជប៉ុន-មេគង្គ ក្នុងបរិយាកាសស្និទ្ធស្នាល និងរាក់ទាក់។

ក្នុងជំនួបនេះ ប្រតិភូសភាមិត្តភាពមេគង្គកម្ពុជា ក៏បានសម្តែងនូវការរីករាយដែលបានជួបសំណេះសំណាល និងស្វាគមន៍នូវដំណើរមកកាន់ប្រទេសជប៉ុនរបស់លោកបណ្ឌិត។

ជាមួយគ្នានេះ ក៏បានវាយតម្លៃខ្ពស់អំពីការរីកចម្រើនរបស់កម្ពុជានាពេលបច្ចុប្បន្ន តាមរយៈទស្សនកិច្ចរបស់ក្រុមសភា ជប៉ុន-មេគង្គ នៅប្រទេសកម្ពុជានាពេលកន្លងមកនេះ។

ជាការឆ្លើយតបលោកបណ្ឌិត បានថ្លែងអំណរគុណដល់ជប៉ុនដែលតែងតែផ្តល់កិច្ចទំនាក់ទំនង សហប្រតិបត្តិការល្អលើគ្រប់វិស័យនាពេលកន្លងមកទាំងស្ថាប័នរដ្ឋាភិបាល និងស្ថាប័នសភាផងដែរ និងស្នើសុំអោយជប៉ុន-កម្ពុជាបន្តពង្រឹងបន្ថែមនូវកិច្ចសហប្រតិបត្តិការនេះ៕