(ជប៉ុន)៖ នៅវេលាម៉ោង៤៖២០រសៀល ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨នេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានចូលជួបសម្ដែងការគួរសមជាមួយលោក ស៊ីនហ្សូ អាបេ (Shinzō Abe) នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន នាទីស្តីការនាយករដ្ឋមន្ត្រី។
ក្នុងជំនួបនេះនាយករដ្ឋមន្ត្រីជប៉ុន បានស្វាគមន៏ចំពោះដំណើរទស្សនកិច្ចរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត មកប្រទេសលើកនេះ គឺឆ្លើយតបទៅនឹងការអញ្ជើញរបស់លោកក្នុង ជំនួបផ្ទាល់ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) លើកទី១១ នៅប្រទេសម៉ុងហ្គោលីនាពេលកន្លងមក ហើយលោកសង្ឃឹមថា តាមរយៈដំណើរទស្សនកិច្ចនេះ នឹងធ្វើឲ្យទំនាក់ទំនងកិច្ចសហប្រតិបត្តិការជប៉ុន-កម្ពុជា នឹងត្រូវបានពង្រឹងពង្រីកថែមទៀត។
លោកនាយករដ្ឋមន្ត្រីជប៉ុន ក៏បានបញ្ជាក់ជំហរយ៉ាងច្បាស់លាស់ថា ជប៉ុននៅតែបន្តគាំទ្រដំណើរការបោះឆ្នោតនៅកម្ពុជា ហើយបានលើកនូវយោបល់មួយចំនួនដើម្បីឲ្យកម្ពុជា យកទៅពិចារណាក្នុងគោលបំណងធានាឲ្យការបោះឆ្នោតនាខែកក្កដាខាងមុខនេះ ប្រព្រឹត្តទៅដោយ សេរី យុត្តិធម៌ និងឆ្លុះបញ្ចាំងអំពីឆន្ទះប្រជាពលរដ្ឋ។
លោកបណ្ឌិតបានថ្លែងអំណរគុណដល់ លោកនាយករដ្ឋមន្ត្រីជប៉ុនដែលបានរៀបចំឲ្យរូបលោកបានមកបំពេញទស្សនកិច្ចនាពេលនេះ និងផ្តល់កិត្តិយសអនុញ្ញាតិឲ្យរូបលោក បានចូលជួបសំដែងការគួរសមនាពេលនេះ។ ជាមួយគ្នានេះលោកបណ្ឌិតសង្ឈឹមថា កិច្ចសហប្រតិបត្តិការជប៉ុន-កម្ពុជា នឹងត្រូវបានពង្រឹងពង្រីកថែមទៀត ហើយលោកបណ្ឌិត បានថ្លែងអំណរគុណដល់ជប៉ុនដែលប្រកាន់ជំហរច្បាស់លាស់បន្តគាំទ្រដំណើរការបោះឆ្នោតនៅកម្ពុជា នាខែកក្កដាខាងមុខនេះ៕