(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ បានសម្តែងការត្រេកអរយ៉ាងខ្លាំង ចំពោះកិច្ចសន្ទនា រវាងថ្នាក់ដឹកនាំកំពូលនៃប្រទេសកូរ៉េទាំងពីរ ដែលនឹងប្រព្រឹត្តិទៅ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ស្អែកនេះ នៅព្រំដែននៃប្រទេសកូរ៉េខាងជើង និងខាងត្បូង។

សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងបែបនេះ នៅក្នុងកាសសម្តេចអនុញ្ញាតឱ្យឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​កូរ៉េ ប្រចាំ​កម្ពុជា លោក គីម ហាន់ ស៊ូ (Kim Han Soo) ជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួន នៅរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨នេះ នៅទីស្តីការក្រសួងការពារជាតិ។

ជាមួយគ្នានេះ សម្តេចពិជ័យសេនាទៀ បាញ់ បានថ្លែងយ៉ាងដូច្នេះថា «កម្ពុជាពិតជាត្រេកអរយ៉ាងខ្លាំងដោយបានឃើញបងប្អូនគួរសត្រូវ នៃប្រទេសទាំងពីរ ស្វែងរកការចរចារគ្នា ដោយសន្តិវិធី និងប្រកបដោយសុឆន្ទៈបំផុតនោះ»។

សូមរំលឹកថា លោក គីម ជុងអ៊ុន ប្រមុខរដ្ឋកូរ៉េខាងជើង និងលោក ម៉ូន ជែអ៊៊ន ប្រធានាធិបតីកូរ៉េខាងត្បូង នឹងជួបពិភាក្សាគ្នាលើកដំបូង នៅតំបន់ព្រំដែនប្រទេសទាំងពីរ នៅភូមិ Panmunjom ប៉ែកទឹកដី​កូរ៉េខាងត្បូង ដើម្បីស្វែងរកសន្តិភាព នៃប្រទេសទាំងពីរ និងលុបចោលការផលិតអាវុធនុយក្លេអ៊ែ និងគ្រាប់មីស៊ីល។ កិច្ចជំនួបនេះត្រូវបានកម្ពុជា ក៏ដូចជាពិភពលោកសម្តែងការត្រេកអរយ៉ាងខ្លាំងដោយរំពឹងថា នឹងទទួលបានជោគជ័យផងដែរ។

ទាក់ទងនឹងកិច្ចជំនួបចរចារនេះ លោក Oh Nak -young ឯកអគ្គរាជទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា បានសម្តែងអំណរអគុណ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានគាំទ្រប្រកបដោយសុឆន្ទៈផងដែរ៕